សម្រាប់ទារកដែលកើតមកទាំងមិនទាន់គ្រប់ខែ ហើយខ្វះគីឡូទៀតនោះ មានសុខភាពខ្សោយជាងទារកកើតគ្រប់ខែ និងគ្រប់គីឡូ។ ដូចនេះហើយបើស្ត្រីណាសម្រាលកូនមុនខែ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានណែនាំឲ្យបំបៅកូនជាមួយទឹកដោះម្ដាយមួយមុខគត់។
សាស្ត្រាចារ្យផ្នែកសម្ភព រោគស្ត្រី នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលបានបន្ថែមទៀតថា ទឹកដោះរបស់ម្ដាយជាអាហារូបត្ថម្ភដ៏វិសេសវិសាល និងជាឱសថទិព្វ ដែលមានប្រព័ន្ធការពាររាងកាយទាំងប៉ុន្មានបានបញ្ជូនទៅឲ្យកូន។ កាលណាកូនបានបោះទឹកដោះម្ដាយជួយឲ្យទារកដែលមានបញ្ហាមិនគ្រប់ខែ មិនគ្រប់គីឡូ មានសុខភាពរឹងមាំ និងអាចជួយទប់ស្កាត់រាល់ជំងឺផ្សេងៗដែលចង់ចូលទៅយាយីក្នុងខ្លួនទារក។
លោកក៏បានបន្ថែមទៀតថា ទោះជាទារកកើតគ្រប់ ឬមិនគ្រប់ខែតែបានបៅដោះម្ដាយ កម្រឈឺថ្កាត់ខ្លាំងណាស់ ប៉ុន្តែបើកូនដែលបៅទឹកដោះគោវិញឈឺច្រើនដូចជារាក រលាកបំពង់ក ក្ដៅខ្លួនជាដើម។ បើនិយាយដល់របៀបបំបៅទៀតសោត សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះបង្ហាញពីភាពងាយស្រួលក្នុងការបំបៅ ដោយគ្រាន់តែមុនពេលកូនបៅ ត្រូវលាងសម្អាតដោះកម្ចាត់បាក់តេរី និងជាតិកខ្វក់ពីដោះជាការស្រេច។
ចំណែកូនបៅទឹកដោះគោវិញ លោកវេជ្ជបណ្ឌិតថា ត្រូវលាងដបជាមួយសាប៊ូ លាងជាមួយទឹកក្ដៅ ត្រូវការជូតសម្អាតឲ្យស្អាតសិន ទើបអាចឆុងឲ្យកូនបៅបាន។ កូនបៅទឹកដោះគោមួយចំនួនច្រើនជួបប្រទះជំងឺញឹកញាប់ គឺមកពីការលាងដុសសម្អាតដបមិនបានស្អាតល្អនេះឯង ហើយចំណាយពេលយូរ ហត់នឿយ និងស្មុគស្មាញច្រើន មិនដូចដោះម្ដាយឡើយ ពេលឃ្លានភ្លាមអាចបៅបានភ្លែត ឬបើត្រូវទៅធ្វើការឆ្ងាយ អាចច្របាច់ស្ដុកទុកបាន។
[embed-health-tool-child-growth-chart]
ទឹកដោះគោគ្មានភាពស៊ាំធម្មជាតិបញ្ជូនឲ្យកូនទេ មានតែវីតាមីន ជាតិចំណីអាហារសិប្បនិមិត្តដាក់ចូលទៅប៉ុណ្ណោះ។ ដូច្នេះវេជ្ជបណ្ឌិតតំណាងគ្រូពេទ្យវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា ណែនាំឲ្យស្ត្រីព្យាយាមបំបៅកូនដោយទឹកដោះឲ្យបានយ៉ាងហោចណាស់ ៦ ខែដែរ ព្រោះមិនត្រឹមតែមានប្រយោជន៍ចំពោះកូន ខ្លួនយើងផ្ទាល់ក៏ទទួលបានផលពីការបំបៅដោះដែរ។ សម្រាប់ទារកមិនគ្រប់ខែ គីឡូក៏ខ្វះដូចគ្នា ដូចនេះការបំបៅដោះម្ដាយឲ្យបានច្រើនជារៀងរាល់ថ្ងៃ ធ្វើឲ្យកូនទទួលយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅផ្គត់ផ្គង់ និងរាងកាយ បញ្ញាស្មារតីលូតលាស់បានល្អ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?