ឆ្លងរោគក្នុងពោះវៀនចេញរោគសញ្ញាទាំងនេះ កុំប្រហែស

    ឆ្លងរោគក្នុងពោះវៀនចេញរោគសញ្ញាទាំងនេះ កុំប្រហែស

    ឆ្លង​រោគ​ក្នុង​​ពោះវៀន បង្កឡើង​ដោយ​ពពួក​មីក្រូ​សារពាង្គ​កាយ ដែល​បាន​ចូល​ទៅ​ក្នុង​​ពោះ​វៀន​របស់​យើង​។ ជា​ទូទៅ​មនុស្ស​យើង​​អាច​ឆ្លង​រោគ​នេះ​បាន​តាម​រយៈ​ការ​ញ៉ាំ ឬ​ផឹក​ទឹក​មិន​ស្អាត ឬ​ពេល​ខ្លះ​គេ​ហៅ​ថា​ពុល​អាហារ។ មួយ​វិញ​ទៀត ការ​ប៉ះ​ពាល់​ជាមួយ​អ្នក​ឆ្លង​រោគ ឬ​សម្ភារៈ​មាន​ជាប់​មេរោគ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឆ្លង​រោគ​ក្នុង​ពោះ​វៀន​ដូច​គ្នា​។

    ១. រោគ​សញ្ញា​ឆ្លង​រោគ​ក្នុង​ពោះវៀន​

    រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​មាន​ដូច​ជា៖

    • រាករូស
    • ចង្អោរ
    • ក្អួត
    • ឈឺចុក​ក្នុង​ពោះ
    • ក្ដៅ​ខ្លួន​
    • ឈឺក្បាល​។

    អ្នក​ខ្លះ ពេល​ឆ្លង​រោគ​ក្នុង​ពោះ​វៀន​​អាច​មាន​ឈាម​ក្នុង​លាមក​ដែរ។ ឈាម​ក្នុង​លាមក​ អាច​បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី ឬ​បារ៉ាស៊ីត​ ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​។​ រោគ​សញ្ញា​ធ្ងន់​ធ្ងរ​មាន​ដូច​ជា​ក្ដៅ​ខ្លួន​ខ្លាំង លាមក​មាន​​ឈាម ឬ​សម្បោរ រាក​យូរ​ជាង​ពីរ ឬ​បី​ថ្ងៃ និង​មាន​ចេញ​សញ្ញា​បាត់​បង់​ជាតិ​ទឹក​ខ្លាំង ហើយ​បើ​មាន​រោគ​សញ្ញា​ទាំងនេះ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ ដោយ​ឡែក បើ​ជា​​ទារក​អាយុ​ក្រោម​បី​ខែ មាន​ចេញ​អាការៈ​រាក​រូស ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​ពេទ្យ​ដែរ​។

    មេរោគក្នុងពោះវៀន

    ២. ការ​ព្យាបាល​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​

    ​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​​ភាគ​ច្រើន​នឹង​បាត់​ទៅ​វិញ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​។ ប៉ុន្តែ​អ្នក​ជំងឺ​ត្រូវ​ព្យាយាម​ផឹកទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បង្ការ​ការ​បាត់​បង់​ជាតិទឹក​។

    រាក បង្ក​ឲ្យ​បាត់​បង់​សារធាតុ​រាវ​ពី​ក្នុង​រាង​កាយ ដូច​នេះ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ថែ​ទាំ​ជន​ងាយ​រងគ្រោះ​ដូច​ជា​កុមារ​តូចៗ​ មនុស្ស​វ័យ​ចំណាស់ និង​អ្នក​មាន​សុខភាព​ខ្សោយ​។ មនុស្ស​ខ្លះ​ត្រូវ​ការ​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​ក្នុង​​ពោះវៀន​នេះ ដើម្បី​កម្ចាត់​ពពួក​បារ៉ាស៊ីត ឬ​បាក់តេរី ​ហើយ​មាន​តែ​គ្រូពេទ្យ​ទេ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ប្រាស់​បាន។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​​​រោគ​សញ្ញា​មិន​ល្អ​ប្រសើរ​ឡើង​វិញ​។​​

    រលាកក្រពះពោះវៀន

    ៣. វិធី​បង្ការ​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​

    ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​ជា​ច្រើន​ករណី​អាច​បង្ការ​បាន​តាម​រយៈ​ការ​ថែទាំ និង​រក្សា​អនាម័យ​ក្នុង​ការ​ហូប​ចុក និង​ផឹក​ទឹក​ស្អាត​។ អនុវត្ត​វិធានការ​អនាម័យ​ខាង​ក្រោម​នេះ ដើម្បី​បង្ការ​បញ្ហា​ឆ្លង​រោគ​នៅ​ពោះ​វៀន​៖

    • ចម្អិន​អាហារ ដូច​ជា​សាច់ ស៊ុត ឲ្យ​ឆ្អិន​ល្អ
    • លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ជានិច្ច ពិសេស​មុន​ពេល​ញ៉ាំ​អាហារ
    • ចៀស​វាង​ប៉ះ​ពាល់​ជាមួយ​អ្នក​មាន​ឆ្លង​រោគ​ក្នុង​ពោះ​វៀន​។

    ពីបញ្ហាក្រពះពោះវៀនផ្សេងទៀត

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ ឥឡូវនេះ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត