អំឡុងពេលមករដូវ ស្រីៗយើងភាគច្រើន អាចងាយប្រឈមនឹងបញ្ហាមួយចំនួនដូចជា ហើមពោះ ឬចុកពោះជាដើម។ យ៉ាងណាមិញ ប្រសិនបើយើងមានទម្លាប់ខុសឆ្គងអំឡុងពេលមករដូវ នោះនឹងអាចបង្កឲ្យមានការឈឺចាប់កាន់តែខ្លាំងទ្វេដង។ តើទម្លាប់ខុសឆ្គងអ្វីខ្លះ ដែលយើងមិនគួរធ្វើនៅអំឡុងពេលមករដូវ?
១. ញ៉ាំតែ ឬកាហ្វេច្រើន
ការញ៉ាំតែ ឬកាហ្វេច្រើនជ្រុល ដើម្បីកាត់បន្ថយអាការៈឈឺចាប់អំឡុងពេលមករដូវ មិនមែនជារឿងល្អឡើយ។ ក្រៅពីជំរុញស្រ្តេស ឡើងសម្ពាធឈាម និងចង្វាក់បេះដូង ការផឹកភេសជ្ជៈទាំងនេះ អាចធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំងពេញមួយថ្ងៃ។ ជំនួសមកវិញ ស្រីៗយើងគួរញ៉ាំពពួកតែសរីរាង្គ ឬទឹកផ្លែឈើ ទើបជាការប្រសើរ។
២. តមអាហាររយៈពេលយូរ
អំឡុងពេលមករដូវ ការធ្លាក់ឈាមច្រើនជ្រុល អាចបណ្តាលឲ្យរាងកាយយើងចុះខ្សោយ ដូច្នេះហើយ ទើបយើងមិនគួរតមអាហារអំឡុងពេលនេះឡើយ។ បន្ថែមពីនេះ យើងចាំបាច់ត្រូវបញ្ចូលអាហារសម្បូរទៅដោយសារជាតិចិញ្ចឹមល្អៗ រួមមានវីតាមីន ជាតិរ៉ែ និងកាល់ស្យូម ដែលមាននៅក្នុងបន្លែ ផ្លែឈើស្រស់ និងទឹកដោះគោ។
៣. ប្រើសំឡីអនាម័យយូរម៉ោង
ទន្ទឹមនឹងនេះដែរ ការប្រើសំឡីអនាម័យយូរម៉ោង អាចបង្កឲ្យមានអាការៈរមាស់ និងបាក់តេរីកើនឡើងនៅក្នុងទ្វារមាស។ ដើម្បីបញ្ចៀសបញ្ហានេះ គ្នាយើងគួរផ្លាស់ប្ដូរសំឡីអនាម័យនៅចន្លោះពេល៣ ឬ៤ម៉ោងម្តង។
![](https://cdn.hellokrupet.com/wp-content/uploads/2023/04/មករដូវ២-scaled.jpg)
៤. ញ៉ាំផលិតផលធ្វើពីទឹកដោះគោច្រើន
ការញ៉ាំផលិតផលធ្វើពីទឹកដោះគោច្រើនជ្រុល អាចបណ្តាលឲ្យមានបញ្ហាចាល់ទឹក និងបង្កើនហានិភ័យនៃបញ្ហាអាស៊ីដ ។ ដូច្នេះហើយ អំឡុងពេលមករដូវ យើងគួរញ៉ាំទឹកដោះគោដែលមានជាតិខ្លាញ់ទាប ដែលមិនបង្កជាអាការៈចុកពោះ។
ការរួមភេទអំឡុងពេលមករដូវ អាចបំបាត់អាការៈចុកពោះ ដោយការតែការឈានដល់ចំណុចកំពូល។ ប៉ុន្តែ ការរួមភេទអំឡុងពេលមករដូវ ក៏អាចបង្កើនហានិភ័យនៃការឆ្លងជំងឺកាមរោគដូចគ្នា ប្រសិនបើយើងមិនបានការពារ។