លោក Roberto Amato ដែលធ្វើការជាមួយក្រុមការងារ មកពីវិទ្យាស្ថាន Wellcome Sanger និងសាកលវិទ្យាល័យ Oxford របស់អង់គ្លេស រួមជាមួយសាកលវិទ្យាល័យ Mahidol របស់ថៃ បានបញ្ជាក់ថា ជំងឺគ្រុនចាញ់ស៊ាំនឹងថ្នាំ កំពុងរាលដាលនៅវៀតណាម ឡាវ ថៃ (ភាគខាងជើង) និងកម្ពុជា។ ក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញថា ប៉ារ៉ាស៊ីត KEL1/PLA1 ដែលបង្កជំងឺគ្រុនចាញ់ បានបម្លែងសេណេទិកថ្មី ដែលអាចស៊ាំនឹងថ្នាំ។

រយៈពេលប្រមាណ ១ទសវត្សចុងក្រោយ ការព្យាបាលជំងឺគ្រុនចាញ់ នៅតាមតំបន់ជាច្រើនក្នុងទ្វីបអាស៊ី ប្រើប្រាស់ថ្នាំ Dihydroartemisinin រួមគ្នាជាមួយថ្នាំ Piperaquine។ ការប្រើថ្នាំរួមផ្សំគ្នានេះ ទទួលជោគជ័យ ប្រសិនបើអ្នកជំងឺឆាប់ទៅព្យាបាលទាន់ពេល ប៉ុន្ដែជំងឺគ្រុនចាញ់ស៊ាំនឹងថ្នាំ កំពុងរាលដាលនៅតំបន់ជាច្រើន ក្នុងពិភពលោក ជាពិសេសតំបន់អាស៊ាន។