គីសលើមាត់ទ្វារមាស គឺជាដុំពកនៅលើ ឬក្រោមស្រទាប់ខាងក្នុងនៃទ្វារមាស និងផ្ទុកទៅដោយសារធាតុរាវ ខ្យល់ ខ្ទុះ ឬសារធាតុផ្សេងទៀត។ ហេតុអ្វីបានជាស្រ្តីមានគីសលើមាត់ទ្វារមាស?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គីសលើមាត់ទ្វារមាស គឺជាដុំពកនៅលើ ឬក្រោមស្រទាប់ខាងក្នុងនៃទ្វារមាស និងផ្ទុកទៅដោយសារធាតុរាវ ខ្យល់ ខ្ទុះ ឬសារធាតុផ្សេងទៀត។ ហេតុអ្វីបានជាស្រ្តីមានគីសលើមាត់ទ្វារមាស?
ជាទូទៅគីសនៅមាត់ទ្វារមាសមិនបង្កជារោគសញ្ញាទេ។ ក្នុងករណីខ្លះ យើងអាចដឹងថាមានគីសនៅមាត់ទ្វារមាសតាមរយៈការមានដុំទន់ៗនៅក្នុង ឬនៅលើជញ្ជាំងទ្វារមាស ហើយគីសអាចមានទំហំប៉ុនគ្រាប់សណ្តែករហូតដល់ប៉ុនផ្លែក្រូចឃ្វិច។ ស្រ្តីមួយចំនួនដែលមានគីសនៅមាត់ទ្វារមាសអាចមានភាពមិនស្រួលនៅពេលដើរ ឬពេលរួមភេទ។
គីសលើមាត់ទ្វារមាសអាចបណ្តាលមកពីមូលហេតុដូចខាងក្រោម៖
របួសពេលសម្រាលកូន ឬការវះកាត់ អាចបណ្តាលឱ្យមានគីសលាយខ្ទុះ ដែលមានទំហំតូច និងមានទីតាំងនៅផ្នែកខាងក្រោមនៃជញ្ជាំងទ្វារមាស។ ដោយសារតែគីសមានទំហំតូច យើងអាចមិនចាប់អារម្មណ៍ថាមានគីសប្រភេទនេះ។
ក្រពេញបាតូលីនជាក្រពេញសងខាងមាត់ទ្វារមាស និងមានតួនាទីក្នុងការបញ្ចេញទឹករម្អិល។ ការស្ទះក្រពេញបាតូលីន បណ្តាលឱ្យមានគីសក្រពេញបាតូលីន។ ជាធម្មតាគីសបាតូលីនមិនបង្កឱ្យមានការឈឺចាប់ទេ ប៉ុន្តែប្រសិនបើគីសប្រភេទនេះឆ្លងមេរោគ គីសនឹងឡើងក្រហម ហើម និងមានខ្ទុះ(អាប់សែ)។
គីស Gartner មានវត្តមាននៅពេលអំប្រ៊ីយ៉ុងលូតលាស់ ហើយភាគច្រើនបាត់ទៅវិញបន្ទាប់ពីការសម្រាលកូន។ ប្រសិនបើបំពង់ Gartner នៅសេសសល់ នោះអាចនឹងវិវត្តទៅជាគីស Gartner ដែលមានទីតាំងនៅលើជញ្ជាំងទ្វារមាស។
ក្នុងករណីមានកោសិកាស៊ុតបង្កកំណើតនៅសេសសល់បន្ទាប់ពីអំប្រ៊ីយ៉ុងលូតលាស់ ក៏អាចបណ្តាលឱ្យមានគីស Müllerian ដែលមានទីតាំងនៅលើជញ្ជាំងទ្វារមាស ហើយភាគច្រើនមានខ្ទុះ។
ប្រសិនបើយើងដឹងថាអ្នកមានគីសលើមាត់ទ្វារមាស គួរទៅជួបគ្រូពេទ្យជំនាញខាងរោគស្ត្រីដើម្បីពិនិត្យឱ្យច្បាស់ថាជាគីសមិនមែនជាមហារីក ហើយគ្រូពេទ្យអាចធ្វើការព្យាបាល ប្រសិនបើចាំបាច់។ យើងគួរស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើគីសបណ្តាលឱ្យយើងមានការឈឺចាប់ ឬមានសញ្ញានៃការឆ្លងមេរោគ។ រោគសញ្ញាទូទៅនៃការឆ្លងមេរោគគឺការមានខ្ទុះ និងមានក្លិនមិនល្អ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕