backup og meta

ប៉ាម៉ាក់គួរដឹង! វិធី ៥ យ៉ាង ជួយបើកផ្លូវឲ្យ​អូនៗ​ធំឡើងជាមនុស្សឆ្លាត និង​ពូកែ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 24, 2020

    ប៉ាម៉ាក់គួរដឹង! វិធី ៥ យ៉ាង ជួយបើកផ្លូវឲ្យ​អូនៗ​ធំឡើងជាមនុស្សឆ្លាត និង​ពូកែ

    ការ​ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ហើយ​ក៏​មិន​មាន​សាលា​ណា​ដែលអះអាង​ថា​អាច​បង្រៀន​អំពី​វិធី​​ចិញ្ចឹម​កូន​ឲ្យ​បាន​ល្អ​គ្មានទាស់នោះដែរ។ ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​អាច​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​កូន​ដោយ​ប្រើប្រាស់​សកម្មភាព​ប្រចាំ​ថ្ងៃ​ដើម្បី​បង្កើត​ជា​ឱកាស​ដល់​កូន។

    ១. និយាយ​ភាសា​កូនក្មេង​ជាមួយ​កូន

    សំឡេង និង​កាយវិការ​ដែល​ក្មេង​បង្កើត​ឡើង​អាច​នឹង​មិន​មាន​អ្វី​ពិសេស ប៉ុន្តែ​នេះ​ជា​វិធី​ប្រាស្រ័យ​ទាក់ទង​ដែល​ពួក​គេ​អាច​ធ្វើ​បាន។ អំឡុង​ពេល​​លូតលាស់​ដំបូង​របស់​ក្មេង អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ម៉ាក់​ប៉ា​គួរ​និយាយ​ភាសា​កូន​ក្មេង​ជាមួយ​កូន និង​​ធ្វើ​​ដូច​សន្ទនា​ធម្មតា។ ម៉្យាងទៀត ម៉ាក់ប៉ា​គួរ​ឆ្លើយតប​ទៅ​នឹង​សំឡេង​ និង​សកម្មភាព​ផ្សេងៗ​របស់​កូន។ ការ​និយាយ​ជាមួយ​កូន​អាច​កំណត់​ចំនួន​ពាក្យ​ដែល​កូន​ដឹង​ពេល​ពួកគេ​អាយុ​២​ឆ្នាំ និង​កម្រិត​នៃ​ការ​អាន​នៅ​ពេល​ក្រោយ​ដែរ។ ដូចនេះ​ម៉ាក់ប៉ា​មិន​​គួរ​មើល​រំលង​ពេល​កូន​និយាយ​កកែកករទេ​។

    ២. អាន​ឲ្យ​កូន​ស្តាប់

    ទារក​អាច​នឹង​មិន​ទាន់​ចេះ​និយាយ ឬ​អាន​ទេ ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​រៀន​ពី​អ្វី​ជា​ច្រើន​បាន។ ទោះបី​នៅ​អាយុ​៣​ខែ ពួកគេ​ក៏​អាច​បែង​ចែក​នូវ​សំឡេង​នៃ​ភាសា​ផ្សេងៗ​បាន។ រាល់ពេល​ដែល​ម៉ាក់ប៉ា​អាន​ឲ្យ​កូន​ស្តាប់ គឺ​ដូចជា​ម៉ាក់ប៉ា​បង្រៀន​ភាសា​ដល់​កូន។ ក្រៅ​ពី​អាន ម៉ាក់ប៉ា​គួរ​បង្ហាញ​រូបភាព​ក្នុង​សៀវភៅ និង​សួរ​សំណួរ​ធម្មតា​អំពី​សាច់រឿង និង​តួអង្គ​បាន។ ការ​អាន​ឲ្យ​កូន​ស្តាប់​​មិន​ត្រឹម​តែ​បង្រៀន​ពាក្យ​ថ្មីៗ​ដល់​កូន​ទេ នៅ​អាច​ជំរុញ​ឲ្យ​កូន​ស្រលាញ់​ការ​អាន​ទៀត​ផង។

    ៣. ប្រើប្រាស់​សកម្មភាព​ប្រចាំ​ថ្ងៃ​បង្រៀន​កូន

    សម្រាប់​ក្មេង មិន​ថា​ពេល​ងូតទឹក ពេល​បោកគក់ ឬ​ពេល​ចម្អិន​អាហារទេ​ សុទ្ធតែ​ជា​ឱកាស​ក្នុង​ការរៀន។ ម៉ាក់ប៉ា​អាច​រៀបចំ​ពី​អ្វី​ដែល​កំពុង​ធ្វើ​ដើម្បី​ជំរុញ​ការ​រៀន​ភាសា​របស់​កូន។ ការ​រាប់ និង​បែងចែក​សម្លៀកបំពាក់​អាច​បង្រៀន​លេខ​ដល់​កូន រីឯ​ការ​ធ្វើ​ទឹកមុខ​ផ្សេងៗ​គឺ​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​បង្រៀន​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍ (EQ) ដល់​កូន។

    ៤. ការ​លេង​

    នៅ​ពេល​ក្មេង​លេង ពួកគេ​បង្កើត​ជំនាញ​ជីវិត​សំខាន់​​ផ្សេងៗ។ ការ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ ពួកគេ​រៀន​ពី​ការ​បត់បែន និងការ​​ចែករំលែក។ ចំណែកឯ​ការ​លេង​បែប​ស្រមើស្រមៃ​អាច​ជំរុញ​ដល់​គំនិត​ច្នៃ​ប្រឌិត និងភាសា​ដោយ​ក្មេងៗ​រៀន​បង្ហាញ​គំនិត​របស់​ពួកគេ​តាម​ពាក្យ​សម្ដី។ ម៉្យាងទៀត នៅ​ពេល​ក្មេងៗ​ស្រមើស្រមៃ​ពី​អ្វី​ថ្មី ពួកគេ​រៀន​អំពី​ការ​ដោះស្រាយ​បញ្ហា និង​បង្កើត​ជម្រើស​​ថ្មីៗ​។ ដូចនេះ​ការ​លេង​គឺ​ជា​ឱកាស​រៀន​ដ៏​ល្អ​សម្រាប់​កូន ហើយ​ម៉ាក់ប៉ា​គួរ​ចៀសវាង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ច្រើន​នៅ​មុខ​កូន​ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សំខាន់។

    ៥. ធ្វើ​ជា​គំរូ​ដល់​កូន

    ម៉ាក់ប៉ា​ដឹង​ហើយ​ថា​ក្មេង​ងាយ​នឹង​ចាប់​បាន​អ្វី​ថ្មីៗ​នៅ​ពេល​ពួកគេ​ឃើញ។ មុន​នឹង​ក្មេង​ចេះ​និយាយ ពួកគេ​អាច​ដឹង​ពី​អារម្មណ៍​តាម​រយៈ​ទឹកមុខ និង​កាយ​វិការ​ផ្សេងៗ ហើយ​ពួកគេ​នឹង​រៀន​ធ្វើ​តាម។ តាម​ការ​មើល​កាយវិការ​របស់​ម៉ាក់ប៉ា​មិន​ថា​ការ​ប្រាស្រ័យ​ទាក់​ទង ឬ​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ ក្មេង​នឹង​រៀន​ពី​អាកប្បកិរិយា និង​សកម្មភាព​ទាំង​នោះ​​ដោយ​​ខ្លួន​ឯង​។ ដូចនេះ​សកម្មភាព​​ដែល​ម៉ាក់ប៉ា​ធ្វើ​នៅ​មុខ​​កូន​​អាច​កំណត់​ថា​ពួកគេ​ធំឡើង​នឹង​ក្លាយ​ជា​មនុស្ស​ប្រភេទ​ណា។

    ម៉ាក់ប៉ា​អាច​រួមបញ្ចូល​វិធី​ទាំង​៥​នេះ​ដើម្បី​ជួយ​បង្កើត​ឱកាស​ជោគជ័យ​ដល់​កូន​នៅ​ពេល​អនាគត។ ការ​ជួយ​ឲ្យ​កូន​ជោគជ័យ​គឺ​មិន​ទាក់ទង​នឹង​ប្រាក់ ឬ​ធនធាន​ដែល​មាន​តម្លៃ​ថ្លៃៗ​​ទេ ប៉ុន្តែ​គឺ​ទាក់ទង​នឹង​ពេលវេលា និង​កម្រិត​នៃ​ការ​ចូលរួម​របស់​ម៉ាក់ប៉ា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម