ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ

    ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ

    នៅ​ពេល​ដែល​យើង​ចេញ​ដើរ​លេង វា​ពិបាក​ណាស់​ទៅ​ហើយ​ក្នុង​ការ​ថែ​ទាំ​រាងកាយ និង​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​នៅ​ពេល​ត្រូវ​ដើរ​លេង​ពេល​ថ្ងៃ​ឈប់​សម្រាក​យូរ​ជា​ដើម។ ជឿ​ថា មាន​គ្នា​យើង​ខ្លះ បើ​ដើរ​លេង​ច្រើន​ផង ឬ​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​ច្រើន​ទៀត ច្បាស់​ជា​ឈឺ មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន ហើយ​បែរ​ជា​ដើរ​លេង​លែង​កើត​វិញ។ ហេតុ​នេះ​ហើយ បើ​យើង​ចេះ​តិចនិក​មើល​ថែ​សុខភាព​បាន​ល្អ ទោះ​ដើរ​លេង​ច្រើន​ថ្ងៃ ច្រើន​កន្លែង​ក៏​សុខភាព​មិន​ចុះ​ខ្សោយ​ដែរ។

    ១.គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    អ្នក​ណា​ក៏​ដូច​អ្នក​ណា ឲ្យ​តែ​ពេល​បាន​ទៅ​ដើរ​លេង ដឹង​តែ​សប្បាយ​ចិត្ត​ពេក រហូត​ខ្លះ​គេង​មិន​លក់​ក៏​មាន។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន វិល​មុខ និង​អាច​ប៉ះពាល់​ដល់​អារម្មណ៍​បាន។ ពេល​យប់មុនដើរ យើង​គួរ​គេង​ឲ្យ​បាន ៦-៩​ម៉ោង ឬ​បើ​គេង​មិន​បាន​ច្រើន​ពេល​យប់ យើង​អាច​សម្រាក​នៅ​តាម​ផ្លូវ​ជំនួស​ក៏​បាន។

    ២.ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អ

    ពេល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ដល់​គោល​ដៅ យើង​មិន​សូវ​ខ្វាយ​ខ្វល់​នឹង​អាហារ​ដែល​យើង​ញ៉ាំ​ទេ ភាគច្រើន​​គិត​ថា ញ៉ាំ​អី​ក៏​បាន​ឲ្យ​ឆ្អែត​ៗ​ពោះ​ទៅ ជា​ពិសេស​អាហារ​ពេល​ព្រឹក។ តែ​យើង​ត្រូវ​ដឹង​ថា អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​ជាង​គេ​ក្នុង​មួយ​ថ្ងៃៗ ហេតុ​នេះ ​គួរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អៗ ជួយ​ផ្ដល់​ថាមពល ដើម្បី​កុំ​ឲ្យ​យើង​ឆាប់​អស់​កម្លាំង​តាម​ផ្លូវ។

    ៣.ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

    យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​បើ​អាច​គួរ​តែ​ញ៉ាំ​ថ្នាំ​វីតាមីន​បំប៉ន​បន្ថែម ជា​ពិសេស​សម្រាប់​គ្នា​យើង​ណា​ដែល​ត្រូវ​ជិះ​យន្តហោះ ឬ​ឡាន​​មាន​មនុស្ស​ច្រើន។ យក​ល្អ ញ៉ាំ​ទឹក និង​ពពួក​វីតាមីន C ដើម្បី​ជួយ​ការពារ​ខ្លួនពី​ជំងឺ​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​ថ្ងៃ​សប្បាយ​របស់​យើង។

    ៤.ធ្វើ​ចលនា​រាង​កាយ​ឲ្យ​បាន​ច្រើន

    មាន​គ្នា​យើង​ខ្លះ ពេល​ទៅ​ដើរ​លេង​ម្ដងៗ​មិន​សូវ​ជា​ធ្វើ​ចលនា​រាងកាយ បញ្ចេញជាតិ​ពុល​ចេញ​ក្នុង​ខ្លួន​ទេ។ ម៉្យាង​វិញ ពេល​ទៅ​ដើរ​លេង ​ពិបាក​ហាត់​ប្រាណ​ទៀត ប៉ុន្តែយើង​អាច​បញ្ចេញ​ញើស​បន្តិច​បន្តួច ដោយ​ការ​ដើរ​មើល​ទេសភាព ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់ ឬ​ប្រើ​អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ ឬ​ដើរ​ពេល​ព្រឹក​ព្រលឹម​ក៏​បាន។

    ៥.គ្រប់គ្រង​ស្ត្រេស

    ជួន​កាល ពេល​​ដើរ​លេង​ឃើញ​មនុស្ស​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​អារម្មណ៍​បែរ​ជា​ធុញ កើត​ស្ត្រេស​វិញ។ ដូច​នេះ បើ​កើត​ស្ត្រេស​ពេល​ដើរ​លេង យើង​អាច​រក​កន្លែង​ស្ងាត់ៗ មិន​សូវ​សម្បូរ​មនុស្ស ឬ​អាច​ធ្វើ​សមាធិ ឬ​មួយ​យូហ្កា​ពេល​ព្រឹក​ព្រលឹម ដើម្បី​រំសាយ​អារម្មណ៍​ក៏​ល្អ។

    បន្ថែម​ពី​លើ​នេះ ពេល​យើង​ទៅ​ដើរ​លេង មិន​ត្រូវ​ភ្លេច​លាង​ដៃ​ជា​មួយ​សាប៊ូ ឬ​ជែល​ឲ្យ​បាន​ញឹក​ញាប់ រក្សា​គម្លាត​ពី​មនុស្ស​ដទៃ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង ជំងឺ​កូវីដ-១៩។​​​

    ដើរព្រៃបោះតង់

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://traveltips.usatoday.com/stay-healthy-during-holiday-travel-20980.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 29/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត