កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក
ជំងឺមហារីកអាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយការពារ និងប្រឆាំងនឹងជំងឺមហារីកបានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក?

១. ផ្លែឈើអម្បូរបឺរី
ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសួត ក្រពះ និងមាត់។ នេះបើតាមការសិក្សារាប់រយរបស់មូលនិធិស្រាវជ្រាវមហារីកពិភពលោក និងវិទ្យាស្ថានអាមេរិកសម្រាប់ការស្រាវជ្រាវមហារីក។
២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ
ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។
៣. បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ ការប្រែប្រួល DNA ក្នុងរាងកាយអាចប្រែក្លាយកោសិកាធម្មតាទៅ ជាកោសិកាមហារីក។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៤. សណ្តែក
សណ្តែកសម្បូរទៅដោយសារធាតុ៖
- Protease inhibitors, Phytates៖ អាចពន្យឺត និងការលូតលាស់ដុំសាច់
- ម៉ង់ហ្គាណែស៖ ជួយបង្កើតអង់ស៊ីមការពារកោសិកាពីការបំផ្លាញ
- Kaempferol និង Quercetin៖ មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក
- សារធាតុ Flavonoids៖ មាននៅក្នុងស្រទាប់សណ្តែកខាងក្រៅក៏ជាសារធាតុប្រឆាំង អុកស៊ីតកម្មដ៏អស្ចារ្យដែរ។
៥. អាស៊ីដខ្លាញ់អូមេហ្កា ៣
អាស៊ីដខ្លាញ់អូមេហ្កា ៣ មានក្នុងផ្លែប័រ គ្រាប់ខួរក្បាល គ្រាប់ឈៀ ប្រេងអូលីវ ត្រីសាល់មុន ត្រីធូណាជាដើម អាចកាត់បន្ថយទំហំនៃដុំសាច់មហារីក។ រាងកាយយើងត្រូវការអាស៊ីដខ្លាញ់ អូមេហ្កា ៣ សម្រាប់ដំណើរការប្រព័ន្ធសរសៃប្រសាទ និងអភិវឌ្ឍកោសិកា។ ការស្រាវជ្រាវបាន រកឃើញថា អាស៊ីដខ្លាញ់អូមេហ្កា ៣ អាចកាត់បន្ថយការប្រមូលផ្តុំកោសិកាឈាមស ភាពតានតឹងអុកស៊ីតកម្ម (Oxidative stress) ក៏ដូចជាការរលាកទូទៅ ដែលជំនួយដល់ការ កាត់បន្ថយការរីកលូតលាស់នៃដុំសាច់មហារីក។
៦. អាហារសម្បូរសារធាតុ Carotenoids
សារធាតុប្រឆាំងអុកស៊ីដកម្ម Carotenoids សម្បូរនៅក្នុងអាហារមានពណ៌ទឹកក្រូច និងក្រហម ដូចជា ការ៉ុត ប៉េងប៉ោះ ល្ហុង ដំឡូងជ្វា មើមយេនជាដើម។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយ ការពារកោសិការពីការខូចខាតដែលអាចប្រែក្លាយទៅជាកោសិកាមហារីក។
ថ្វីត្បិតតែអាហារដូចរៀបរាប់ខាងដើមអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក តែជំងឺ មហារីកអាចបង្កឡើងដោយកត្តាជាច្រើន។ អ្នកវិទ្យាសាស្រ្ត និងគ្រូពេទ្យបានណែនាំថា ដើម្បី កាត់បន្ថយជំងឺមហារីក យើងត្រូវចៀសវាងអាហារ និងកត្តាបង្កជំងឺមហារីក រក្សាគីឡូឱ្យស្ថិតក្នុង រង្វង់ល្អចំពោះសុខភាព និងហាត់ប្រាណជាប្រចាំ។
អត្ថបទគួរអាន៖
ចំណុចសំខាន់
- ផ្លែឈើអម្បូរបឺរី
- ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ
- បន្លែស្លឹកបៃតង
- សណ្តែក
- អាស៊ីដខ្លាញ់អូមេហ្កា ៣
- អាហារសម្បូរសារធាតុ Carotenoids