backup og meta

Postpartum Depression (ជំងឺបាក់ទឹកចិត្តក្រោយសម្រាល)

Postpartum Depression (ជំងឺបាក់ទឹកចិត្តក្រោយសម្រាល)

និយមន័យ

១- អ្វីជាជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល?

ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល ជា​ប្រភេទ ​ជំងឺបាក់​ទឹក​ចិត្ត ​កើត​ឡើង​ក្រោយ​ពេល​សម្រាល​រួច ហើយ​អាច​កើត​ឡើង​បាន​គ្រប់​ពេលអំឡុង​ពេល​ឆ្នាំ​ទី ១ បន្ទាប់​ពី​សម្រាល។ យ៉ាងណា ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់បំផុត គឺ​អំឡុង ៣​ សប្តាហ៏​​ដំបូង ​ក្រោយ​ពេល​សម្រាលកូន​រួច។

បើ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល អាច​​មាន​អារម្មណ៍​សោកសៅ មិន​សប្បាយ​ចិត្ត អស់​សង្ឃឹម និង​មាន​អារម្មណ៍ គ្រប់​យ៉ាង​ជា​កំហុស​ខ្លួន ដោយសារ​តែយើង​មាន​អារម្មណ៍​ ​មិន​ចង់​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​កូន ឬមិន​ចង់​ថែទាំ​កូន។

ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ពេល​សម្រាល​​ ​មិន​មែន​កើត​ឡើង​តែ​លើស្រីៗ​ទើប​​សម្រាល​កូន​លើក​ទី ១ ​នោះ​ទេ គឺ​យើង​អាច​មាន​ជំងឺ​នេះ​ ដូច​គ្នា​​ក្រោយ​ពេល​សម្រាល​កូន​លើក​ទី ២ លើកទី ៣ ទោះ​បី​ជា​ក្រោយ​ពេល​សម្រាល​កូន​ដំបូង​ ​មិនមាន​ជំងឺ​នេះ​ក៏​ដោយ។

២- បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កើតឡើងញឹកញាប់ប៉ុណ្ណា?

យោង​ទៅ​តាម​​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង នៅ​អាមេរិក ស្រីៗ​​សម្រាល​កូនរួច ចន្លោះ​ពី ១១-២០​ ភាគរយ​មាន​រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល។ យ៉ាងណាមិញ តួរលេខកើត​ ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​ចិត្ត​ដទៃ​ ចំពោះ​ស្រីៗ និងប្រុសៗ ​​អាច​មាន​ច្រើន​ជាង​នេះ​ បើ​ធៀប​ទៅ​នឹង​ជំងឺ​រួម​ផ្សំ​ដទៃ ​ដូចជា ជំងឺ​របេង ជំងឺ​មហារីក​គ្រាប់​ឈាម ជំងឺ Multiple sclerosis ជំងឺ Parkinson ជំងឺ​វង្វេងវង្វាន់ ជំងឺ​សើស្បែក Lupus និង​ជំងឺ​ឆ្កួត​ជ្រូក ជាដើម។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលមានរោគសញ្ញាអ្វីខ្លះ?

មិន​ខុស​គ្នា​ពី​ជំងឺ​បាក់​ទឹក​ចិត្ត​ធម្មតា​នោះ​ទេ ជំងឺបាក់​ទឹក​ចិត្ត​ក្រោយសម្រាល គឺ​​មាន​រោគ​សញ្ញា​ដូច​គ្នា ហើយ​ករណី​បើ​យើង​ប្រទះ​ឃើញ​រោគ​សញ្ញាខាង​ក្រោមដល់​ទៅ ៥ ​ឬ​លើស​ពី​រយៈពេល ២​ សប្តាហ៍​ជាប់​គ្នា មានន័យ​ថា​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​មិន​ខាន៖

– ពិបាក​ចិត្ត សោកសៅ​ខ្លាំង មាន​អារម្មណ៍​ទទេ​ស្អាត​ដូច​គ្មាន​អ្វី​ក្នុង​ខ្លួន ឬ​​អស់​សង្ឃឹម​ក្នុង​ជីវិត

– យំ​ស្ទើរ​តែ​គ្រប់​ពេល

– បាត់​បង់​ចំណាប់​អារម្មណ៍​​រាល់​សកម្មភាព​ធ្លាប់​ចូលចិត្ត​ពីមុន

– គេង​មិន​លក់​ពេល​យប់ ឬ​ងងុយ​គេង​ខ្លាំង​ពេល​ថ្ងៃ

– មិន​ឃ្លាន​​អាហារ ឬ​ញ៉ាំ​ច្រើន​ជ្រុល

– ស្រក​ ឬ​ឡើង​គីឡូ​ខ្លាំង

– មាន​អារម្មណ៍​ថា​ខ្លួន​គ្មានតម្លៃ ឬ​​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​ជា​កំហុស​ខ្លួន​

– រសាប់​រសល់​ នៅ​មិន​សុខ​ក្នុង​ខ្លួន ឬ​ធ្វើ​ការ​យឺត​ៗ

– ពិបាក​ផ្ចង់​អារម្មណ៍​ធ្វើ​អ្វី​មួយ ឬ​​ពិបាក​សម្រេច​ចិត្ត​រឿង​អ្វី​មួយ

– មាន​អារម្មណ៍​ថា​ជីវិត​គ្មានតម្លៃ

រោគ​សញ្ញា​មួយ​ចំនួន​ទៀត ​ក៏​អាច​កើត​មាន​ផង​ដែរដូចជា៖

– ទើស​គ្រប់​រឿង ឬ​ក៏​ឆាប់​ខឹង

– គេច​មុខ​សមាជិក​គ្រួសារ ឬ​​មិត្តភក្តិ

– បារម្ភ​ពី​កូន​ជ្រុល​

– មិន​ចាប់​អារម្មណ៍​នឹង​កូន​ខ្លួនឯង ឬ​មិន​អាច​ថែទាំ​​កូន​ខ្លួន​បាន

– មាន​អារម្មណ៍​ថា​ហត់នឿយ អស់​កម្លាំង​ខ្លាំង មិន​អាច​ក្រោក​ពី​គ្រែ​គេង (ពេលខ្លះត្រូវ​​ចំណាយ​ពេល​រាប់​ម៉ោង​ទើបក្រោក​ពី​គ្រែ​បាន)។

ក្នុង​ករណី​កម្រ​មួយ​ចំនួន ស្រីៗ​​ជំងឺ​បាក់​​ទឹក​ចិត្ត​ក្រោយ​​សម្រាល​ ​អាច​នឹង​មាន​កកើត​គំនិត ឬ​ជំនឿ​ខុស​ពី​ការ​ពិត​ ឬ​ក៏​ស្រមើ​ស្រមៃ​ខុស​ប្រក្រតី​ណាមួយ ថែម​ទាំង​អាច​នាំ​គ្រោះថ្នាក់​ដល់​កូន​ខ្លួន​ទៀត​ផង។

កំណត់​សម្គាល់៖ បើ​មាន​គំនិត​ចង់​ធ្វើ​បាប​ខ្លួន ឬ​ក៏​កូន​ មាន​ន័យ​ថា យើង​​ស្ថិត​ក្នុង​កម្រិត​សង្គ្រោះ​បន្ទាន់​ហើយ គប្បី​រួសរាន់​ទាក់ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។

យ៉ាងណាមិញ ជំងឺ​បាក់​ទឹក​ចិត្ត​​ប្រភេទ​នេះ​ អាច​នឹង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​មិន​បាន​រៀបរាប់​ខាងលើ។ ហេតុនេះ បើមានមន្ទិលសង្ស័យ​ទាក់ន​ង​រោគ​សញ្ញា​ណាមួយ គប្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​​គ្រូពេទ្យ​ជំនាញ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ក្រោយសម្រាល​កូន ​អាច​នឹង​មិន​ចង់​ទទួល​ស្គាល់​ការ​ពិត ឬ​​មាន​អារម្មណ៍​ខ្មាសអៀន។ យ៉ាងណាមិញ ក្នុង​ករណី​​មាន​អាការៈ​ណាមួយ​ដូច​បាន​រៀបរាប់​ខាង​លើ គប្បី​រួសរាន់​ទាក់ទង​ទៅ​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់​ ក៏​ដូចជា​ព្យាបាល​បាន​ទាន់​ពេល​វេលា។ មួយ​វិញ​ទៀត ​ត្រូវ​ស្វែង​រក​ជំនួយ​ជា​បន្ទាន់​ បើ​យើង​​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ណាមួយ ដូចជា មាន​ជំនឿ​ខុស​ពី​ការ​ពិត ឬ​ស្រមើ​ស្រមៃ​ខុស​ប្រក្រតី។

ប្រញាប់​​ទាក់ទង​ទៅ​គ្រូពេទ្យ ក្នុង​ករណី​​ប្រទះ​ឃើញ​រោគ​សញ្ញា​ណាមួយ​ដូច​ខាង​ក្រោម​នេះ៖

– រោគ​សញ្ញា​លើស​ពី ២សប្តាហ៍

– រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ

– ពិបាក​ថែទាំ​កូន​ដោយ​ខ្លួន​ឯង

– ពិបាក​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ

– មាន​គំនិត​ធ្វើ​បាប​រាងកាយ​ខ្លួន ឬធ្វើបាប​កូន។

មូលហេតុបង្ក

៥- មូលហេតុនាំ​ឲ្យកើត​ជំងឺបាក់​ទឹកចិត្តក្រោយសម្រាលមាន​អ្វី​ខ្លះ?

មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ណា​ អាច​បង្ហាញពី​មូលហេតុ​បង្ក​ឲ្យកើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយសម្រាល ​ច្បាស់​លាស់​នៅឡើយ។ យ៉ាងណា គេ​ជឿ​​ថា​កត្តា​ផ្លូវ​​កាយ និង​ផ្លូវ​​អារម្មណ៍​មួយ​ចំនួន គឺ​​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​មាន​បញ្ហាបាក់​ទឹក​ចិត្ត​នេះ ដូចជា៖

– បម្រែ​បម្រួល​រាងកាយ៖ ក្រោយ​ពេល​សម្រាល​កូន ដោយសារ​កម្រិត​បរិមាណ​អ័រម៉ូន អឺស្ត្រូសែន និង​ប្រូសេស្តេរ៉ូន ​ក្នុង​រាងកាយធ្លាក់​ចុះ​យ៉ាង​ខ្លាំង គឺ​អាចជា​កត្តា​​រួម​ចំណែក​ ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​នេះ។ លើស​ពី​នេះ អ័រម៉ូន​មួយ​ចំនួន​ទៀត បញ្ចេញ​ដោយ​ក្រពេញ​ទីរ៉ូអ៊ីត ​ក៏​នឹង​ធ្លាក់​ចុះ​ជា​លំដាប់ ​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​អារម្មណ៍​អស់​កម្លាំង ទន់​ខ្សោយ ស្ទក់​ៗ និង​បាក់​ទឹក​ចិត្ត។

– បញ្ហា​ផ្លូវ​ចិត្ត៖ នៅ​ពេល​យើង​គេង​មិន​គ្រប់ មាន​អារម្មណ៍​មិន​ល្អ អាច​នឹង​មាន​បញ្ហាចំពោះ​ការងារ​ស្ទើរ​តែ​គ្រប់​រឿង​សូម្បី​តែ​រឿង​បន្តិច​បន្តួច​ក៏​ដោយ ​អាច​នឹង​មាន​អារម្មណ៍​ភ័យ​ព្រួយ ​ខ្វល់ខ្វាយ​ពីរឿង​​ថែទាំ​កូន​ដោយ​ខ្លួន​ឯង ហើយ​ក៏​អាច​​មាន​អារម្មណ៍​ ​ខ្លួន​មិន​ស្អាត​ដូច​ពី​មុន ពិបាក​នឹង​ទទួល​ស្គាល់​អត្តសញ្ញាណ​​ខ្លួន​ឯង ឬ​មាន​អារម្មណ៍​លែង​​ម្ចាស់​ការ​លើ​ជីវិត​ខ្លួន​ឯង​ដូច​មុន។ បញ្ហា​ទាំង​នេះ​សុទ្ធ​តែ​អាច​រួម​ចំណែក​ ធ្វើ​ឲ្យ​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល។

កត្តាប្រឈម

៦- កត្តាប្រឈមជំងឺបាក់​ទឹកចិត្តក្រោយសម្រាលមាន​អ្វី​ខ្លះ?

មាន​កត្តា​ជា​ច្រើន ​ធ្វើ​ឲ្យ​​ស្រីៗ​កាន់​តែ​ប្រឈមកើត​​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ ដូចជា៖

– មាន​ប្រវិត្ត​កើត ​ជំងឺបាក់​​ទឹក​ចិត្ត​ ពី​មុន មិន​ថា​អំឡុង​ពេល​ពពោះ ឬពេល​ណាមួយ​នោះ​ទេ

– មាន​ជំងឺអារម្មណ៏ពីរផ្សេងគ្នា (Bipolar​ Disorder)

– មាន​ជំងឺ​បាត់​ទឹក​ចិត្ត​ក្រោយ​សម្រាលពី​មុន

– មាន​សមាជិក​គ្រួសារ​ធ្លាប់​មាន​ជំងឺ​បាក់​​ទឹក​ចិត្ត ឬ​ជំងឺ​ផ្លូវ​ចិត្ត​ណាមួយ​

– ធ្លាប់​ជួប​ប្រទះព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ណាមួយ​ពី​មុន ដូចជា ធ្លាប់​មាន​ផលវិបាក​ជុំវិញ​ការ​មាន​គភ៌ មាន​ជំងឺ​

ធ្ងន់ធ្ងរ​ណាមួយ ឬ​គ្មាន​ការងារធ្វើ

– កូន​មាន​បញ្ហា​សុខភាព ឬ​អសមត្ថភាព​អ្វី​មួយ

– ពិបាកបំបៅ​ដោះ​កូន

– មាន​បញ្ហា​ទំនាក់ទំនង​ជាមួយ​​ស្វាមី ឬ​ក៏​ដៃគូ

– មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ

– មាន​បញ្ហា​លុយ​កាក់

– មាន​គភ៌​ដោយ​​មិន​បាន​ព្រៀង​ទុក ឬ​មិន​ទាន់​ចង់​មាន។

អត្ថបទពាក់ព័ន្ធ៖

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺ​បាន​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ជា​ទូទៅ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ប្រឹក្សា ក៏​ដូចជា​សួរ​នាំ​ទាក់ទង​ទៅ​នឹងបញ្ហា​ផ្លូវ​អារម្មណ៍ ការ​គិត សុខភាព​ផ្លូវ​ចិត្ត​ ដើម្បី​បែងចែក​ ថា​តើ​យើង​គ្រាន់​តែ​​មាន​អារម្មណ៍​ទាំង​នោះ​បណ្តោះ​​អាសន្ន ឬ​កំពុង​តែ​មាន​ជំងឺ​បាក់​​ទឹក​ចិត្ត​ធ្ងន់ធ្ងរ។ ព្យាយាម​ធ្វើ​ចិត្ត ​កុំ​អៀនខ្មាស និយាយ​ប្រាប់​គ្រូពេទ្យ​រាល់​អាការៈ​យើង​កំពុង​មាន​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​ ទៅ​តាម​ស្ថានភាព​​យើង។ ហើយអំឡុង​ពេល​ធ្វើ​រោគ​វិនិច្ឆ័យ គ្រូពេទ្យ​អាច​នឹង៖

– ឲ្យ​យើងបំពេញ​សំណួរ​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​តេស្តជំងឺ​បាក់​ទឹក​ចិត្ត

– ​ធ្វើ​តេស្ត​ឈាម​មួយ​ចំនួន​ ដើម្បី​ទាត់​ចោល​រាល់​ជំងឺ​ផ្លូវ​កាយ​ដទៃ ដូចជា ជំងឺ​បង្ក​ដោយ​ក្រពេញ​ទីរ៉ូអ៊ីត​

​- ធ្វើ​តេស្ត​មួយ​ចំនួន​ទៀត​ ដើម្បី​ទាត់​ចោល​ជំងឺផ្សេង​ៗ​ក្នុង​ករណី​ចាំបាច់

ជាទូទៅ គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ ក៏​ដូចជា​ធ្វើការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ ដោយ​យោង​ទៅ​តាម​សៀវភៅ DSM5 (Diagnostic and Statistical Manual of Mental Disorders) ដែល​ត្រូវ​បានបោះពុម្ភ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការណ៍ ដោយ​សមាគម​គ្រូពេទ្យ​ឯកទេសផ្នែក​ចិត្ត​សាស្ត្រ​អាមេរិក (American Psychiatric Association)។

៨- ព្យាបាល​ដោយ​វិធី​ណា?

មិន​ខុស​គ្នា​ពី​ជំងឺបាក់​ទឹក​ចិត្ត​ធម្មតា វិធី​​ព្យាបាលជំងឺបាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល គឺដូច​គ្នា។ ​បើ​យើង​​ស្ថិត​ក្នុង​កម្រិត​ស្រាល គ្រូពេទ្យ​នឹង​បន្ត​ធ្វើ​ការ​តាមដាន​សិន ហើយ​តម្រូវ​ឲ្យ​​មកជួបពេទ្យ ​តាម​ការ​ណាត់​ឲ្យ​បាន​ទៀងទាត់។ តែ​​បើ​អាការៈ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​វិញ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ព្យាបាល​បែប​ចិត្ត​សាស្ត្រ ឬ​ឲ្យ​​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺ​​បាក់​ទឹក​ចិត្ត ឬ​ប្រើ​វិធី​ព្យាបាល​ទាំង​ពីរ​តែ​ម្តង។

វិធី​ព្យាបាល​បែប​ចិត្តសាស្ត្រ ឬ​វិធី​ព្យាបាល​បែប​និយាយ ប្រឹក្សា​យោបល់ ធ្វើ​ឡើង​តាម​រយៈ​ការ​និយាយ​គ្នា​ផ្ទាល់ ​រវាង​អ្នក​ជំងឺ​ និង​គ្រូពេទ្យ​ តែ​ពីរ​អ្នក​តទល់ ឬ​អាច​ជា​ក្រុម (សមាជិក​ក្នុង​ក្រុម​មាន​អាការៈ​ស្រដៀង​ៗ​គ្នា)។ ចំណែក​ឯ​ការ​ព្យាបាល​ជា​គ្រួសារ ឬ​​ប្តី​ប្រពន្ធ​វិញ គ្រូពេទ្យ​​តម្រូវ​ឲ្យ​ដៃ​គូ ក៏​ដូច​ជា​សមាជិក​ផ្សេង​ៗ ​មក​ទទួល​យក​ការ​ប្រឹក្សា​ជាមួយ​គ្នា។

រីឯព្យាបាល​ដោយ​​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត មាន​នាទី​ជួយ​​​ផ្លាស់​ប្តូរ​កម្រិត​សារធាតុ​គីមី​ក្នុង​ខួរក្បាល ​ដែល​បញ្ជា​ទៅ​​ផ្លូវ​អារម្មណ៍​ ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា។ គប្បី​ពិគ្រោះជាមួយគ្រូពេទ្យ​ឯកទេស​ ដើម្បី​យល់​ច្បាស់​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ទាំង​នោះ និង​ដើម្បី​ជ្រើស​រើស​ប្រភេទ​ថ្នាំ​ល្អ​បំផុត​សម្រាប់​យើង។ ជាទូទៅ ថ្នាំ​ប្រភេទនេះ ​នឹង​ចាប់​ផ្តើម​មាន​ប្រសិទ្ធិភាព​ចាប់​ពី​សប្តាហ៍​ទី ៣-៤។

ថ្នាំ​ប្រឆាំង​ជំងឺ​​បាក់​ទឹក​ចិត្ត​ អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន ប៉ុន្តែ​ក្នុង​រយៈពេល​ខ្លីប៉ុណ្ណោះ។ បើ​​ជួប​ប្រទះផល​ប៉ះពាល់​ណាមួយ​ ធ្វើ​ឲ្យ​ពិបាក​បំពេញ​​ការងារ​ប្រចាំ​ថ្ងៃ ឬ​ស្ថានភាព​ជំងឺ​មិន​អន់​ថយ​ និង​​កាន់​តែ​ធ្ងន់ធ្ងរ​វិញ សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់។

ការ​ព្យាបាល​បែប​ចិត្តសាស្ត្រ និង​ការ​ប្រើប្រាស់​ថ្នាំ ​អាច​មិន​មាន​ប្រសិទ្ធិភាព​ក្នុង​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន។ ករណី​បែប​នេះ គ្រូពេទ្យ​នឹង​ណែនាំ​វិធី​ព្យាបាល​មួយ​ទៀត ​ឈ្មោះ​ថា Electroconvulsive therapy ឬ​ ECT ជាវិធី​ព្យាបាល​ដោយ​ប្រើ​អគ្គិសនី​ឆក់។ ​ព្យាបាល​បែបនេះ​ ធ្វើ​ឡើង​តាម​រយៈ​ការ​បញ្ជូន​ចរន្ត​អគ្គិសនី​ទៅ​ខួរក្បាល​ នៅ​ពេលគ្នា​យើង​ជំងឺ​ស្ថិត​ក្នុង​ឥទ្ធិពល​​ថ្នាំ​សន្តំ។ ជំនាញ​ជឿជាក់​ថា​ ការ​ភ្ញោច​ទៅ​ខួរក្បាល​ តាម​រយៈ​ចរន្ត​អគ្គិសនី​បែប​នេះ​ អាច​ធ្វើ​ឲ្យ​កម្រិត​សារធាតុ​គីមី​ក្នុង​ខួរក្បាល ​ប្រែ​មក​កម្រិត​ធម្មតា​វិញ ជាហេតុ​នាំ​ឲ្យ​អាការៈ​ជំងឺ ​អាច​ធូរស្បើយ​ផង​ដែរ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ អាច​ជួយ​បង្ការ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន​ដូច​ជា៖

– បង្កើត​ទម្លាប់រស់​នៅ​ប្រចាំ​ថ្ងៃ​មាន​ផាសុកភាព៖ ហាត់ប្រាណ​ប្រចាំ​ថ្ងៃ ដូចជា​នាំ​កូន​​ដើរ​លេង គប្បី​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​មាន​​តុល្យភាព និង​ចៀសវាង​រឿងផឹកស្រា។

– ព្យាយាម​រំពឹង​ទុក​អ្វី​ដែល​អាច​ទៅ​រួច៖ កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង​ពេក ចៀសវាង​ ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង គប្បី​កាត់​បន្ថយ​ការ​ដាក់​កំហិត​ឲ្យ​ល្អ​ឥត​ខ្ចោះ​លើ​ការងារ​​ប្រចាំ​ថ្ងៃ និងព្យាយាម​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ហើយ​ បណ្តោយ​ការងារ​ផ្សេង​ឲ្យ​អ្នក​ដទៃ​ធ្វើ​ចុះ។

– ទុក​ពេល​វេលា​សម្រាប់​ខ្លួន​ឯង៖ បើ​មាន​អារម្មណ៍​មិន​ល្អ​ គប្បី​ទុក​ពេល​វេលា​សម្រាប់​លំហែ​ចិត្ត​ខ្លួន​ឯង ​អាច​សាកល្បង​ចេញ​ក្រៅ​ផ្ទះ ទៅ​លេង​មិត្តភក្តិ ដើរ​ផ្សារ ឬទៅ​លេង​កន្លែង​ណាមួយ​ជាមួយប្តី ឬ​ដៃគូ។

– ចៀសវាង​ការ​នៅ​ម្នាក់​ឯង៖ គប្បី​និយាយ​ជាមួយ​ប្តី ឬសមាជិក​គ្រួសារ ​មិត្តភក្តិ​អំពី​អារម្មណ៍​យើង​កំពុង​មាន។ ​អាច​សាកល្បង​សួរ​ទៅស្រីៗ​ទើប​សម្រាល​កូន​ដទៃ​ទៀត​ ពី​បទពិសោធន៍​ពាក់​ព័ន្ធរឿង​​សម្រាល​កូន។ នៅ​ពេល​យើង​​មិន​នៅ​តែ​ឯង គឺ​​អាច​នឹង​មាន​អារម្មណ៍​សូរស្បើយ​បាន​មួយ​កម្រិត​ដែរ។

– ស្វែង​រក​ជំនួយ៖ ព្យាយាម​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ឲ្យ​មនុស្ស​​ជុំវិញ​ខ្លួន ​អាច​ស្គាល់​ពីយើង​បាន​កាន់​តែ​ច្រើន និង​គប្បី​សុំ​ជំនួយ​ពី​ពួកគេ ​នៅ​ពេល​យើង​ត្រូវ​ការ។ ពេល​មាន​មនុស្ស​​ជួយ​មើល​ថែ​កូន​យើង ​គួរ​តែ​យក​ពេល​វេលា​លំហែ​ចិត្ត​កាយ​ខ្លះ ក៏​អាច​ប្រើ​ពេលទាំង​​នោះ​ គេង​មួយ​ស្របក់ ទៅ​មើល​កុន​ជាមួយ​មិត្តភក្តិ ដើរ​ផ្សារ ក៏​បាន។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Postpartum Depression: What You Should Know. http://www.webmd.com/depression/postpartum-depression/understanding-postpartum-depression-basics#1. Accessed July 5, 2017.

Postpartum depression. https://www.babycenter.com/0_postpartum-depression_227.bc. Accessed July 5, 2017.

Postpartum depression. http://www.mayoclinic.org/diseases-conditions/postpartum-depression/basics/definition/con-20029130. Accessed July 5, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/07/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jul 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម