តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចែកគ្នាដឹង! តិចនិកដោះស្រាយ​បញ្ហាឈឺធ្មេញ​ពេល​យប់

    ចែកគ្នាដឹង! តិចនិកដោះស្រាយ​បញ្ហាឈឺធ្មេញ​ពេល​យប់

    ឈឺ​ធ្មេញ អ្នក​ណា​ក៏​ជួប​ប្រទះ​ក្នុង​ជីវិត​ដែរ ប៉ុន្តែ​បើ​ឈឺ​ចំ​ពេល​យប់​វិញ ហើយ​គ្មាន​ថ្នាំ​នៅ​ផ្ទះ​ទៀត ច្បាស់​ជា​វីរវរហើយ។ គ្នា​យើង​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​នេះ បាន​ដឹង​ថា​វេទនា​ប៉ុនណា​។ ប៉ុន្តែក៏មាន​វិធី​ដោះទ័ល​ខ្លះដែរ​​​ទាំង​វិធី​ព្យាបាល​ដោយ​ថ្នាំ ទាំង​វិធី​ព្យាបាល​បែប​ធម្មជាតិ។

    ១. វិធី​ដោះ​ស្រាយ​បញ្ហា​ឈឺ​ធ្មេញ​ពេល​យប់

    ព្យាបាល​អាការៈ​ឈឺធ្មេញ​នៅ​ផ្ទះ ជា​ធម្មតា​អាច​ពាក់​ព័ន្ធ​នឹង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ ខណៈ​ខាង​ក្រោយ​នេះ ជា​វិធី​សាស្ត្រ​ខ្លះៗ អាច​បន្ធូរបន្ថយ​ការ​ឈឺ​ធ្មេញ​ពេល​យប់ ជួយ​ឲ្យ​យើង​អាច​គេង​លក់​យ៉ាង​សុខ​ស្រួល​បាន។

    • ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា៖ ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ពពួក Ibuprofen (Advil, Motrin) ពពួកថ្នាំ Acetaminophen (Tylenol) និង​អាស្ពីរីន​ជាដើម សុទ្ធ​តែ​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ធ្មេញបាន​តួច​តិច​ដែរ។ គ្នា​យើង​ក៏​អាច​ប្រើ​ថ្នាំ​ស្ពឹក ជែល​ស្ពឹក​ដែលជា​រឿយៗ​មាន​លាយ​ជាតិ Benzocaine ក៏អាច​ជួយ​ផ្អាក​ការ​ឈឺ​ចាប់​បាន​មួយ​សន្ទុះ​ធំ គ្រាប់​គ្រាន់​ឲ្យ​យើង​គេង​លក់​បាន។ យ៉ាង​ណា​ត្រូវ​ចាំ​ កុំ​ប្រើ​ផលិត​ផល​ណា​មាន​សារធាតុ Benzocaine ទៅ​លើ​ទារក ឬ​ក្មេង​ក្រោម​អាយុ ២ឆ្នាំ​ឲ្យ​សោះ។
    • មុន​ចូល​គេងកុំ​ញ៉ាំអាហារ ឬភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ ត្រជាក់ ឬអាហារ​រឹង៖ ព្រោះ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ នឹង​ធ្វើ​ឲ្យ​អាការៈ​ឈឺ​ធ្មេញ​របស់​យើង​កាន់​តែ​ធ្ងន់​ធ្ងរ។ ករណី​ខ្លះ ធ្មេញ​យើង​មាន​ប្រហោង​ស្រាប់ ត្រូវ​ចៀស​វាង​ឲ្យ​បាន បើ​មិន​ចង់​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។
    • លាង​ជម្រះ​ធ្មេញ​ជាមួយ​ទឹក​ខ្ពុរ​មាត់៖ ប្រើ​ទឹក​ខ្ពុរ​មាត់ដែល​មាន​លាយ​ជាតិ​អាល់កុល អាច​ជួយ​ទាំង​លាង​សម្អាត​ធ្មេញ​ផង ជួយ​ឲ្យ​ស្ពឹក​មិន​ឈឺ​ចាប់​ថែម​ទៀត។
    • ស្អំ​ថង់​ទឹកកក​មុន​ចូល​គេង៖ អាច​វេច​ខ្ចប់​ទឹកកក​មួយថង់ នឹង​ដាក់​​ទៅ​លើ​ថ្ពាល់​ខាង​ណា​មួយ​យើង​កំពុង​ឈឺ​ធ្មេញ។ បែប​នេះអាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បាន ធ្វើ​ឲ្យ​យើង​សម្រាក​លក់​ស្រួល។

    អត្ថបទពាក់ព័ន្ធ៖

    ២- ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​ឈឺ​ធ្មេញ

    អាការៈ​ឈឺ​ធ្មេញ​ពេល​យប់ ប្រហែល​ជា​ទាន់​ហន់​ពេក ពេលខ្លះ​យើង​មិន​មាន​ថ្នាំ​ព្យាបាល​ទាំង​នោះ​នៅ​ក្នុង​ផ្ទះ ចេញ​ទៅ​ពេទ្យ​ក៏​ពិបាក។ ប៉ុន្តែ​កុំ​ទាន់​បារម្ភ យោង​តាម​ការ​សិក្សា​គួរ​ឲ្យ​ជឿ​ជាក់​ជាច្រើន វិធី​សាស្ត្រ​បែបធម្មជាតិ​មួយ​ចំនួន សុទ្ធ​តែ​អាច​ប្រើ​បំបាត់​ការ​ឈឺចាប់​បណ្តោះ​អាសន្ន ដោយ​ក្នុង​នោះ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ប្រើ​ឱសថ​ធម្មជាតិ អាច​មាន​តាម​ផ្ទះ​ដូច​ជា៖

    ខ្ទឹមស

    ខ្ទឹម​ស​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឱសថ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ខ្ទឹមស​ផ្ទុក​សារធាតុ allicin ដែល​មាន​នាទី​ជា​សារធាតុ​ប្រឆាំង​បាក់តេរី​។ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់ យើង​អាច​យក​ខ្ទឹមស​មួយ​កំពឹស​មក​បំបែក និង​លាយ​ជាមួយ​អំបិល​បន្តិច រួច​យក​ទៅ​បិត​នៅ​ធ្មេញ​ដែល​ឈឺ។

    ឈឺធ្មេញ

    អត្ថបទ​ពាក់​ព័ន្ធ៖

    តែ​ជី​រអង្កាម

    ជី​រអង្កាម​មាន​សារធាតុ​​ធ្វើឲ្យ​ស្ពឹក​ដែល​អាច​បន្ថយ​ការឈឺធ្មេញ​បាន។ សារធាតុ​ម៉ង់តុល (Menthol) នៅ​ក្នុង​ជី​រអង្កាម​គឺ​ជា​សារធាតុ​ប្រឆាំង​បាក់តេរី។ យើងអាច​ដាក់​ជីរអង្កាម​ក្រៀម​មួយ​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ទឹក​កំពុង​ពុះ និង​ទុក​ចោល​២០នាទី។ ក្រោយ​ពី​នេះ​ទុក​ឲ្យ​ត្រជាក់ និង​យក​មក​ខ្ពុរមាត់។ យើង​អាច​ស្ដោះ​ចេញ​ ឬ​ផឹក​ក៏​បាន។

    ប្រទាល​កន្ទុយក្រពើ

    ជែល​ប្រទាលកន្ទុយក្រពើ​អាច​ព្យាបាល​ការ​រលាក ឬ​របួសតូចៗ និង​មនុស្ស​មួយចំនួន​បាន​ប្រើ​ជែល​នេះ​សម្អាត​ និង​បំបាត់​ការ​ឈឺ​ចាប់​នៅ​អញ្ចាញ​ធ្មេញ។ ការសិក្សា​ជា​ច្រើន​ក៏បាន​បង្ហាញ​ថា​ប្រទាល​កន្ទុយ​ក្រពើ​មានសារធាតុ​ប្រឆាំង​បាក់តេរី​ដែល​ជួយ​កំចាត់​ពពួក germ ធ្វើ​ឲ្យ​ធ្មេញ​ពុក។ ដើម្បី​កាត់​បន្ថយ​ការ​ឈឺធ្មេញ យើងអាច​យក​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លាប​លើ​កន្លែង​ដែល​ឈឺ​នៅ​នឹង​មាត់ រួច​ម៉ាស្សា​ថ្នមៗ​ទៅ​ក្នុង​អញ្ចាញ​ធ្មេញ។

    ​វិធីទាំង​នេះ​គ្រាន់​តែ​បន្ថយអាការៈឈឺចាប់​រយៈពេល​ខ្លីប៉ុណ្ណោះ យក​ល្អ​គួរ​ទៅ​ជួប​ទន្តពេទ្យ​ដើម្បី​ទទួលបាន​ការ​ព្យាបាល​ត្រឹមត្រូវ។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សន សុភា កែសម្រួល​ចុងក្រោយ 21/06/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: