ការគេងលក់ស្កប់ស្កល់ មានសារសំខាន់ណាស់ ដើម្បីជួយឲ្យអាអូនមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប៉ុន្តែ ពេលខ្លះ កូនតូចតែងតែភ្ញាក់ពេលយប់ និងពិបាកគេងទៅវិញ ដែលធ្វើឲ្យក្មេងរញ៉ាំរញ៉ូវ មួម៉ៅ និងកិកកុកមិនបាត់ ហើយបញ្ហានេះក៏ជាហេតុនាំឲ្យប៉ាម៉ាក់ស្រ្តេស និងហត់នឿយខ្លាំងដូចគ្នា។ ដើម្បីគ្រប់គ្រងស្ថានភាព ប៉ាម៉ាក់គប្បីយល់ដឹងពីមូលហេតុ និងអនុវត្តតាមគន្លឹះមួយចំនួនខាងក្រោមនេះ។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
មូលហេតុក្មេងភ្ញាក់នៅពេលយប់
- ឃ្លានអាហារ
- គេងថ្ងៃយូរពេក
- ភ័យខ្លាចអ្វីមួយ
- យល់សប្ដិអាក្រក់
- ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនជ្រុល
- ឈឺ
- ការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃ ដូចជាការផ្ដាច់ដោះ ការចូលរៀន ការរៀនប្រើបង្គន់ ផ្លាស់ប្ដូរអ្នកមើលថែថ្មី
- ការភ័យខ្លាចនៅតែឯង
តិចនិកដោះស្រាយនៅពេលកូនភ្ញាក់នៅពេលយប់
- រកមូលហេតុ និងដោះស្រាយផ្អែកតាមមូលហេតុជាក់ស្ដែង៖ ក្មេងម្នាក់ៗមានមូលហេតុភ្ញាក់នៅពេលយប់ផ្សេងៗគ្នា។ ក្មេងខ្លះភ្ញាក់ដោយសារតែការឈឺចាប់ និងខ្លះទៀតភ្ញាក់ដោយសារតែភ័យខ្លាចការនៅតែឯង។ ប៉ាម៉ាក់គប្បីវាយតម្លៃអំពីស្ថានភាព កំណត់មូលហេតុជាក់លាក់ និងរកដំណោះស្រាយឲ្យបានត្រឹមត្រូវ។
- ទុកពេលឲ្យកូនរៀនទម្លាប់ខ្លួន៖ ចូរឲ្យកូនគេងលក់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែ បើអាអូនទើបតែចេះដើរតេះតះ ប៉ាម៉ាក់គប្បីអង្អែលខ្នងកូនថ្នមៗ ដោយជៀសវាងលើកបីកូន ឬដាក់កូននៅលើភ្លៅ។ យ៉ាងណាមិញ ក្នុងករណីដែលកូនភ្ញាក់ដោយសារជំងឺ ឬយល់សប្ដិអាក្រក់ ចូរឱបកូន និងនៅក្បែរកូនរហូតទាល់តែក្មេងគេងលក់វិញ។
- មានការអត់ធ្មត់៖ ការបង្កើតទម្លាប់គេងដ៏ត្រឹមត្រូវចំពោះក្មេងទើបចេះដើរតេះតះ ទាមទារឲ្យមានការអនុវត្តបន្ថែម។ ដូចនេះ ចូរឲ្យកូនរៀនបន្ធូរអារម្មណ៍ខ្លួនឯងតាំងពីតូច ទើបជាការប្រសើរ។ នៅពេលដែលអាអូនកាន់តែធំ ប៉ាម៉ាក់គប្បីកាត់បន្ថយពេលលួងលោមកូន ដើម្បីឲ្យកូនចេះពឹងលើខ្លួនឯង។
តិចនិកកុំឲ្យកូនតូចភ្ញាក់នៅពេលយប់
ភាគច្រើន ការភ្ញាក់នៅពេលយប់ចំពោះកូនតូចកើតឡើងនៅក្នុងរយៈពេលខ្លី និងអាចបង្ការបាន។ ប៉ាម៉ាក់អាចអនុវត្តតាមតិចនិកខាងក្រោមនេះ ដើម្បីជួយឲ្យកូនគេងលក់ស្រួល។
- ធ្វើជាគំរូដល់កូន ដោយការគេងទៀងទាត់ម៉ោង។
- អនុវត្តតាមទម្លាប់គេងប្រចាំថ្ងៃ ដូចជាការងូតទឹកក្ដៅឧណ្ហៗ ដុសសម្អាតធ្មេញ និងអានសៀវភៅរឿងឲ្យកូនស្ដាប់នៅម៉ោងដដែល ដើម្បីឲ្យកូនមានអារម្មណ៍ធូរស្រាល និងឆាប់គេងលក់។
- ជៀសវាងឲ្យកូនមើលទូរទស្សន៍ ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកដទៃទៀត នៅអំឡុងពេលគេង ពីព្រោះអាចប៉ះពាល់ដល់ការគេងរបស់ក្មេង។
[embed-health-tool-vaccination-tool]