លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កែវ មួយស្រូយ ឯកទេសសម្ភព និងរោគស្ត្រី និងជាអនុប្រធាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានឲ្យដឹងថា ចំណីអាហារដែលយើងញ៉ាំចូលតាមមាត់ និងធ្លាក់ចុះទៅកាន់ក្រពះ-ពោះវៀន គ្មានឥទ្ធិពលធ្វើឲ្យទ្វារមាសមានក្លិនឡើយ ព្រោះវាមិនមែននៅផ្លូវតែមួយ។
លោកបានបន្ថែមទៀតថា បញ្ហាក្លិនទ្វារមាសមិនទាក់ទងនឹងអាហារហឹរ ឬមិនហឹរឡើយ តែបើឲ្យក្លិនទៅទឹកដោះសម្រាប់អ្នកបំបៅកូនដោយទឹកដោះ ពិតជាមានមែន។ ក្នុងនោះមានដូចជាត្រពាំង ម្ទេស ស្លឹកម្ទេស ឬស្ពៃក្ដោបជាដើម តែគ្រាន់ជាក្លិនរាងប្លែកខុសពីសព្វមួយដងប៉ុណ្ណោះមិនមែនទៅជាប្ដូររសជាតិឡើយ ដោយនៅតែអាចបំបៅ ហើយកូននៅតែបៅធម្មតា ដោយសារកូនតូចមិនអាចប្រាប់យើងបានថា ទឹកដោះនោះមានក្លិនអ្វីឡើយ។ បែបនេះហើយទើបក្រសួងណែនាំឲ្យស្ត្រីបំបៅដោះកូន ញ៉ាំអាហារបានគ្រប់យ៉ាងមិនចាំបាច់តមឡើយ។