មានជំងឺលើសឈាម ច្បាស់ជាមានអារម្មណ៍តានតឹងខ្លះៗមិនខាន ពិសេសនៅពេលឃ្លានម្តងៗ ញ៉ាំនេះមិនបាន ញ៉ាំនោះមិនបាន ឲ្យតែរបស់ឆ្ងាញ់ សុទ្ធតែញ៉ាំមិនបាន។ មិនមែនអ៊ីចឹងទេ ទោះលើសឈាម ក៏ត្រូវតែញ៉ាំអាហារមានវីតាមីន ប្រូតេអ៊ីន រួមនឹងសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសុខភាពល្អឡើងវិញ គ្រាន់តែថា អាហារ ៣ប្រភេទនេះ គ្នាយើងមានជំងឺលើសឈាមចៀសបានក៏គួរចៀសដែរទៅ។
១- អាហារមានជាតិសូដ្យូម (អំបិល)ខ្ពស់
នៅពេលយើងសម្រេចចិត្តចេញទៅញ៉ាំអាហារនៅខាងក្រៅ គួរសួរខ្លួនយើងថា អាហារទាំងនោះរសជាតិដិតខ្លាំងល្អដូចជាអាហារក្នុងផ្ទះយើងអត់? គួរតែចំណាយប្រាក់ញ៉ាំដែរទេ? ហើយក៏គួរតែចាំដែរថា ពេលញ៉ាំអ្វីនៅខាងក្រៅ គួរញ៉ាំស៊ុប ទឹកជ្រលក់ ឬអាហារក្រែមបន្តិចបន្តួចបានហើយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
យ៉ាងណា ត្រូវចៀសវាងអាហារកំប៉ុង និងស៊ុប ព្រោះពពួកអាហារទាំងនេះ មានផ្ទុកជាតិសូដ្យូមយ៉ាងច្រើន ជាក់ស្តែងសណ្តែកកំប៉ុង មានផ្ទុកជាតិសូដ្យូមច្រើនជាង ៥០០មិល្លីក្រាមក្នុងមួយកំប៉ុង។ យ៉ាងណា ក៏នៅមានអាហារកំប៉ុងមួយចំនួន មានផ្ទុកជាតិសូដ្យូមតិចតួចដូចគ្នា។ គ្នាយើងអាចមើលទៅលើកំប៉ុងអាហារទាំងនោះ ស្វែងរកសញ្ញាដែលបញ្ជាក់ថាមានសុវត្ថិភាព និងជួយសុខភាពយើងល្អ។
ជាមួយគ្នានេះ ស៊ុបសណ្តែកក្រហមកក និងទឹកដោះគោសម្លាប់មេរោគរួច អាចញ៉ាំបានសម្រាប់គ្នាយើងមានជំងឺលើសឈាម ប៉ុន្តែដំឡូងបារាំងកញ្ចប់ សាច់កែច្នៃ និងអាហារក្លាស្សេ (ឆ្អិនស្រាប់) សុទ្ធតែផ្ទុកជាតិសូដ្យូមខ្ពស់។ នៅពេលយើងញ៉ាំសារធាតុនេះច្រើន នឹងធ្វើឲ្យសម្ពាធឈាមយើងកាន់តែឡើងខ្ពស់ នាំឲ្យកើនហានិភ័យសុខភាពជាច្រើន ពិសេសជំងឺសរសៃឈាមបេះដូងតែម្តង។
អត្ថបទពាក់ព័ន្ធ៖
- លើសសម្ពាធឈាម និងសម្ពាធឈាមឡើងខ្ពស់ ដូចគ្នាអត់?
- ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព
- ក្មេងក៏ដោយ អ្នកមានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
- ផឹកទឹកប៉េងប៉ោះ ១កែវ/ថ្ងៃ បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូល
២- ជាតិអាល់កុល
ការផឹកគ្រឿងស្រវឹងច្រើនពេក (ជាតិអាល់កុល) នឹងធ្វើឲ្យសម្ពាធឈាមកាន់តែខ្ពស់។ វេជ្ជបណ្ឌិតឯកទេសជំងឺលើសឈាម នៅសិង្ហបុរី ណែនាំថា ស្ត្រីគួរកាត់បន្ថយការផឹកគ្រឿងស្រវឹងយ៉ាងច្រើនត្រឹមតែ២ កែវ/ថ្ងៃ ខណៈប្រុសៗ អាចផឹកច្រើនបំផុតត្រឹម ៣ កែវ/ថ្ងៃ។ តាមស្តង់ដារផឹកគ្រឿងស្រវឹងសម្រាប់គ្នាយើងលើសឈាម អាចផឹកពី ២-៣ កំប៉ុង (ស្រាបៀរធម្មតាចំណុះ ២២០មិល្លីលីត្រ) ឬស្រាមួយកែវតូច។
៣- អាហារខ្លាញ់
ជំងឺលើសឈាម ភាគច្រើនទំនងជាកើតឡើងនៅពេលយើងលើសទម្ងន់ ។ យើងគួរតែរក្សាសន្ទស្សន៍ទម្ងន់ធៀបនិងកម្ពស់ (BMI) របស់ខ្លួន ឲ្យនៅចន្លោះ ១៨,៥-២២,៩ ដើម្បីធ្វើឲ្យរាងកាយមានទម្ងន់សមល្មម។ ចំពោះប្រុស ដែលមានរង្វង់ចង្កេះធំជាង ៩១សង់ទីម៉ែត្រ រីឯស្រីៗធំជាង ៨១សង់ទីម៉ែត្រ គឺប្រឈមខ្ពស់កើតជំងឺលើសឈាម។
វិធីសាស្ត្រល្អបំផុតជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព គឺកាត់បន្ថយការញ៉ាំអាហារខ្លាញ់។ ក្នុងខ្លាញ់មួយក្រាម មានផ្ទុក ៩កាឡូរី ខណៈកាបូអ៊ីដ្រាត និងប្រូតេអ៊ីនមានកម្រិតកាល់ឡូរីត្រឹមពាក់កណ្ដាលនៃកម្រិតខ្លាញ់ប៉ុណ្ណោះ។ ម្យ៉ាងទៀត គ្នាយើងអាចកាត់បន្ថយការញ៉ាំបាន តាមរយៈការកាត់បន្ថយញ៉ាំអាហារបំពង ក្រែម និងពពួកនំដុត (pastries)។
អ្វីកាន់តែចាំបាច់បំផុត ត្រូវកាត់បន្ថយការញ៉ាំខ្លាញ់ឆ្អែត ដែលជាសារធាតុបង្កើនហានិភ័យកកស្ទះសរសៃឈាមអាក់ទែ មានដូចជាពពួកខ្លាញ់ឆ្អែតសម្បូរនៅក្នុងសាច់ក្រហម និងផលិតផលសម្រាប់ចម្អិនអាហារ សម្បូរខ្លាញ់ និងប្រេង ដូចជាប្រេងដូងជាដើម។ យើងត្រូវជ្រើសយកសាច់ត្រី សាច់គ្មានខ្លាញ់ សត្វស្លាបគ្មានស្បែក និងទឹកដោះគ្មានជាតិខ្លាញ់ មកញ៉ាំជំនួសអាហារទាំងនោះ ដើម្បីជួយឲ្យសុខភាពយើងកាន់តែប្រសើរឡើងវិញ។
[embed-health-tool-heart-rate]