
ក្រុមអ្នកវិទ្យាសាស្រ្តបានតាមដានលើអាការៈរបស់អ្នកទទួលការផ្លាស់ប្ដូរតម្រងនោមនេះជាច្រើនចំណុច ដូចជាថាតើមានប្រតិកម្មរបស់រាងកាយមិនទទួលយកតម្រងនោមជ្រូកនេះឬអត់(ផ្សាំបរាជ័យ) មានឆ្លងវីរុសៗផ្សេងៗដែរទេ និងក៏ដូចជាផលរំខានដែលអាចកើតឡើងក្នុងដំណើរការប្ដូរតម្រងនោមជ្រូក មកមនុស្ស។
កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមវេជ្ជបណ្ឌិត ក៏បានធ្វើពិសោធន៍ប្រហាក់ប្រហែលគ្នានេះដែរ លើអ្នកជំងឺស្លាប់ខួរក្បាល តែកាលនោះធ្វើតែលើតម្រងនោមម្ខាង និងមិនបានដាក់ចូលក្នុងខ្លួនមនុស្សដូចពេលនេះទេ ហើយក៏ឃើញថាតម្រងនោមបានដំណើរការធម្មតាក្នុងរយៈពេលពិសោធន៍៥៤ម៉ោង។ បើតាមការពិសោធន៍ តម្រងនោមអាចចម្រោះជាតិពុលពីក្នុងឈាម និងផលិតទឹកនោមបានដោយមិនមានសញ្ញាពីការផ្សាំបរាជ័យឡើង។
តម្រងនោមជ្រូកដែលយកមកប្រើជំនួសតម្រងនោមមនុស្សនេះ គឺបានពីជ្រូកដែលក្រុមហ៊ុនចិញ្ចឹមតាមបែបបំប្លែងហ្សែន។ ដូចគ្នាដែរ កាលពីដើមខែមករា នេះក្រុមអ្នកវិទ្យាសាស្រ្តក៏បានប្រកាសពីភាពជោគជ័យលើការពិសោធន៍ផ្លាស់ប្ដូរបេះដូងមនុស្ស ជំនួសដោយបេះដូងជ្រូកនេះផងដែរ។