គីសលើតម្រងនោម ជាពងទឹកនៅជុំវិញតម្រងនោម។ គីសលើតម្រងនោមអាចមានទំនាក់ទំនងជាមួយវិបត្តិផ្សេងៗដែលអាចធ្វើឲ្យមុខងារតម្រងនោមថយចុះ។ វាអាចមានគីសតែមួយ ឬច្រើនលើតម្រងនោមតែមួយ ឬទាំងសងខាង។
១- គីសលើតម្រងនោមមាន ២ ប្រភេទ
- គីសធម្មតា ឧស្សាហ៍ជួបប្រទះជាងគេ
- ជំងឺគីសជាកញ្ចុំលើតម្រងនោមដែលអាចបង្កទៅជាខ្សោយតម្រងនោម
គីសធម្មតា អាចហៅម្យ៉ាងទៀតថា គីសស្លូតមិនបង្កជាមហារីកទេ ហើយជាទូទៅមិនបង្កជាផលវិបាក ឬបំផ្លាញតម្រងនោមនោះទេ។ ឯគីសជាកញ្ចុំលើតម្រងនោម ជាជំងឺដែលអាចបង្កជាជំងឺផ្សេងទៀត និងបង្កការប៉ះពាល់ទៅលើតម្រងនោម និងមុខងាររបស់វា។
គីសធម្មតាដែលមិនធ្ងន់ធ្ងរ មិនមានរោគសញ្ញាសម្គាល់នោះទេ ដោយយើងអាចកំណត់រោគនេះបានដោយយថាហេតុ ពេលថតរូបភាពវេជ្ជសាស្ត្រណាមួយ។
អត្ថបទពាក់ព័ន្ធ៖
- លើសឈាម និងជំងឺតម្រងនោម មានអីពាក់ព័ន្ធគ្នា?
- ចូលចិត្តញ៉ាំ ៣ មុខនេះ អាចកើតក្រួសតម្រងនោម ចុកពិបាកឥតអំពើ
២- មូលហេតុកើតគីសធម្មតាលើតម្រងនោម
មិនទាន់មានការបញ្ជាក់ច្បាស់ពីមូលហេតុនោះទេ តែគេជឿថាវាជាជំងឺតំណពូជ។ កត្តាអាយុ និងភេទប្រុស ជាកត្តាប្រឈមនឹងការកើតគីសលើតម្រងនោម។ គីសទាំងនេះអាចរីកមាឌ ពេលយើងកាន់តែចាស់ទៅ និងអាចកើនទំហំ ២ ដងក្នុងរយៈពេល ១០ ឆ្នាំ។
វាអាចវិវត្តជាពងទឹកជាច្រើនលានគ្រាប់នៅលើបំពង់តូចៗក្នុងតម្រងនោមតែមួយដែលមានមុខងារប្រមូលផ្ដុំទឹកនោម។ គ្រូពេទ្យជឿថា ពងទឹកតូចៗទាំងនេះនឹងវិវត្ត ពេលបំពង់មួយស្ទះ ហើម និងចាល់ទឹក។ គេជឿថា គីសទាំងនោះអាចវិវត្តទៅជាថង់ផ្ទុកទឹកមួយហៅថា Diverticula ក៏មាននៅម្ដុំតំបន់ប៉ះពាល់នោះ។
៣- រោគសញ្ញាគីសលើតម្រងនោម
ជាទូទៅ គីសធម្មតាមិនលេចឡើងរោគសញ្ញានោះទេ លើកលែងតែវាកើនទំហំ និងមានរោគសញ្ញាដូចជា៖
– ទឹកនោមមានលាយឈាម
– ទឹកនោមពណ៌ក្រមៅ
– ក្ដៅ ឬរងាញាក់
– នោមញឹក
– មុខងារតម្រងនោមចុះខ្សោយ
– ឈឺពោះ និងនៅម្ដុំចង្កេះខាងក្រោយ ពេលទំហំគីសនោះកើនឡើង ហើយប៉ះពាល់លើសរីរាង្គដទៃទៀត។ ការឈឺចាប់គឺធ្ងន់ដូចគេសង្កត់ ហើយបើគីសធ្លាយវិញ គឺកាន់តែធ្ងន់ធ្ងរ។
ឯជំងឺពងទឹកជាកញ្ចុំលើតម្រងនោមវិញមានសញ្ញាដូចជា៖
– សម្ពាធឈាមកើនឡើង
– ឈឺខ្នង និងតំបន់ដែលប៉ះពាល់
– មានឈាមក្នុងទឹកនោម។
៤- ការព្យាបាល
បើមិនមានរោគសញ្ញា ឬផលវិបាកណាមួយទេ គឺមិនត្រូវការព្យាបាលនោះទេ។ តែក្នុងករណីយើងមានរោគសញ្ញា យើងត្រូវទទួលការព្យាបាលតាមដំណាក់កាលខាងក្រោម៖
– ពេទ្យអាចប្រើម្ជុលចាក់ចូលតាមស្បែកដើម្បីទៅដល់គីស ដែលក្នុងអំឡុងពេលនេះ គេប្រើអេកូដើម្បីជាជំនួយ។
– ពេទ្យនឹងបូមទឹកចេញចូលទៅក្នុងថង់ដែលមានលាយជាតិអាល់កុល។ ជាលិកាអាចទៅជាក្រិន និងប្រឈមនឹងការលាប់ឡើងវិញទាប។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]