– ធ្លាប់ជួបហេតុការណ៍រន្ធត់ ដូចជា អំពើហឹង្សា ការរំលោភ ការស្លាប់ បាត់បង់មនុស្សជាទីស្រលាញ់ ឬបញ្ហាលុយកាក់ជាដើម។
– ប្រវត្តិគ្រួសារ ធ្លាប់មានសាច់ញាតិមានជំងឺធ្លាក់ទឹកចិត្ត ជំងឺប្រែប្រួលអារម្មណ៏ពីរផ្សេងគ្នា ញៀនស្រា ឬសម្លាប់ខ្លួន។
– ស្រលាញ់ភេទដូចគ្នា ស្រលាញ់ទាំងពីរភេទ ឬវះកាត់ប្តូរភេទ បញ្ហាការលូតលាស់ប្រដាប់ភេទដែលមិនច្បាស់ថាខ្លួនជាប្រុស ឬជាស្រី (intersex) សុទ្ធតែស្ថិតក្នុងការប្រឈម។
– មានប្រវត្តិជំងឺផ្លូវចិត្ត ដូចជា ជំងឺថប់បារម្ភ ទាក់ទងនឹងការញ៉ាំអាហារ ឬធ្លាប់ជួបហេតុការណ៍រន្ធត់ណាមួយ (PTSD)។
– ញៀនស្រា ឬញៀនថ្នាំ
– មានជំងឺធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ ដូចជា មហារីក ដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូងរាំរ៉ៃ។
– ថ្នាំមួយចំនួន ដូចជា ថ្នាំលើសឈាម ឬថ្នាំងងុយដេក (សូមពិគ្រោះជាមួយគ្រូពេទ្យ មុននឹងឈប់ប្រើថ្នាំ)។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ សម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យឯកទេសផ្លូវចិត្ត នឹងវាយតម្លៃសុខភាពយើងតាមរយៈតេស្តពិនិត្យជំងឺបាក់ទឹកចិត្ត ហេតុនេះត្រូវទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់។ គ្រូពេទ្យនឹងសួររឿងរ៉ាវផ្ទាល់ខ្លួន ព្រមទាំងប្រវត្តិគ្រួសារ ក៏ដូចជាសំណួរ នៅក្នុងតេស្តសម្រាប់ជំងឺផ្លូវចិត្តនេះទៀតផង។
ពុំមានការធ្វើតេស្តឈាម ថតកាំរស្មីអ៊ិច ឬតេស្តបែបមន្ទីរពិសោធន៍ណាមួយ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះទេ។ យ៉ាងណា ពេទ្យក៏អាចសុំធ្វើតេស្តឈាមខ្លះដើម្បីជួយរកមើលស្ថានភាពសុខភាពផ្សេងទៀត ដែលមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ដូចជា ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត ដែលមានរោគសញ្ញាដូចគ្នានឹងជំងឺបាក់ទឹកចិត្ត ឬបញ្ហាញៀនស្រា ញៀនថ្នាំ ការប្រើប្រាស់ថ្នាំមួយចំនួន និងបញ្ហាស្ត្រេសជាដើម។
៨- ព្យាបាលដោយវិធីណា?
ទោះបីជាជំងឺនេះធ្ងន់ធ្ងរក៏ពិតមែន តែយើងនៅតែអាចព្យាបាលបាន។ ដោយការព្យាបាល អាស្រ័យលើកម្រិតសញ្ញាយើងមាន គ្រូពេទ្យឯកទេសនឹងណែនាំការព្យាបាលជាមួយថ្នាំ Antidepressant។
ពេទ្យក៏អាចណែនាំវិធីព្យាបាលបែបចិត្តសាស្ត្រ ឬតាមការនិយាយផងដែរ អនុញ្ញាតឲ្យយើងនិយាយរឿងក្នុងចិត្តចេញមកក្រៅ។
ពេលខ្លះពេទ្យអាចប្រើថ្នាំផ្សេងបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពថ្នាំ ប្រឆាំងជំងឺបាក់ទឹកចិត្ត ហើយមនុស្សមួយចំនួន គឺត្រូវនឹងថ្នាំទាំងនោះ ធ្វើឲ្យស្ថានភាពជំងឺប្រសើរឡើង។ អាចជារឿងចាំបាច់គ្រូពេទ្យនឹងសុំដូរថ្នាំ ឬដូរកម្រិត ព្រោះដើម្បីការព្យាបាលកាន់តែមានប្រសិទ្ធភាព។
នៅមានការព្យាបាលផ្សេងទៀត ដូចជា ការព្យាបាលដោយចរន្តអគ្គិសនី ហៅថា ECT ឬ Shock Therapy។ គេប្រើវិធីព្យាបាលនេះ លុះត្រាតែការប្រើថ្នាំគ្មានប្រសិទ្ធភាព ឬរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ផ្លាស់ប្តូរទម្លាប់រស់នៅ
ការផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះមួយចំនួនខាងក្រោមនេះ អាចជួយយើងសម្របខ្លួនទៅនឹងការព្យាបាលជំងឺបាក់ទឹកចិត្ត ដូចជា៖
– អនុវត្តតាមការព្យាបាលឲ្យបានជាប់លាប់។ សូមកុំរំលងថ្ងៃទៅទទួលសេវាពិគ្រោះផ្លូវចិត្ត ទោះបីជាមិនស្រួលខ្លួនក៏ដោយ ហើយកុំឈប់លេបថ្នាំ មិនដូច្នោះទេរោគសញ្ញា នឹងកាន់តែធ្ងន់ធ្ងរពេលកើតម្តងទៀត។ សូមចាំក្នុងចិត្តថា វាត្រូវចំណាយពេលយូរដើម្បីឲ្យយើងមានអារម្មណ៍ប្រសើរឡើងវិញ។
ស្វែងយល់ពីជំងឺបាក់ទឹកចិត្ត រៀនពីជំងឺខ្លួនកំពុងមាន អាចផ្តល់ថាមពល និងកម្លាំងចិត្តឲ្យយើងអនុវត្តតាមគម្រោងព្យាបាល។ លើកទឹកចិត្តក្រុមគ្រួសារយើង ឲ្យយល់ដឹងពីជំងឺនេះ ដើម្បីឲ្យពួកគាត់យល់ និងអាចជួយដល់យើងបាន។
– យកចិត្តទុកដាក់លើសញ្ញាព្រមាន សហការជាមួយគ្រូពេទ្យ ដើម្បីដឹងពីអ្វីដែលអាចភ្ញោចសញ្ញាជំងឺ។ សូមរៀបគម្រោងជាមុន ថាត្រូវធ្វើអ្វីនៅពេលសញ្ញាកាន់តែធ្ងន់ធ្ងរ។ ពិភាក្សាជាមួយគ្រូពេទ្យ បើសង្កេតឃើញមានការប្រែប្រួលសញ្ញា ឬអារម្មណ៍។ មួយវិញទៀត សូមប្រាប់សាច់ញាតិ ឬមិត្តភក្តិឲ្យជួយសង្កេតមើលសញ្ញាទាំងនោះ។
– ចៀសវាងការផឹកស្រា ឬប្រើប្រាស់ថ្នាំញៀន ទោះបីជាក្នុងរយៈពេលខ្លីក៏ដោយ ព្រោះអាចធ្វើឲ្យធូរស្រាលសញ្ញាក៏ពិតមែន តែក្នុងរយៈពេលវែងណាមួយវា នឹងធ្វើឲ្យការព្យាបាលជំងឺនេះកាន់តែពិបាក។
– មើលថែខ្លួនឯងផង ញ៉ាំអាហារមានសុខភាពល្អ ហាត់ប្រាណ ដេកឲ្យបានគ្រប់គ្រាន់។ សូមធ្វើសកម្មភាព ដូចជា ដើរ រត់ ហែលទឹក ថែសួនច្បារ ឬសកម្មភាពផ្សេងៗ ដើម្បីជួយឲ្យយើងសប្បាយចិត្ត។ ដេកបានត្រឹមត្រូវ ជាកត្តាសំខាន់ណាស់ សូមប្រាប់គ្រូពេទ្យបើយើងមានបញ្ហាក្នុងការគេង។
– រៀបចំជីវិតឲ្យសាមញ្ញ កាត់បន្ថយកាតព្វកិច្ចតាមអាចធ្វើបាន កំណត់គោលដៅខ្លួនឯង ឲ្យខ្លួនយើងបានសម្រាក បើសិនពិបាកចិត្ត។
– សរសេរកំណត់ត្រាក៏ជាផ្នែកមួយនៃការព្យាបាលដូចគ្នា អាចជួយសម្រួលអារម្មណ៍ ដោយឲ្យយើងបញ្ចេញកំហឹង ការឈឺចាប់ និងអារម្មណ៏ទាំងឡាយចេញមក។
– អានសៀវភៅ ឬគេហទំព័រល្អសម្រាប់ខ្លួនឯង។ ពេទ្យក៏អាចណែនាំសៀវភៅ ឬគេហទំព័រទាំងនោះដល់យើងបានដែរ។
– កុំនៅតែឯង ព្យាយាមចូលរួមក្នុងសកម្មភាពសង្គម ការជួបជុំគ្រួសារ ឬមិត្តភក្តិ។
– រៀនពីវិធីសម្រាក រំសាយស្ត្រេស ដូចជា តាំងសម្មាធិ ម៉ាស្សាសម្រួលសាច់ដុំ ហាត់យ៉ូហ្កា និងថៃជី ជាដើម។
– រៀបចំពេលវេលា អាចជួយដល់ការងារប្រចាំថ្ងៃបាន ដូចជា ការប្រើក្រដាសបិទ ដើម្បីរំលឹកពីអ្វីយើងត្រូវធ្វើក្នុងមួយថ្ងៃ។
– សូមកុំធ្វើការសម្រេចចិត្តក្នុងការងារធំៗ បើយើងកំពុងតែមិនសប្បាយចិត្ត។ ចៀសវាងការសម្រេចចិត្តពេលកំពុងបាក់ទឹកចិត្ត ព្រោះអំឡុងពេលនេះ យើងមិនអាចគិតគូរបានដិតដល់នោះឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕