backup og meta

ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 17, 2020

    ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ

    ការ​អាន​សៀវភៅ​អាច​ជួយ​ដល់​កូន​របស់​យើង​បាន​ច្រើន​ទាំង​ផ្នែក​ប្រាជ្ញា និង​ស្មារតី ប៉ុន្តែ​ក្មេង​មួយ​ចំនួន​អាច​នឹង​មិន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​អាន។ នេះ​មិន​មែន​ជា​បញ្ហា​ទេ ប៉ាម៉ាក់​អាច​ជួយ​កូន​ឲ្យ​ចូល​ចិត្ត​អាន​សៀវភៅ​បាន។

    . អាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​តូច

    ការ​អាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​តូច​អាច​ជួយ​ឲ្យ​កូន​ស៊ាំ​នឹង​ការ​អានសៀវភៅ។ ប៉ាម៉ាក់​អាច​បង្កើត​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​ដោយ​ជ្រើស​រើស​ការ​អាន​ឲ្យ​កូន​ស្ដាប់​មុន​ពេល​ចូល​គេង ឬ​ក្រោយ​អាហារ​ពេល​ល្ងាច។ យក​ល្អ​គួរ​បង្កើត​ទម្លាប់​នៃ​ការ​អាន​ឲ្យ​កូន​ស្តាប់​នេះជា​រៀងរាល់ថ្ងៃ។

    . ជួយ​រក្សា​ចំណាប់​អារម្មណ៍​កូន​ទៅ​លើ​សៀវភៅ​ដែល​កំពុង​អាន

    ដើម្បី​ជួយ​រក្សា​ចំណាប់​អារម្មណ៍​កូន​ទៅ​លើ​សៀវភៅ​ដែល​ពួកគេ​កំពុង​អាន ប៉ាម៉ាក់​អាច​សួរ​សំណួរ​ទាក់ទង​ទៅ​នឹង​សាច់រឿង​របស់​សៀវភៅ​។ ការ​សួរសំណួរ​មិន​ត្រឹមតែ​ជួយ​រក្សា​ចំណាប់​អារម្មណ៍​របស់​កូន​ទេ ប៉ុន្តែ​នៅ​អាច​ធ្វើ​ឲ្យ​ប៉ាម៉ាក់​ដឹង​ពី​កម្រិត​នៃ​ការ​យល់​របស់​កូន​បាន​ទៀត។ ការ​ពិភាក្សា​ជាមួយ​កូន​ពី​អ្វី​ដែល​ពួកគេ​កំពុង​អាន​អាច​ជួយ​បណ្ដុះ IQ និង​ណែនាំ​កូន​​គិត​ទៅ​លើ​អត្ថបទ​ណា​ដែល​ពិបាក​​។

    . រក​កន្លែង​ស្ងាត់​ឲ្យ​កូន​អាន

    ប៉ាម៉ាក់​គួរ​រក​កន្លែង​ដែល​ស្ងាត់​មិនមាន​ការ​រំខាន់​ផ្សេងៗ​សម្រាប់​កូន​ក្នុង​ការ​អាន។ ម៉្យាងទៀត ប៉ាម៉ាក់​អាច​កំណត់​ពេល​មិន​ឲ្យ​កូន​ប្រើ​គ្រឿង​អេឡិចត្រូនិច និង​ងាក​មក​ផ្ដោត​លើ​ការ​អាន​វិញ​។ ការ​កំណត់​នេះ​អាច​ក្នុង​អំឡុងពេល​ចុងសប្ដាហ៍​ដែល​អនុញ្ញាត​​ឲ្យ​កូន​អាន​សៀវភៅ ឬ​ធ្វើ​សកម្មភាព​​ផ្សេងៗ​​ដែល​​មិន​​ទាក់​ទង​នឹង​​ការ​ប្រើប្រាស់​​គ្រឿង​​អេឡិចត្រូនិច​។

    អត្ថបទពាក់ព័ន្ធ៖

    . ផ្តល់​រង្វាន់​ដល់​កូន​ពេល​អាន​

    កូន​ក្មេង​តែង​ចង់​ធ្វើ​អ្វី​មួយ​ដែល​ប៉ាម៉ាក់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូចជា​ការ​ចូល​គេង​យប់។ ប្រសិន​ជា​ប៉ាម៉ាក់​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​គេង​យឺត​ប៉ុន្តែ​ពួកគេ​ត្រូវ​ចំណាយ​បន្ថែម​ក្នុង​ការ​អាន​សៀវភៅ នោះ​កូន​នឹង​ជ្រើសរើស​យក​ការ​អាន​នេះ​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ។ បន្ថែម​ពី​នេះ​ទៀត ប៉ាម៉ាក់​អាច​ផ្តល់​រង្វាន់​ដល់​កូន​នៅ​ពេល​ពួកគេ​បំពេញ​កិច្ចការ​អ្វី​មួយ​ដោយ​ការ​អាន​ជាមួយ​គ្នា។

    . ធ្វើ​ជា​គំរូ​ដល់​កូន

    វិធី​ដែល​ល្អ​គឺ​ធ្វើ​ជា​គំរូ​ដល់​កូន​ដោយ​ធ្វើ​សកម្មភាព​នោះ​ដោយ​ខ្លួនឯង។ ពេល​កូន​ឃើញ កូន​នឹង​ធ្វើ​ត្រាប់តាម ដូចនេះ​វិធី​នេះ​អាច​ជំរុញ​ឲ្យ​កូន​អាន​បាន។ ប៉ាម៉ាក់​ក៏​អាច​អាន​ជាមួយ​កូន​បាន​ដែល​នេះ​ជួយ​ដល់​ទំនាក់ទំនង​រវាង​ប៉ាម៉ាក់ និង​កូនទៀត​ផង។

    . កុំ​បង្ខំ​កូន​ឲ្យ​អាន

    បើ​ប៉ាម៉ាក់​បង្ខំ​កូន​ឲ្យ​អាន នោះ​ការ​អាន​សៀវភៅ​នឹង​ក្លាយ​ជា​សកម្មភាព​ដ៏​តានតឹង​សម្រាប់​កូន ជាពិសេស​អំឡុងពេល​កូន​ស្ថិត​ក្នុង​​វ័យ​ក្មេង។ កូន​ត្រូវការ​ពេលវេលា​ដើម្បី​ស៊ាំ​ទៅ​នឹង​ទម្លាប់​ថ្មី​នេះ ដូចនេះ​ប៉ាម៉ាក់​ត្រូវ​មាន​ភាព​អត់ធ្មត់​។

    . ជ្រើស​រើស​សៀវភៅ​ឲ្យ​កូន

    ដើម្បី​ជំរុញ​ឲ្យ​កូន​អាន​សៀវភៅ ប៉ាម៉ាក់​គួរ​ជ្រើសរើស​សៀវភៅ​ដែល​មាន​ចំណង​ជើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​សៀវភៅ​សំណើច​ដែល​នេះ​ធ្វើ​ឲ្យ​កូន​ចង់​អាន​បន្ត ឬ​សៀវភៅ​ទាក់ទង​នឹង​សត្វ និងរុក្ខជាតិ​ជាដើម។

    . អនុញ្ញាត​ឲ្យ​កូន​ជ្រើសរើស​សៀវភៅ​ដោយ​ខ្លួនឯង

    កូន​អាច​នឹង​មាន​ចំណង់ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដូចនេះ​គួរ​ឲ្យ​ពួកគេ​ជ្រើសរើស​សៀវភៅ​ដោយ​ខ្លួនឯង​ទោះបីជា​ប៉ាម៉ាក់​មិន​ចូលចិត្ត​ក៏​ដោយ​។ ការ​ធ្វើ​បែបនេះ​ជួយ​ឲ្យ​ការ​អាន​របស់​កូន​មាន​ភាព​ងាយ​ស្រួល ហើយ​ការ​ពិភាក្សា​ក៏​កាន់តែ​មាន​ចំណាប់អារម្មណ៍។ ទោះបីជា​កូន​ចូលចិត្ត​អាន​សៀវភៅ​ដដែលៗ​ក៏ដោយ គួរ​កុំ​បង្ខំ​កូន​ឲ្យ​ដូរ​សៀវភៅ​ព្រោះ​យូរ​ទៅ​ពួកគេ​នឹង​ដូរ​សៀវភៅ​ថ្មី​ដោយ​ខ្លួនឯង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម