គន្លឹះកម្ចាត់បញ្ហាកើតបូស
យើងអាចកម្ចាត់បូសដោយខ្លួនឯងបាន អាស្រ័យលើទីតាំង។ ក្នុងករណីដែលកើតបូសនៅលើទ្វារមាស កន្លែងផ្នត់ស្បែកនៃក្រលៀន ឬគូទ យើងអាចស្អំកំណាត់ក្ដៅឧណ្ហៗនៅកន្លែងដែលឆ្លងមេរោគ ដើម្បីឲ្យមេរោគរំកិលទៅផ្ទៃខាងលើនៃជាលិកា ធ្វើឲ្យស្បែកទន់ បំបាត់ការឈឺចាប់ ព្រមទាំងជួយឲ្យបូសឆាប់ធ្លាយ។ យើងអាចស្អំបានច្រើនដងក្នុងមួយថ្ងៃ ហើយនៅពេលដែលបូសមានមុខ ចូរលាងសម្អាតបរិវេណនោះ ជាមួយនឹងសាប៊ូ និងទឹកក្ដៅឧណ្ហៗ។ បន្ថែមពីនេះ ចូរបិទបង់រុំរបួសរលុងៗ ជារៀងរាល់ពេលដែលយើងសម្អាតបរិវេណកើតបូស ដើម្បីការពារខ្ទុះធ្លោយ ក៏ដូចជាជៀសវាងប្រឡាក់សំលៀកបំពាក់។ មិនតែប៉ុណ្ណោះ គ្នាយើងចាំបាច់ត្រូវលាងដៃនៅមុន និងក្រោយពេលសម្អាតខ្ទុះ។
ប្រសិនបើបូសមានការវិវត្តដូចខាងក្រោម យើងគប្បីពិគ្រោះជាមួយគ្រូពេទ្យ ទើបជាការប្រសើរ។
- បូសដែលវិវត្តធំទៅៗ (ធំជាង៥សង់ទីម៉ែត្រ) ហើយមិនធ្លាយ
- ឈឺចាប់ខ្លាំង
- ស្នាមក្រហមធំជាងបរិវេណដែលកើតបូស
- ក្ដៅខ្លួនខ្លាំង និងគ្រុនរងា
- មិនជាសះស្បើយក្នុងរយៈពេលច្រើនសប្ដាហ៍
- បូសច្រើននៅក្នុងបរិវេណតែមួយ។
កត្តាហានិភ័យបង្កជាការកើតបូស
- ប្រសិនបើយើងកោររោមប្រដាប់ភេទ ចូរកោរនៅពេលងូតទឹក (ជៀសវាងកោរនៅពេលស្បែកស្ងួត) និងកោរនៅក្នុងទិសដៅដែលរោមដុះ។
- ពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស និងស្លៀកសំលៀកបំពាក់រលុងៗ។
- ងូតទឹកជារៀងរាល់ថ្ងៃ និងលាងសម្អាតបរិវេណប្រដាប់ភេទជាមួយនឹងសាប៊ូដែលគ្មានជាតិកាត់។
- ផ្លាស់ប្ដូរខោទ្រនាប់ជារៀងរាល់ថ្ងៃ និងក្រោយហាត់ប្រាណរួច។
- ប្រើប្រាស់ទឹករម្អិលអំឡុងពេលរួមភេទ ប្រសិនបើស្រីៗយើងប្រឈមនឹងទ្វារមាសស្ងួត។
- បោកគក់សម្ភារៈផ្ទាល់ខ្លួន ដូចជាកន្សែង និងស្រោមពូក ឬស្រោមខ្នើយជាប្រចាំ។