ពេលនិយាយដល់ពាក្យបំបៅកូន មានវិធីសាស្ត្របំបៅកូនតែ ២យ៉ាងប៉ុណ្ណោះដែលលេចចេញក្នុងការគិតរបស់យើង នោះគឺការបំបៅដោះកូនដោយទឹកដោះម្ដាយ និងបំបៅដោះកូនដោយទឹកដោះគោម្សៅ។ អង្គការសុខភាពពិភពលោក បានណែនាំឲ្យម្ដាយបំបៅកូនដោយទឹកដោះខ្លួនយ៉ាងតិចឲ្យបាន ៦ខែ ឬលើសនេះតាមដែលអាចធ្វើទៅបាន ជាមួយគ្នានេះដែរ ក៏មានលេចឡើងនូវពាក្យចចាមអារ៉ាមទាក់ទងនឹងទឹកដោះគោម្សៅបណ្ដាលឲ្យម៉ាក់ប៉ាមួយចំនួនយល់ច្រឡំពីការពិតទាំងស្រុង។
ពាក្យចចាមអារ៉ាមអ្វីខ្លះទាក់ទងនឹងទឹកដោះគោម្សៅ?
១. ៉ទឹកដោះម្ដាយជាជម្រើសល្អបំផុត ចំណែកទឹកដោះគោម្សៅមិនល្អសម្រាប់កូន គួរចៀសវាងដាច់ខាត “
ការពិត៖ គ្មានម្ដាយរូបណាគួរមានការអៀនខ្មាសក្នុងការបំបៅដោះកូនដោយទឹកដោះគោម្សៅទេ ព្រោះមិនមែនស្ត្រីគ្រប់រូបសុទ្ធតែអាចផ្ដល់ទឹកដោះខ្លួនឲ្យកូនបៅនោះទេ។ ហេតុផលជាច្រើនដូចជា ការផលិតទឹកដោះមិនគ្រប់គ្រាន់ ឬម្ដាយមានបញ្ហាសុខភាពដែលពេទ្យមិនណែនាំឲ្យបំបៅដោះកូន គឺអាចប្រើទឹកដោះគោម្សៅជំនួសឲ្យកូនបៅបាន។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក
២. ” ទឹកដោះគោម្សៅមិនមានតម្លៃអាហារូបត្ថម្ភស្មើនឹងទឹកដោះម្ដាយទេ “
ការពិត៖ ពិតណាស់ទឹកដោះម្ដាយ គឺជាអាហារដ៏ពិសិទ្ធសម្រាប់កូន។ ប៉ុន្តែនេះមិនមែនមានន័យថា ទឹកដោះគោម្សៅមិនមានអ្វីដែលទឹកដោះម្ដាយមាននោះទេ។ ដូចបានរៀបរាប់ខាងលើអ៊ីចឹង ក្នុងលក្ខណ្ឌបញ្ហាសុខភាពមួយចំនួន ឬម៉ាក់ៗខ្លះរវល់ការងារ ក្រោយឲ្យកូនបៅបាន ៦ខែ ហើយពួកគាត់អាចជ្រើសរើសទឹកដោះគោម្សៅឲ្យកូនបៅបន្ថែមលើរបបអាហារផ្សេងទៀត។ ទឹកដោះគោម្សៅក៏មានផ្ទុកសារធាតុចិញ្ចឹមប្រហាក់ប្រហែលនឹងទឹកដោះម្ដាយ ដើម្បីជួយឲ្យកូនលូតលាស់បានពេញលេញដែរ។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក ការផលិតទឹកដោះគោម្សៅសម្រាប់កូនតូចត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់ ដោយរូបមន្តទាំងអស់ត្រូវមានបរិមាណជាក់លាក់នៃប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងសារធាតុរ៉ែផ្សេងៗ ដើម្បីលើកកម្ពស់ការលូតលាស់ពោរពេញដោយសុខភាពល្អរបស់កូនតូច។ ប៉ុន្តែ អ្វីដែលទឹកដោះគោម្សៅចាញ់ប្រៀបនឹងទឹកដោះម្ដាយនោះគឺ ទឹកដោះគោម្សៅមិនអាចផ្ដល់ប្រព័ន្ធការពាររាងកាយដូចដែលទឹកដោះម្ដាយផ្ដល់ទៅឲ្យកូនបានទេ។
៣. ៉បៅទឹកដោះគោម្សៅធ្វើឲ្យទំនាក់ទំនងម្ដាយនឹងកូនមិនស្អិតរមួតដូចបំបៅដោះផ្ទាល់ “
ការពិត៖ ពិតណាស់ការនបំបៅដោះកូន ជាផ្នែកមួយបង្កើតចំណងជិតស្និទ្ធរវាងម្ដាយ និងកូន។ ប៉ុន្តែ ថាការបង្កើនភាពស្និទ្ធស្នាលរវាងម្ដាយនឹងកូនមិនមែនគ្រាន់តែទាក់ទងនឹងការបំបៅដោះដោយផ្ទាល់ប៉ុណ្ណោះទេ។ ដូចនេះហើយ ម៉ាក់ៗមិនចាំបាច់បារម្ភពីការមិនមានភាពស្និទ្ធស្នាលដោយគ្រាន់តែបំបៅកូនប្រើកំប៉ុងទឹកដោះគោទេ។ ការលេងជាមួយកូន ការដើរកម្សាន្តជាមួយគ្នា និងការនិយាយពាក្យពេចន៍ល្អៗជាមួយកូន ក៏ធ្វើឲ្យកូនមានភាពកក់ក្ដៅ និងបង្កើនភាពស្និទ្ធស្នាលដូចគ្នា។
៤. ៉ កូនបៅទឹកដោះគោម្សៅ មិនឆ្លាតដូចក្មេងបៅទឹកដោះម្ដាយ “
ការពិត៖ ជាច្រើនឆ្នាំមុន ការលើកឡើងបែបនេះ មានមនុស្សជាច្ច្រើនគិតថាជាការពិត។ ប៉ុន្តែ បច្ចុប្បន្ននេះការលើកឡើងបែបនេះលែងសូវមានទៀតហើយ ដោយសារតែក្រុមហ៊ុនផលិតទឹកដោះគោម្សៅដឹងពីសារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការសម្រាប់លូតលាស់ប្រកបដោយសុខភាពល្អ ហើយទឹកដោះគោម្សៅសព្វថ្ងៃមានផ្ទុកនូវសារធាតុបំប៉នខួរក្បាលស្រដៀងទៅនឹងទឹកដោះម្ដាយ។ DHA និង ARA ដែលជាសារធាតុចិញ្ចឹមសំខាន់ពីរដែលរកឃើញមានទាំងនៅក្នុងទឹកដោះម្ដាយ និងទឹកដោះគោម្សៅជួយពង្រឹងដល់សុខភាពខួរក្បាល។
ថ្វីដ្បិតតែទឹកដោះគោម្សៅមានគុណប្រយោជន៍បែបនេះមែន ប៉ុន្តែទាំងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានណែនាំឲ្យម៉ាក់ៗបំបៅដោះកូនយ៉ាងតិចបាន៦ខែ ដើម្បីធានាថាកូនមានសុខភាពល្អរឹងមាំ។
ចំណុចសំខាន់
- “ ទឹកដោះម្ដាយជាជម្រើសល្អបំផុត ចំណែកទឹកដោះគោម្សៅមិនល្អសម្រាប់កូន គួរចៀសវាងដាច់ខាត “
- ” ទឹកដោះគោម្សៅមិនមានតម្លៃអាហារូបត្ថម្ភស្មើនឹងទឹកដោះម្ដាយទេ “
- “ បៅទឹកដោះគោម្សៅធ្វើឲ្យទំនាក់ទំនងម្ដាយនឹងកូនមិនស្អិតរមួតដូចបំបៅដោះផ្ទាល់ “
- “ កូនបៅទឹកដោះគោម្សៅ មិនឆ្លាតដូចក្មេងបៅទឹកដោះម្ដាយ “
អានបន្ថែម៖
[embed-health-tool-due-date]