ស្បូនគឺជាសរីរាង្គសំខាន់របស់ស្ត្រី។ បើយើងមានស្បូនដែលមានសុខភាពល្អ សុខភាពបន្តពូជរបស់យើងក៏ល្អដែរ។ លើសពីនេះទៅទៀតស្បូនសុខភាពល្អជួយការពារយើងពីការមករដូវមិនទៀងទាត់ កាត់បន្ថយការឈឺចាប់ពេលមករដូវ កាត់បន្ថយការបង្ករោគក្នុងស្បូន ការពារកើតដុំសាច់ក្នុងស្បូន ឈឺស្បូន និងឈឺអាងត្រគាក។ យើងអាចសាកល្បងអនុវត្តតាមការណែនាំខាងក្រោមដើម្បីថែរក្សាស្បូនឱ្យមានសុខភាពល្អ៖
- កុំទប់នោម៖ ការទប់នោមអាចបង្កឱ្យមានកាកសំណល់ក្នុងប្លោកនោមដែលបណ្តាលឱ្យឆ្លងមេរោគក្នុងប្លោកនោម។ ការឆ្លងមេរោគក្នុងប្លោកនោមអាចឆ្លងចូលដល់ស្បូនបានព្រោះសរីរាង្គទាំងពីរនេះនៅជិតគ្នា។ លើសពីនេះទៅទៀតការទប់នោមធ្វើឱ្យប្លោកនោមរីកធំដែលអាចអាចបន្ថែមសម្ពាធដល់ស្បូន។
- កាត់បន្ថយភាពតានតឹងផ្លូវចិត្ត៖ ការមានភាពតានតឹងខ្លាំងអាចជះឥទ្ធិពលអវិជ្ជមានដល់ស្បូន និងអាចបណ្តាលឱ្យមករដូវមិនទៀង។ យើងអាចកាត់បន្ថយភាពតានតឹងដោយធ្វើសមាធិ ហាត់យូហ្កា ឬធ្វើសកម្មភាពកម្សាន្តផ្សេងៗ។
- ចៀសវាងការជក់បារី៖ ការសិក្សាបានបង្ហាញថា ការជក់បារីកាត់បន្ថយលទ្ធភាពនៃការមានផ្ទៃពោះ ព្រោះអាចប៉ះពាល់ដល់អូវែ និងប៉ះពាល់ដល់សមត្ថភាពរបស់ស្បូនក្នុងការឱ្យអំប្រ៊ីយ៉ុងបង្កកំណើត។
- ចៀសវាងញុំាគ្រឿងស្រវឹងច្រើន និងញឹកញាប់៖ គ្រឿងស្រវឹងកាត់បន្ថយកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងបង្កើនកម្រិតអ័រម៉ូនអឺស្ត្រូសែន។ បញ្ហានេះអាចបណ្តាលឱ្យស្រ្តីក្តៅក្រហល់ក្រហាយ មករដូវមិនទៀង ពិបាកមានផ្ទៃពោះ ឬរក្សាគភ៌ និងឈឺសុដន់។
- កាត់បន្ថយការញុំាជាតិកាហ្វេអ៊ីន៖ ការញុំាជាតិកាហ្វេអ៊ីនច្រើនអាចបណ្តាលឱ្យរលូតកូន និងបង្កឱ្យមានផលវិបាកសុខភាព។ ជាតិកាហ្វេអ៊ីនបង្កើនការផលិតអ័រម៉ូនអឺស្ត្រូសែន និងអាចបង្កឱ្យមានដុំសាច់ក្នុងស្បូន។
- ចៀសវាងការអង្គុយយូរ៖ ការអង្គុយយូរពេកអាចធ្វើឱ្យស្ទះចរន្តឈាមនៅក្នុងតំបន់អាងត្រគាកដែលបណ្តាលឱ្យជញ្ជាំងស្បូនកាន់តែក្រាស់ និងបង្កើនឱកាសនៃការកើតជំងឺ endometriosis (ជាលិកាស្រដៀងនឹងស្រទាប់ស្បូនដុះនៅក្នុងអូវែ និងដៃស្បូន)។ ដូច្នេះបើយើងអង្គុយធ្វើការយូរ យើងគួរក្រោកដើរឲ្យបានញឹកញាប់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
- ធ្វើលំហាត់ប្រាណ៖ ការដើរ ការរត់ ការរត់ជិះកង់ ឬការរាំ មិនត្រឹមតែល្អចំពោះសុខភាពយើងប៉ុណ្ណោះទេ ថែមទាំងបង្កើនចលនាឈាមរត់នៅតំបន់អាងត្រគាកទៀតផង។ ការធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំអាងត្រគាកអាចជួយទប់ស្បូនមិនឱ្យធ្លាក់ចុះក្រោម។ អ្នកជំនាញបានលើកឡើងថា ការហែលទឹក ២ ម៉ោងក្នុងមួយសប្តាហ៍អាចកាត់បន្ថយការឈឺខ្នង បន្ថយការឈឺចាប់ពេលមករដូវ និងជួយក្នុងការសម្រាលកូន។
- គ្រប់គ្រងទម្ងន់កុំឱ្យធាត់ពេក៖ ការធាត់លើសគីឡូពេកធ្វើឱ្យមានជាលិកាខ្លាញ់ច្រើន ដែលនាំឱ្យមានកម្រិតអ័រម៉ូនអឺស្ត្រូសែនខ្ពស់។ អ្វីទាំងនេះ អាចជះឥទ្ធិពលដល់ការលូតលាស់ដុំសាច់ និងដុំសាច់មហារីកក្នុងស្បូន។
- គេងឱ្យបានគ្រប់គ្រាន់៖ កាលណាយើងគេងមិនគ្រប់គ្រាន់ រាងកាយយើងនឹងផលិតអ័រម៉ូនស្ត្រេសច្រើន ដែលអាក្រក់ចំពោះសុខភាព និងប៉ះពាល់ដល់ការបញ្ចេញអ័រម៉ូនអឺស្ត្រូសែន និងអ័រម៉ូនតេស្តូស្តេរ៉ូន។ កម្រិតអ័រម៉ូនទាំងពីរនេះប៉ះពាល់ដល់វដ្តរដូវ និងសម្ថភាពក្នុងការមានកូន។
- ស្នើដៃគូសម្អាតប្រដាប់ភេទមុនពេលរួមភេទ៖ គ្រូពេទ្យជំនាញបានលើកឡើងថា នៅលើប្រដាប់ភេទបុរសមានបាក់តេរីជាច្រើនដែលបណ្តាលឱ្យឆ្លងមេរោគចូលក្នុងអាងត្រគាក។
បញ្ហាសុខភាពស្ត្រីជាច្រើនសុទ្ធតែទាក់ទងនឹងស្បូន ដូច្នេះយើងចាំបាច់ថែទាំស្បូនឱ្យមានសុខភាពល្អ។ ការកែប្រែរបៀបរស់នៅ និងការធ្វើលំហាត់ប្រាណអាចជួយថែរក្សាស្បូនឱ្យមានសុខភាពល្អបាន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី