១. សម្រកទម្ងន់ និងតាមដានប្រវែងចង្កេះ
ជារឿយៗ បើយើងឡើងទម្ងន់ សម្ពាធឈាមក៏ឡើងតាមហ្នឹងដែរ។ កាលណាឡើងទម្ងន់ ក៏អាចរំខានដល់ការដកដង្ហើមពេលគេងបាន ជាហេតុបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់។ ដូចនេះ ការសម្រកទម្ងន់ជាវិធីមានប្រសិទ្ធភាពមួយ ជួយកាត់បន្ថយការឡើងសម្ពាធឈាម។ ក្រៅពីការស្រកទម្ងន់ យើងក៏ត្រូវតាមដានប្រវែងចង្កេះដែរ បើត្រង់កន្លែងចង្កេះមានទម្ងន់ច្រើន អាចប្រឈមនឹងការកើតជំងឺលើសឈាមខ្ពស់។
២. ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណជាប្រចាំ ៣០នាទី/ថ្ងៃ អាចកាត់បន្ថយសម្ពាធឈាមពី៥-៨ មិល្លីម៉ែត្របារត ប្រសិនបើយើងមានជំងឺសម្ពាធឈាម។ វាជាការចាំបាច់មួយដែលយើងត្រូវហាត់ប្រាណជាប្រចាំ បើមិនដូច្នោះទេ សម្ពាធឈាមនឹងអាចរើឡើងម្ដងទៀត ។ បើយើងមានសម្ពាធឈាមកើនឡើង ការហាត់ប្រាណរាល់ថ្ងៃ អាចចៀសវាងការវិវត្តទៅជាជំងឺលើសឈាម ហើយបើយើងកើតលើសឈាមហើយនោះ ហាត់ប្រាណអាយជួយកាត់បន្ថយសម្ពាធឈាមយើង ឲ្យធ្លាក់ចុះមកនៅកម្រិតសុវត្ថិភាព។

៣. ញ៉ាំរបបអាហារល្អ
ការមានរបបអាហារដែលសម្បូរដោយគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងផលិតផលធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប អាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះរហូតដល់ទៅ ១១ មិល្លីម៉ែត្របារត បើយើងឈឺសម្ពាធឈាម។ ការដែលផ្លាស់ប្ដូរទម្លាប់ញ៉ាំមិនមែនងាយស្រួលទេ តែគ្នាយើងអាចចាប់ផ្ដើមអនុវត្តតាមតិចនិកនេះបានដោយ កត់ទុកនូវអាហារដែលត្រូវញ៉ាំ បន្ថែមជាតិប៉ូតាស្យូម អាននូវពាក្យណែនាំរាល់ទំនិញដែលទិញ និងកាត់បន្ថយជាតិសូដ្យូម (អំបិល) ដែលយើងញ៉ាំ។