គ្នាយើង ប្រហែលកំពុងប្រឈមនឹងបញ្ហាការងារមានជាបន្ដបន្ទាប់ ហើយបញ្ហាខ្លះ ដោះស្រាយស្រួល ខ្លះទៀត ដោះស្រាយឡើងក្រញាញ់ខួរ ដល់ថ្នាក់ដេកមិនលក់ក៏មាន។ កាន់តែយ៉ាប់នោះ ដោះស្រាយមិនទាន់ហើយផង ដល់ពេលប្រជុំរាយការណ៍ប្រាប់មេទៀត គឺថា បេះដូងលោតញាប់ណាស់។ ការប្រឈមនឹងបញ្ហារួមទាំង ៣នេះ នាំឲ្យឆាប់ស្លាប់លឿនណាស់។
ការសិក្សាលើអ្នកធ្វើការ ២.០០០នាក់ មានសម្ពាធឈាមខ្ពស់ ស្ដ្រេសការងារ និងដេកតិច រកឃើញថា ពួកគេប្រឈមនឹងការឆាប់ស្លាប់ដោយជំងឺបេះដូង ៣ដង លើសអ្នកដេកបានគ្រប់គ្រាន់ និងមិនជួបស្ត្រេសការងារ។ ការសិក្សានេះ ចេញផ្សាយលើគេហទំព័រវេជ្ជសាស្ត្រ WebMD។
សម្ពាធឈាមខ្ពស់ ជាកត្ដាចម្បង នាំឲ្យកើតជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូង ក្រលៀន និងឆាប់ស្លាប់ដោយជំងឺសរសៃឈាមក្នុងបេះដូង។ នៅពេលបញ្ហាសម្ពាធឈាមខ្ពស់នេះ បូករួមជាមួយនឹងបញ្ហាស្ដ្រេសការងារ និងដេកតិចទៀត ផលប៉ះពាល់កាន់តែអាក្រក់ខ្លាំង។ អ្នកស្រាវជ្រាវ ក៏បញ្ជាក់ថា ការដេកមិនគ្រប់គ្រាន់ ជាបញ្ហារួមរបស់អ្នកមានការងារស្ត្រេសខ្លាំង។