ទោះជាបែបនេះក្តី លោកវេជ្ជបណ្ឌិតថា ក្មេងខ្លះអាចដុះធ្មេញលឿនជាងនេះ នៅអាយុ ៣ ខែ តែខ្លះទៀតអាចយូរជាងនេះរហូតដល់ អាយុ ១២ ខែ ក៏មានដែរ។ នៅពេលចាប់ផ្តើមដុះពន្លកធ្មេញដំបូង ទារកអាចនឹងរមាស់អញ្ចាញធ្មេញ ចង់ខាំនេះខាំនោះ ហៀរទឹកមាត់ច្រើន ឮសំឡេងក្រឺតៗចេញពីមាត់ ឆាប់ខឹង និងមានក្តៅខ្លួន។
កូនចាប់ផ្តើមដុះធ្មេញ ដើម្បីកាត់បន្ថយការឈឺចាប់ពេលកូនដុះធ្មេញ ម៉ាក់ប៉ាត្រូវផ្តល់របស់អ្វីមួយដើម្បីកូនទំពា ដូចជាកងកៅស៊ូជ័រសម្រាប់ខាំ ឬកន្សែងត្រជាក់ និងត្រូវផ្តល់អាហារត្រជាក់ៗដល់កូន ដូចជាទឹកផ្លែប៉ោម ឬទឹកដោះគោជូរ បើកូនមានអាយុគ្រប់ដើម្បីញ៉ាំអាហារទាំងនោះ ព្រោះអាហារត្រជាក់អាចកាត់បន្ថយការឈឺចាប់បាន។
ចំពោះវិធីអនាម័យ និងការពារធ្មេញកូនមិនឲ្យពុក ឬដង្កូវស៊ីធ្មេញ លោកវេជ្ជបណ្ឌិតណែនាំថា ក្រោយបំបៅដោះ ឬទឹកដោះគោរួច ម៉ាក់ៗត្រូវយកកំណាត់ស្អាត ជ្រលក់ជាមួយទឹកក្តៅឧណ្ហៗមកជូតនៅលើអណ្តាត អញ្ចាញ ដើម្បីសម្អាតមេរោគ និងជាតិទឹកដោះពីក្នុងមាត់កូន។ បន្ថែមពីនោះ យើងមិនត្រូវឲ្យកូនចូលគេងដោយបៀមដបទឹកដោះគោ កុំឲ្យកូនបៀមដោះពេញមួយយប់ និងឈប់ប្រើដបទឹកដោះពេលកូនអាយុ ១ ឆ្នាំ។