សូម្បីព្រះសង្ឃនៅវត្តអធ្វា ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ឥឡូវធ្វើចត្តាឡឺស័ក ១៤ ថ្ងៃ

    សូម្បីព្រះសង្ឃនៅវត្តអធ្វា ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ឥឡូវធ្វើចត្តាឡឺស័ក ១៤ ថ្ងៃ

    មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​គង់​នៅ​វត្ត​អធ្វា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង ព្រះ​អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​ឲ្យ​និមន្ត​ចេញ​ទៅ​ក្រៅ​ជា​បណ្ដោះ​អាសន្ន ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។

    ព្រះ​គ្រូ​វិជ័យ​រង្សី បណ្ឌិត ឡាច លាង ព្រះអនុគណ​​ក្រុង​សៀមរាប មាន​ថេរៈ​ដិកា​ថា អាជ្ញាធរ​ខេត្ត និង អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​គង់​នៅ​វត្ត​អធ្វា ក្នុង​ក្រុង​សៀមរាប និមន្ត​ចេញក្រៅ ឬ​ទទួល​ការ​និមន្ត​ទៅ​សូត្រ​មន្ត​ក្នុង​ពិធី​ផ្សេង​ៗ​នៅ​ខាង​ក្រៅ​ឡើយ បន្ទាប់ពី​គ្រួសារ​ដែល​មាន​វិជ្ជមាន COVID-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា បាន​ទៅ​រក​លោក​យាយ​ចុងភៅ​ក្នុង​វត្ត ដើម្បី​ស្រោចទឹក និង​ចង​អំបោះដៃ ទៅ​តាម​ជំនឿ​សាសនា​​របស់​ខ្មែរ ព្រោះ​ដោយ​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​នៃ​ការ​ឆ្លង​ជំងឺ COVID-19 និង​ដើម្បី​បង្ការ​ទប់ស្កាត់​កុំឲ្យ​មាន​ការ​រីក​រាល​ដាល​ធ្ងន់ធ្ងរ​ឆ្លង​ចូល​ក្នុង​សហគមន៍ ទើប​រដ្ឋបាល​ខេត្ត​សៀមរាប មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត សុំ​ផ្អាក​ព្រះសង្ឃ​ទាំង ២៦ អង្គ រយៈពេល ១៤ ថ្ងៃ មិន​ឲ្យ​និមន្ត​ចេញ​ក្រៅ រង់ចាំ​​មាន​ការ​ណែនាំ​ជា​ថ្មី បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ព្រះសង្ឃ​គ្រប់​អង្គ​មិន​មាន​ឆ្លង COVID-19 នេះ​ក៏​ដោយ ក៏​ត្រូវ​អនុវត្ត​តាម​វិធានការ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​មួយ​កន្លែង តាមការណែនាំរបស់អាជ្ញាធរខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត​ផង​ដែរ ។

    ក្នុងឱកាសនោះដែរ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង បានសំណូមពរដល់ព្រះសង្ឃនៅតាមវត្តអារាមនានា មិនគួរអនុញ្ញាតឲ្យ ភិក្ខុ សាមណេរ និមន្ដចេញក្រៅ ក្នុងករណីមិនចាំបាច់ ហើយក៏ត្រូវរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព ត្រូវមានឧបករណ៍វាស់កម្ដៅ មានសាប៊ូ ជេល ឬអាល់កុលសម្រាប់លាងសម្អាតដៃ ត្រូវពាក់ម៉ាស ក្រម៉ា និងត្រូវរក្សាគម្លាតបុគ្គល យ៉ាងតិចឱ្យបាន១ម៉ែត្រ​កន្លះ។
    សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៩ – ៣០ ខែវិច្ឆិកា និងថ្ងៃទី ០១ ខែធ្នូ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឆ្នាំ ២០២០ ក្នុងខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគ COVID-19 ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 03/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត