backup og meta

Bipolar Disorder (ស្វែង​យល់​ពី​ជំងឺបាយប៉ូឡា )

Bipolar Disorder (ស្វែង​យល់​ពី​ជំងឺបាយប៉ូឡា )

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ

១- អ្វីទៅជាជំងឺ Bipolar (Bipolar disorder)?

ជំងឺ Bipolar ដែល​ហៅ​ម្យ៉ាង​ទៀត​ហៅ​ថា manic depression គឺ​​ជា​ស្ថានភាព​​ជំងឺ​ផ្លូវ​​ចិត្ត​ធ្ងន់​ធ្ងរ​​ដែល​បណ្តាល​​ឲ្យ​អ្នក​ជំងឺ​​ប្រែប្រួល​​អារម្មណ៍​​យ៉ាង​ខ្លាំង​។ អ្នក​ជំងឺ​​អាច​ផ្លាស់​ប្តូរ​ពី​អារម្មណ៍​សប្បាយ​ខ្លាំង (mania) ទៅ​ជា​ពិបាក​ចិត្ត​ខ្លាំង (depression) តែ​​ជា​ញឹកញាប់​អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ធម្មតា​នៅ​ចន្លោះ​ហ្នឹង​ដែរ។ នៅ​​ពេល​​អារម្មណ៍​ធ្លាក់​ចុះ អ្នកជំងឺ​​នឹង​ពិបាកចិត្ត បាក់​ទឹកចិត្ត អស់​សង្ឃឹម និង​លែង​ចង់​ធ្វើ​សកម្មភាព​អ្វី​ទាំង​​អស់​​ប្រចាំ​ថ្ងៃ។ តែ​នៅ​ពេល​សប្បាយ​វិញ អ្នកជំងឺ​​មាន​អារម្មណ៍​រំភើប​ខ្លាំង​ និង​មាន​ថាមពល​ពេញ​ខ្លួន​តែ​​ម្តង។ ការ​ប្រែប្រួល​អារម្មណ៍​បែប​នេះ​កើត​ឡើង​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ក៏​ពីរ​ទៅ​​៣​ដង​ក្នុង​មួយ​សប្តាហ៍​ទៀត​ផង​​ចំពោះ​​ករណី​​ធ្ងន់​ធ្ងរ​​ខ្លាំង​។ សញ្ញា​របស់​ជំងឺ bipolar អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​អ្នកជំងឺ​​ជាមួយ​​អ្នក​ដទៃ ពិបាក​ដល់​ការងារ​ ​ការ​រៀន​សូត្រ និង​ថែម​ទាំង​អាច​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ទៀត​ផង។ វា​ជា​រឿង​ចាំ​បាច់​ណាស់​​ដែល​អ្នកជំងឺ​​​ត្រូវ​រក​ជំនួយ​ពី​គ្រូពេទ្យ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​បែប​នេះ។

២- ជំងឺ​នេះ​កើតឡើងញឹកញាប់ប៉ុនណា?

ជំងឺBipolar តែង​ចាប់​ផ្តើម​កំឡុងពេល​វ័យ​ជំទង់​ ឬ​ពេញ​វ័យ​ភ្លាមៗ។ ប៉ុន្តែ​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ក៏​អាច​កើត​មាន​ជំងឺ​នេះ​បាន​ដូច​គ្នា។ យ៉ាងតិច​ណាស់​ពាក់​កណ្តាល​នៃ​ករណី​សរុប ជំងឺ​នេះ​កើត​មុន​អាយុ ២៥ឆ្នាំ និង​​នៅ​រហូត​អស់​មួយ​ជីវិត។ ដើម្បី​បាន​ពត៌មាន​លម្អិត​​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

អត្ថបទពាក់ព័ន្ធ៖ ជំងឺ OCD មានអាការៈម៉េច? ធ្លាប់ឮដែរឬអត់?

ស្វែងយល់អំពីរោគសញ្ញា

១- ជំងឺ Bipolar មានរោគសញ្ញាអ្វីខ្លះ?

នៅ​ពេល​គ្នា​យើង​ណា​​មាន​ជំងឺនេះ ​នឹង​ជួប​ប្រទះ​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ក្នុង​កំឡុង​ពេល​មួយ ​ដែល​អាការៈ​បែប​នេះ​គេ​ហៅ​ថា “mood episodes ដំណាក់កាល​អារម្មណ៍’។ ក្នុង​ដំណាក់​កាល​នីមួយៗ​ ដំណាង​ឲ្យ​ការ​ផ្លាស់ប្តូរ​យ៉ាង​កំហុក​នៃ​អារម្មណ៍​និង​អាកប្បកិរិយា​របស់​អ្នកជំងឺ​។ ស្ថានភាព​បែប​សប្បាយ​ជ្រុល​ ឬ​រំភើប​លើស​ពេក​ហៅ​ថា ដំណាក់កាល​ងុបងល់ (manic episode) ឯ​ស្ថានភាព​ពិបាក​ចិត្តខ្លាំង អស់​សង្ឃឹមវិញ​គេ​ហៅ​ថា ដំណាក់កាល​បាក់​ទឹក​ចិត្ត (depressive episode)។ ពេល​ខ្លះ​​វា​បញ្ចេញ​ទាំង​សញ្ញា​ទាំង​ពីរ​ចូល​គ្នា​តែ​ម្តង បែប​នេះ​ហៅ​ថា mixed state។ អ្នក​ជំងឺ​ក៏​អាច​មាន​អារម្មណ៍​មួរម៉ៅ ពុះ​កញ្ច្រោល​ ផង​ដែរ​ក្នុង​ដំណាក់កាល​នីមួយៗ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ថាមពល​រាងកាយ សកម្មភាព ការ​ដេក និង​អាកប្បកិរិយា​ផង​ដែរ។

សញ្ញា​នៅ​ក្នុង​ដំនាក់កាល manic មាន​ដូច​ជា៖

  • សប្បាយ​ចិត្ត​ជ្រុលឬ​រំភើប​ពេក
  • មួរម៉ៅ​ខ្លាំង
  • ញ៉ាំ​ច្រើន
  • ដេក​តិច
  • អាកប្បកិរិយា​មាន​សន្ទុះ​ខ្លាំងៗ​ និង​ចង់​ធ្វើ​អ្វី​ដែល​មាន​គ្រោះថ្នាក់ ព្រម​ទាំងមាន​សេចក្តី​ត្រេក​ត្រអាល
  • និយាយ​លឿន​ខ្លាំង ចេញ​ពី​គំនិត​មួយ​ទៅ​គំនិត​មួយ​ផ្សេង​ទៀត
  • ចុះ​ខ្សោយ​សមត្ថភាព​ក្នុង​ការ​វាយ​តំលៃ​អ្វី​មួយ​និង​មាន​ការ​លំបាក​ពេល​សំរេច​ចិត្ត
  • ឮសំឡេង​​ចម្លែកៗ ឬ​ស្រមៃ​ឃើញ​រូបភាព​ផ្សេងៗ។

ឯសញ្ញា​ក្នុង​ដំណាក់កាល​បាក់ទឹកចិត្ត​វិញ​មាន​ដូច​ជា៖

  • ពិបាក​ចិត្ត​ និង​អស់​សង្ឃឹម​ខ្លាំង​ក្នុង​រយៈពេល​វែង
  • បាត់បង់​ចំណង់ចំណូល​ចិត្ត​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ
  • ញ៉ាំ​តិច
  • ងងុយ​ដេក
  • ទើស​ចិត្ត​ជាមួយ​ខ្លួន​ឯង
  • មិន​អាច​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​មួយ​បាន
  • មាន​គំនិត​ចង់​សម្លាប់​ខ្លួន។

ដំនាក់កាល​អារម្មណ៍​ទាំង​នេះ​អាច​បង្ហាញ​មក​ពីរ​ ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ហើយ​បើ​ញឹកញាប់​វិញពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ បើ​គ្នា​យើង​​​ផ្ទាល់​ឬ​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​​មាន​សញ្ញា​ណាមួយ​ដែល​បាន​រៀបរាប់​ខាង​លើ។

អត្ថបទពាក់ព័ន្ធ៖ 

២- គួរទៅជួបពេទ្យពេលណា?

គ្នា​យើង​គួរ​​​​​ទៅជួប​គ្រូពេទ្យ​ប្រសិន​ជា៖

  • មាន​សញ្ញា​ណា​មួយ​នៃដំណាក់កាល​អារម្មណ៍​ក្នុង​រយៈពេល​វែង
  • មាន​គំនិត​ចង់​សម្លាប់​ខ្លួន
  • អារម្មណ៍​ឆេវឆាវ​ខ្លាំង ​និង​ចង់​ប្រើ​អំពើរ​ហិង្សារ
  • ឬ​មាន​បញ្ហា​ក្នុង​ការ​ដេក​ច្រើន​ថ្ងៃ។

ស្វែងយល់អំពីមូលហេតុ

១- មូលហេតុអ្វីខ្លះបណ្តាលឲ្យមានជំងឺ Bipolar?

អ្នកស្រាវជ្រាវ​នៅ​​មិន​ទាន់​ដឹង​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ bipolar នៅ​ឡើយ​ទេ​ តែ​ក៏​មាន​កត្តា​មួយ​ចំនួន​ដែល​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ផង​ដែរ។

កត្តា​ទាំង​នោះ​រួម​មាន៖

  • សារធាតុ​គីមី​ក្នុង​ខួរក្បាល៖ ពេល​ដែល​ខួរក្បាល​រង​ការ​ប្រែប្រួល​រូបរាង​ នោះ​វា​អាច​ប៉ះពាល់​ដល់កម្រិត​នៃ​ធាតុ​គីមី​ក្នុង​ខួរក្បាល (neurotransmitters) ដែល​វា​មាន​តួរនាទី​គ្រប់គ្រង​អារម្មណ៍​
  • កត្តា​តំណរ​ពូជ៖ ប្រសិន​ជា​គ្នា​យើង​មាន​ឪពុកម្តាយ ឬ​សមាជិក​គ្រួសារ​មាន​ជំងឺ​នេះ។
  • ការ​ជះ​ឥទ្ធពល​ពី​សង្គម៖ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​វា​អាច​មក​ពី​កត្តា​សង្គម​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ។ កត្តា​ទាំង​នោះ​មាន​ដូច​ជា ប្រវត្តិ​គ្រោះថ្នាក់​ណាមួយ​កាល​ពី​កុមារភាព គ្មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង ឬ​ជួប​ការ​បាត់បង់​អ្វី​ម្យ៉ាង​ដែល​ពិបាក​ទទួល​យក។

ស្វែង​យល់​ពី​កត្តា​ប្រឈម

១- កត្តាអ្វីខ្លះធ្វើឲ្យយើង​កាន់តែប្រឈមនឹងជំងឺ Bipolar?

កត្តា​ប្រឈម​មួយ​ចំនួន​មាន​ដូច​ជា៖

  • ស្ត្រេស​ខ្លាំង​ក្នុង​ដំណាក់កាល​ណាមួយ
  • ញៀន​ថ្នាំ​ ឬ​ញៀន​ស្រា
  • ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​អ្នក​មាន​ជំងឺ​ផ្លូវចិត្ត​ឬជំងឺ​ផ្សេង​ទៀត
  • ជួប​ព្រឹត្តិការណ៍​រន្ធត់​ណាមួយ​ក្នុង​ជីវិត​ដូច​ជា​ការ​បាត់​បង់​មនុស្ស​ជាទ​ស្រលាញ់។

ព័ត៌មាន​​​ដែល​​​បាន​​​ផ្តល់​​​ជូន​​​មិន​​​អាច​​​ជំនួស​​​​​​ដំបូន្មាន​​​វេជ្ជសាស្ត្រណាមួយទេ សូម​​​ពិគ្រោះ និង​​​ប្រឹក្សា​​​យោបល់​​​ជាមួយ​​​គ្រូពេទ្យ​​​ដេីម្បី​​​ទទួល​​​បាន​​​ព័ត៌មាន​​​បន្ថែម​​​។

ស្វែងយល់អំពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាន​​​ដែល​​​បាន​​​ផ្តល់​​​ជូន​​​មិន​​​អាច​​​ជំនួស​​​​​​ដំបូន្មាន​​​វេជ្ជសាស្ត្រណាមួយទេ សូម​​​ពិគ្រោះ និង​​​ប្រឹក្សា​​​យោបល់​​​ជាមួយ​​​គ្រូពេទ្យ​​​ដេីម្បី​​​ទទួល​​​បាន​​​ព័ត៌មាន​​​បន្ថែម​​​។

១- តើ​ធ្វើរោគវិនិច្ឆ័យរកជំងឺ Bipolar ដោយរបៀបណា?

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ គ្រូពេទ្យឯកទេស​ផ្លូវចិត្ត​នឹង​ធ្វើ​តេស្ត​ដូច​ខាង​ក្រោម៖

  • ពិនិត្យ​រាងកាយ៖ ដើម្បី​រក​ប្រភព​នៃ​សញ្ញា
  • តេស្ត​ផ្លូវ​ចិត្ត៖ គ្រូពេទ្យ​នឹង​សួរ​សំណួរ​មួយ​ចំនួន​អំពី​អារម្មណ៍ ដំណាក់កាល​ និង​អាកប្បកិរិយា​។
  • តារាង​អារម្មណ៍៖ គ្រូពេទ្យ​នឹង​កត់​ត្រា​ទុក​នូវ​របៀប​នៃ​ការ​ដេក អារម្មណ៍​ និង​អាកប្បកិរិយា​របស់​យើង​ដើម្បី​ទាញ​យក​រោគ​វិនិច្ឆ័យ។

២- តើ​ធ្វើការព្យាបាលជំងឺ Bipolar ដោយរបៀបណា?

ការ​ព្យាបាលជំងឺ​ bipolar មិន​អាច​បាន​ជាសះស្បើយ​នោះ​ទេតែ​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍យើង​​នឹង​នរ​បាន។ ការ​ព្យាបាល​នឹង​ត្រូវ​បាន​កំណ​ត់​ដោយ​គ្រូពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត អាស្រ័យ​លើ​ស្ថានភាព​នៃ​ជំងឺ ការ​ព្យាបាល​រួម​មាន៖

  • ព្យាបាល​ដោយ​ប្រើ​ថ្នាំ៖ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជ​បញ្ជារ​ថ្នាំ​សម្រាប់​សម្រួល​អារម្មណ៍។​ ថ្នាំ​​នឹង​ជួយ​កាត់​បន្ថយ​​រោគ​សញ្ញាដែល​យើង​​មាន។ យើង​​នឹង​ត្រូវ​លេប​ថ្នាំ​ទាំង​នោះ​ក្នុង​រយៈពេល​វែងដើម្បី​បង្ការ​កុំ​ឲ្យ​ចេញ​សញ្ញា​បាក់​ទឹកចិត្ត​ ឬ​ចង់​សម្លាប់​ខ្លួន។ ថ្នាំ​ទាំង​នោះ​រួម​មាន ថ្នាំជំងឺ​បាក់ទឹកចិត្ត សម្រួល​អារម្មណ៍ antipsychotics ឬ anti-anxiety ជាដើម។
  • ការ​ពិគ្រោះ​យោបល់៖ ជួយ​ឲ្យ​យើង​​និយាយ​អំពី​សស្ថានភាព​ដែល​កំពុង​មាន​ និង​របៀប​ដោះស្រាយ​ពេល​​ចេញ​ដំណាក់កាល​មក​ម្តងៗ។ អ្នកជំនាញ​​ក៏​មាន​ក្រុម​ជំនួយ​ដែល​អាច​ជួយ​ក្នុង​ការរស់​នៅ​និង​ជួយ​​អ្នក​​ប្រឈម​ជាមួយ​ជំងឺ​នេះ​បាន។
  • ការ​ព្យាបាល​ចំពោះ​ការ​ញៀន​ថ្នាំ៖ វា​ជា​រឿងចាំ​បាច់​ដែល​ត្រូវ​ព្យាបាល​បញ្ហា​នេះ ព្រោះ​ការ​ញៀន​ថ្នាំ​នឹង​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ពិបាក​ព្យាបាល។
  • ការ​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ៖ ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​​ត្រូវ​តែ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​តាមដាន​ឲ្យ​បាន​ទៀងទាត់។ នេះ​ជា​រឿង​ចាំ​បាច់​ពេល​ដែល​​មាន​សញ្ញាដូច​ជា​ចង់សម្លាប់​ខ្លួន ​ឬ​វិកលចរិត​ជាដើម។ នៅ​ដំណាក់កាល​នេះ យើង​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ក៏​ដូច​ជា​អ្នក​ដទៃ​ទៀត​ផង។

សូម​ចងចាំ​ថា​មិន​មែន​គ្រប់​ស្ថានភាព​សុទ្ធ​តែ​ដូច​គ្នា​ទាំង​អស់​ទេ។ ចូរ​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ផ្នែក​ផ្លូវ​ចិត្ត​ដើម្បី​ដឹង​ពី​ការ​ព្យាបាល​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក។

បំលាស់ប្តូររបៀបរស់នៅ និង វិធីព្យាបាលនៅផ្ទះ

១- បំលាស់ប្តូររបៀបរស់នៅ និងវិធីព្យាបាលតាមផ្ទះអ្វីខ្លះ អាចជួយសម្រួលដល់ការព្យាបាលជំងឺ Bipolar?

ការ​​​ផ្លាស់​​​ប្តូរ​​​របៀប​​​របប​​​ក្នុង​​​ការ​​​រស់​​​នៅ និង​​​វិធី​​​ព្យាបាល​​​តាម​​​ផ្ទះ​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​​​ជួយ​ឲ្យ​គ្នា​យើង​​​សម្រប​ខ្លួន​ទៅ​នឹង​ការ​ព្យាបាល​ជំងឺ Bipolar ​នេះ ដូចជា៖​

  • សូម​ផ្តល់​ពត៌មាន​ជា​បន្ទាន់​ដល់​គ្រូពេទ្យ​ ឬ​មនុស្ស​ដែលយើង​​ទុក​ចិត្ត​ពេល​ដែល​យើង​​មាន​គំនិត​ចង់​សម្លាប់​ខ្លួន។
  • ដេក​ឲ្យ​បាន​គ្រប់គ្រាន់​ដោយ​ទម្លាប់​ចូលដេក​ឲ្យ​បាន​ត្រឹមត្រូវ។
  • ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់
  • ចេញ​ឲ្យ​ឆ្ងាយ​ពី​ទំនាក់ទំនង​មិន​ល្អ​នានា
  • ឈប់​ផឹក​ស្រា ​និង​ជៀសវាង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន

កុំលាក់! ពេទ្យថាសុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចរាងកាយដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម