backup og meta

តិចនិកបំបៅទឹកដោះគោម្សៅដល់កូន​ ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 28, 2022

    តិចនិកបំបៅទឹកដោះគោម្សៅដល់កូន​ ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង

    តាម​ក្រសួង​សុខាភិបាល ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​យ៉ាង​តិច ៦ខែ​ ឬ​អាច​លើស​នេះ​កាន់​តែ​ប្រើ​សើរ​។ យ៉ាងណា ម៉ាក់ៗ​មួយ​ចំនួន ក្រោយ​បំបៅ​ដោះកូន​បាន​គ្រប់ ៦ខែហើយ ក៏​អាច​ចង់​ប្ដូរ​ឲ្យ​បៅ​ទឹកដោះគោ​ម្សៅវិញដែរ​។ ដូច​នេះ ការបំបៅទឹកដោះគោម្សៅ​ត្រឹមត្រូវជា​អ្វី​ប៉ាម៉ាក់​គួរ​ដឹង ដើម្បី​អាចជួយដល់ការរំលាយអាហារ​របស់​អា​អូន ថែមទាំងជួយការពារអាអូនពីការហើមពោះ និងរលាកត្រចៀកទៀត​ផង។ តើប៉ាម៉ាក់គួរបំបៅទឹកដោះគោម្សៅបែបម៉េចទើបអាច​ចៀសវាង​​បញ្ហាទាំងនេះបាន?

    ពេលបំបៅទឹកដោះគោម្សៅឱ្យអាអូន ប៉ាម៉ាក់គួរកាន់ ឬជួយកាន់ដបទឹក​ដោះគោ​ឱ្យ​កូន។ ប៉ាម៉ាក់អាចផ្អៀងដបទឹកដោះគោបន្តិច​ដើម្បីឱ្យទឹកដោះគោ​ហូរចូល​ពេញ​ក្បាល​ដោះ ព្រោះកាលបើក្បាលដោះមានទឹកដោះគោមិនពេញ នៅសល់ចន្លោះ​នឹងធ្វើ​ឱ្យអាអូនបឺតខ្យល់ចូលពោះច្រើន ដែលនឹងធ្វើឱ្យហើមពោះ ឬភើ (ច្រាល់ខ្យល់​ក្នុង​ពោះ)។ ខាងក្រោមនេះជាតិចនិក​មួយចំនួនក្នុងការបំបៅទឹកដោះគោម្សៅឱ្យអាអូន៖

    ១. បីត្រកងអាអូន

    ប៉ាម៉ាក់អាចបីត្រកងអាអូនដោយដាក់ក្បាលនៅលើកែងដៃ ហើយ​យក​បាតដៃ​ទ្រគូទ​ដោយផ្អបទ្រូងកូនជិតទ្រូងប៉ាម៉ាក់។ បន្ទាប់​មក​លើកកែងដៃបន្តិច​ដើម្បី​ឱ្យ​ក្បាលអាអូនខ្ពស់ជាងខ្លួន។

    ការដាក់ក្បាលអាអូនឱ្យខ្ពស់ជាងខ្លួនអាចជួយការពារទឹកដោះគោពីការហូរចូលរន្ធត្រចៀកតាមរយៈរន្ធដែលភ្ជាប់បំពង់កទៅនឹងរន្ធត្រចៀក ដែលនឹងបណ្តាលឱ្យអាអូន​រលាក​ត្រចៀក។

    ប្រសិនបើប៉ាម៉ាក់រួយដៃ អាចប្តូរអាអូនមកបីដៃម្ខាងទៀតបាន។ ការធ្វើបែបនេះ​ក៏ផ្តល់ពេលវេលាឱ្យកូនសម្រាកពីការខំបឺតទឹកដោះគោ​បាន​មួយភ្លែតដែរ។

    ២. ដាក់អាអូនលើភ្លៅ

    ប៉ាម៉ាក់អាចគេង ឬអង្គុយរួចបញ្ឈរជង្គង់។ បន្ទាប់មកដាក់អាអូន​ផ្អែកលើភ្លៅ​ដោយដាក់​ក្បាល​កូនផ្អែកនឹងជង្គង់បែរមុខមករកប៉ាម៉ាក់ និងដាក់ជើងអាអូនលើពោះប៉ាម៉ាក់។ ការបំបៅបែបនេះអាចបង្កើនភាពស្និទ្ធស្នាលរវាងប៉ាម៉ាក់នឹងអាអូនព្រោះកូនអាចមើលឃើញមុខប៉ាម៉ាក់ចំ ហើយមិន​ធ្វើឱ្យប៉ាម៉ាក់រួយដៃទេ។

    បំបៅទឺកដោះគោម្សៅ

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៣. ដាក់កូនអង្គុយ

    ការ​ដាក់ឱ្យអាអូនអង្គុយ​បៅស័ក្តិសមសម្រាប់កូនដែលមានអាយុច្រើនបន្តិច ព្រោះ​រាងកាយរឹងបន្តិចហើយ។ ប៉ាម៉ាក់អាចដាក់អាអូនឱ្យអង្គុយលើលើភ្លៅ រួច​ឱ្យ​ផ្អែកនឹងទ្រូង ឬលើដៃប៉ាម៉ាក់។ ការបៅបែបនេះធ្វើឱ្យអាអូនបៅបានស្រួល ហើយ​អាចគ្រប់គ្រងរំហូរទឹកដោះគោ និងល្បឿន​នៃ​ការបឺតទឹកដោះគោ​ដូច​បៅ​ដោះ​ម្តាយ​ដែរ។

    ៤. ដាក់កូនលើខ្នើយ

    ការបំបៅដោយដាក់អាអូនលើខ្នើយស្រដៀងនឹងការបំបៅដោយបីត្រកង​កូន​អ៊ីចឹង ប៉ុន្តែប៉ាម៉ាក់មិនបាច់ប្រើដៃបីត្រកងទេ ហើយក៏មិនរួយដៃ​ដូចការ​បីត្រកង​ផ្ទាល់ដែរ។ ប៉ាម៉ាក់គ្រាន់តែដាក់អាអូនលើខ្នើយរួចបីទាំងខ្នើយទាំងអាអូនដើម្បីទ្រទម្ងន់ ក៏ដូចជាលើកឱ្យខ្ពស់ដើម្បីឱ្យអាអូនផ្អបមកជិតទ្រូងប៉ាម៉ាក់ដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្តល់ភាពកក់ក្តៅឱ្យកូន។

    ប៉ាម៉ាក់ក៏ត្រូវលើកកែង​ដៃ​ឱ្យ​ខ្ពស់​បន្តិចដែរដើម្បីឱ្យក្បាលអាអូនខ្ពស់ជាងខ្លួន ប៉ុន្តែប៉ាម៉ាក់ត្រូវប្រយ័ត្ន​ដោយ​ត្រូវ​ឱប​ខ្នើយក៏ដូចជាឱបឱ្យជាប់ ព្រោះ​ខ្លាចអាអូនធ្លាក់ពីលើខ្នើយ។

    ពេលបំបៅទឹកដោះគោម្សៅឱ្យអាអូន ប្រសិនបើប៉ាម៉ាក់បីត្រកង ឬដាក់​កូនលើខ្នើយ ប៉ាម៉ាក់កុំភ្លេចប្តូរក្បាលម្តងមកខាងធ្វេង ម្តងទៅខាង​ស្តាំ​ដើម្បី​កុំឱ្យក្បាល​អាអូន​សំប៉ែត​ម្ខាង។

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម