ការស្រាវជ្រាវ នៃសាកលវិទ្យាល័យ Graz ប្រទេសអូទ្រីស បានសិក្សាទៅលើ ប្រភេទបាក់តេរីល្អ មានលើផ្លែប៉ោមសេរីរាង្គ (ដាំតាមធម្មជាតិ) និងផ្លែប៉ោម ដាំដោយកសិដ្ឋាន ហើយបាញ់ថ្នាំ។ ដោយពួកគេបានពិនិត្យ ញែកសាច់ប៉ោម សំបក គ្រាប់ និងភាគល្អិតតូចៗ ដើម្បីរកមើលបាក់តេរីល្អៗនៅក្នុងនោះ។

លទ្ធផលប្រៀបធៀបរកឃើញថា សាច់ប៉ោមដាំតាមធម្មជាតិ ពិតជាប្រភពជំរុញឲ្យមានបាក់តេរីល្អៗ សម្រាប់ទ្រទ្រង់រាងកាយមនុស្ស ជាងប៉ោម ដាំតាមកសិដ្ឋាន និងបានដោយបាញ់ថ្នាំសម្លាប់សត្វល្អិត។ ជាមួយគ្នានេះ ក្រុមអ្នកវិទ្យាសាស្រ្ត ក៏បានរកឃើញផងដែរ នូវចំណុចសំខាន់របស់ប៉ោម សម្បូរដោយប្រភពបាក់តេរីល្អនោះ គឺស្នូលកណ្តាលផ្លែប៉ោម បូករួមទាំងគ្រាប់តូចៗ មានផ្ទុកបាក់តេរីល្អរហូត ៩០% ខណៈមនុស្សភាគច្រើន ដែលញ៉ាំយល់ច្រឡំ ហើយបោះចោលស្នូល និងគ្រាប់ ហើយអាចទទួលបានបាក់តេរីល្អទាំងនោះ ត្រឹមប្រមាណ ១០% ប៉ុណ្ណោះ ពីផ្លែប៉ោម ព្រោះភាគច្រើនមិនដឹងពីគុណប្រយោជន៍របស់វា។