ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្រីៗយើងពិតជាដឹងហើយថាការមករដូវរំខានចិត្តយើងប៉ុនណានោះ តែយើងក៏មិនអាចចៀសបានដូចគ្នា។ ការមករដូវគឺជាផ្នែកសំខាន់មួយនៃសុខភាពរបស់ស្រីៗយើង។ ដូចគ្នាដែរ ស្រីៗយើងមិនអាចមានបរិមាណឈាមរដូវដូចៗគ្នានោះទេ អ្នកខ្លះអាចមកច្រើន និងអ្នកខ្លះអាចមានបរិមាណតិចជាដើម ។ គ្រាន់តែរឿងមករដូវរំខានចិត្តទៅហើយ ចុះបើមកក្នុងបរិមាណច្រើនទៀតរំខានប៉ុនណាទៅ?
ជាធម្មតាបរិមាណឈាមរដូវដែលធ្លាក់មកអាចមានចន្លោះពី៥មិល្លីលីត្រ ទៅ៨០មិល្លីលីត្រ ប៉ុន្តែបើបរិមាណនេះច្រើនជាង៨០មិល្លីលីត្ររាល់ពេលមករដូវ នេះអាចថារដូវមកច្រើនពេកហើយ។ បើស្រីៗយើងជួបបញ្ហាបែបនេះអាចសាកល្បងដោះស្រាយតាមវិធីមួយចំនួនខាងក្រោមអាចជួយសម្រួលបាន។
ពេលយើងបាត់បង់ឈាមច្រើន យើងក៏កំពុងបាត់បង់ជាតិដែកដូចគ្នា។ ដូចយើងបានដឹងហើយថាជាតិដែក គឺជារ៉ែសំខាន់មួយប្រភេទសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង។ កម្រិតជាតិដែកទាបអាចធ្វើឲ្យយើងប្រឈមមុខនឹងជំងឺស្លេកស្លាំង។ ដូចនេះ ជារឿងសំខាន់ដែលស្រីៗយើងត្រូវរក្សាជាតិដែកក្នុងខ្លួនឲ្យនៅកម្រិតល្អជាប្រចាំ។ ដើម្បីបង្កើតជាតិដែកក្នុងខ្លួនយើងអាចញ៉ាំអាហារសម្បូរជាតិដែក ដូចជាគ្រាប់ធញ្ញជាតិ ស៊ុត សាច់ក្រហម បន្លែស្លឹកបៃតង និងតៅហ៊ូ ជាដើម។
ការសិក្សាមួយបានរកឃើញថាស្រ្តីដែលមានរដូវមកច្រើនបានញ៉ាំអាហារបំប៉នផលិតពីខ្ញីក្នុងរយៈពេលបីវដ្ដរដូវ និងបានរកឃើញថាបរិមាណរដូវក៏បានថយចុះវិញ។ ដូចនេះហើយ រឿងអីដែលយើងមិនញ៉ាំទឹកខ្ញី ដើម្បីកាត់បន្ថយការមករដូវក្នុងបរិមាណច្រើនខុសធម្មតានេះ?
នៅពេលដែលរាងកាយយើងមានអតុល្យភាពអ័រម៉ូន ការមករដូវរបស់យើងក៏ជួបការរំខានមួយចំនួនដែរ។ អតុល្យភាពរវាងអ័រម៉ូនអឺស្រ្តូសែន និងអ័រម៉ូនប្រូហ្គេស្រ្តេរ៉ូន នឹងធ្វើឲ្យជញ្ជាំងស្បូន ទៅជាស្ដើង នាំឲ្យការធ្លាក់ឈាមរដូចមានចំនួនច្រើន។ ការហាត់ប្រាណទៀងទាត់ និងញាំអាហារត្រឹមត្រូវ នឹងជួយឲ្យអ័រម៉ូនក្នុងរាងកាយរបស់យើងមានតុល្យភាព។
សូមចងចាំថា បើការធ្លាក់ឈាមរដូវរបស់យើងមកច្រើន ហើយធ្វើឲ្យយើងអស់កម្លាំង និងរំខានដល់ការប្រកបកិច្ចការប្រចាំថ្ងៃទៀតនោះ យើងគួរស្វែងរកការប្រឹក្សា និងព្យាបាលពីគ្រូពេទ្យ ដើម្បីអាចដឹងថាយើងមានជំងឺអ្វីផ្សេង ឬយ៉ាងណា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ