ការសិក្សាថ្មីមួយធ្វើឡើងផ្តោតសំខាន់កំណត់ផលប៉ះពាល់ក្នុងទម្លាប់រស់នៅ ការចំណាយសេវាសុខាភិបាលជាតិ និងកំណើនអ្នកស្លាប់នៅអង់គ្លេស ខណៈសិក្សាបន្ទាប់ផ្តោតសំខាន់លើក្រុមមនុស្សធ្វើការ ចាំបាច់ត្រូវហាត់ប្រាណ ១ ម៉ោង ដូចជា ដើរ ដើម្បីទប់ទល់នឹងផលប៉ះពាល់រយៈពេល ១ ថ្ងៃ នៅក្នុងការិយាល័យ។
អ្នកស្រាវជ្រាវបញ្ជាក់ថា ៣០% ក្នុងចំណោមមនុស្សពេញវ័យនៅអង់គ្លេស បានចំណាយពេលយ៉ាងតិច ៦ ម៉ោង/ថ្ងៃ ជាមួយការធ្វើសកម្មភាពតិចតួចប៉ុណ្ណោះអំឡុងថ្ងៃធ្វើការ និងកើនឡើងដល់ ៣៧% នៅថ្ងៃចុងសប្ដាហ៍។
ការសិក្សានេះ រួមមានទិន្នន័យពីការសិក្សាជាច្រើន ពិនិត្យភាពជំពាក់ជំពិនរវាងការអង្គុយយូរ និងហានិភ័យនៃជំងឺផ្សេងៗ។ គំរូសិក្សាដោយសាកលវិទ្យាល័យ Queen’s University បង្ហាញថា ពលរដ្ឋអង់គ្លេសជាង ៦.៩០០០នាក់ បានស្លាប់ក្នុងមួយឆ្នាំ ពាក់ព័ន្ធជាមួយនឹងការធ្វើសកម្មភាពតិចតួច។
អ្នកស្រាវជ្រាវបន្ថែមថា ផលប៉ះពាល់ក្នុងទម្លាប់រស់នៅ កាន់តែបង្កការប្រឈមខ្ពស់ជាមួយជំងឺជាច្រើន ដូចជា ជំងឺបេះដូង ទឹកនោមផ្អែម និងមហារីក សរុបទៅស្មើប្រមាណជិត ១ ប៊ីលានដុល្លារក្នុងការចំណាយសេវាសុខាភិបាលជាតិប្រចាំឆ្នាំ។