អ្នកជំនាញអង្គការសុខភាពពិភពលោកកាលពីយប់មិញបានបញ្ជាក់ជាថ្មីថាអ្នកឆ្លងវីរុស COVID-19 ទោះមិនចេញរោគសញ្ញាក៏អាចឆ្លងទៅកាន់អ្នកផ្សេងបានដែរ។ ការបញ្ជាក់ជាថ្មីនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់មន្ត្រីស្ថានប័នមួយនេះកាលពីថ្ងៃទី៨ ខែមិថុនា ថាអ្នកឆ្លងវីរុស COVID-19 មិនចេញរោគសញ្ញាគឺកម្រនឹងឆ្លងទៅអ្នកដទៃណាស់។
កាលពីថ្ងៃទី៨ ខែមិថុនា លោកស្រីMaria Van Kerkhove អ្នកជំនាញផ្នែកអេពីដឺមីសាស្រ្ត (epidemiology ) របស់WHO បានថ្លែងថាអ្នកឆ្លងវីរុសកូវីដ១៩ ដែលមិនចេញរោគសញ្ញាសោះគឺកម្រងនឹងឆ្លងទៅទៅអ្នកដទៃណាស់។ ក្រោយពីថ្លែងបែបនេះអ្នកវិទ្យាសាស្រ្តជាច្រើនបានប្រតិកម្មប្រឆាំងនឹងការលើកឡើងនេះ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីយប់មិញ WHO បានពន្យល់ជាថ្មីថាតាមពិតទៅមានមនុស្សឆ្លងវីរុសពីរក្រុមដែលអាចចម្លងវីរុសទៅកាន់អ្នកដទៃបាន។ ក្រុមទី១ គឺអ្នកឆ្លងវីរុសដែលមិនមានចេញរោគសញ្ញា ដូចជាក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ជាដើម ដែលអ្នកឆ្លងវីរុសកូវីដខ្លះគឺមិនចេញរោគសញ្ញា និងមិនដែលវិវត្តទៅជាមានរោគសញ្ញាសោះតែម្ដង។ ចំណែកក្រុមមួយទៀតគឺអ្នកដែលមិនទាន់ចេញរោគសញ្ញា មានន័យថាអ្នកទាំងនោះនឹងចេញរោគសញ្ញានៅពេលបន្ទាប់។
ក្នុងសេចក្ដីថ្លែងការបញ្ជាក់ថាការកំណត់ឲ្យដឹងច្បាស់ថាអ្នកណាម្នាក់ស្ថិតក្នុងក្រុមទាំងពីរខាងលើគឺពិបាកណាស់ ដោយថាខ្លួនកំពុងតែបន្តសិក្សាពីបញ្ហានេះរាល់ថ្ងៃ៕
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕