ការចេះក្រឡាប់គឺជំហានលូតលាស់ដ៏ធំមួយសម្រាប់ទារកដែលមានន័យថា ទារកអាចគ្រប់គ្រងសាច់ដុំនៃរាងកាយដើម្បីធ្វើចលនា។ នៅក្នុងដំណាក់កាលដ៏សំខាន់នេះ ម៉ាក់ប៉ាគួរជួយជំរុញឱ្យទារកចេះក្រឡាប់ឆាប់ ដើម្បីឱ្យទារកចេះលូន ឬវារ អង្គុយ តោងឈរ និងដើរឆាប់។ ម៉ាក់ប៉ាអាចជួយទារកឱ្យចេះក្រឡាប់តាមវិធីណាខ្លះ?
ជាទូទៅ ទារកនឹងចាប់ផ្តើមចេះក្រឡាប់នៅអាយុ ៤ខែ ហើយមុននឹងទារកចេះក្រឡាប់ ទារកនឹងរកកល់ផ្អៀងទៅម្ខាង។ បើម៉ាក់ប៉ាសង្កេតឃើញអូនតូចមានអាការៈបែបនេះ ម៉ាក់ប៉ាអាចជួយជំរុញឱ្យអូនតូចឆាប់ចេះក្រឡាប់ដោយអនុវត្តតាមវិធីមួយចំនួនបាន។
១. ឧស្សាហ៍ឱ្យអូនតូចគេងផ្កាប់
ពេលអូនតូចភ្ញាក់ ប៉ាម៉ាក់អាចឱ្យអូនតូចគេងផ្កាប់លើពូក ភួយ ឬកន្សែងពីរបីដងក្នុងមួយថ្ងៃដើម្បីជួយពង្រឹងសាច់ដុំក ស្មា ដៃ និងពោះរបស់អូនតូចដែលជួយឱ្យចេះក្រឡាប់ឆាប់។ វេជ្ជបណ្ឌិតមួយចំនួនណែនាំឱ្យម៉ាក់ប៉ារុំកន្សែងជាដុំមូលទ្រវែង រួចកល់ទ្រូងអូនតូចដើម្បីជំនួយបន្ថែម។
ម៉ាក់ប៉ាអាចដាក់អូនតូចឱ្យគេងផ្កាប់បែបនេះរយៈ ៣ ទៅ ៥ នាទី រួចដាក់ឱ្យគេងផ្ងារវិញដើម្បីឱ្យអូនតូចសម្រាក។ បើម៉ាក់ប៉ាឃើញអូនតូចយំ ឬគេងមិនងើបក្បាល មានន័យថាកូនអាចអស់កម្លាំង ឬមិនស្រួលក្នុងខ្លួនពេលគេងផ្កាប់ហើយ ដូចនេះប៉ាម៉ាក់ត្រូវដាក់អូនតូចឱ្យគេងផ្ងារវិញ។
២. ឱ្យកូនលេងពេលគេងផ្ងារ
ការលេងពេលគេងផ្ងារជំរុញឱ្យអូនតូចធាក់ជើងដែលជួយពង្រឹងសាច់ដុំជើង និងធ្វើចលនាដៃដែលនឹងជួយឱ្យអូនតូចឆាប់ចេះក្រឡាប់។
៣. ដាក់ឱ្យអូនតូចគេងផ្អៀង
ការគេងផ្អៀងមិនត្រឹមតែអាចជួយឱ្យអូនតូចឆាប់ចេះក្រឡាប់ទេ ថែមទាំងអាចជួយអូនតូចលេង និងឈោងយករបស់លេងកាន់តែស្រួល។
ពេលអូនតូចភ្ញាក់ ម៉ាក់ប៉ាអាចដាក់ឱ្យគេងផ្អៀងដោយយកដៃម្ខាងជួយទប់ខ្នង ឬដាក់ខ្នើយកល់។ ដៃទាំងសងខាងរបស់អូនតូចគួរតែនៅខាងមុខ ហើយត្រគាក និងជង្គង់គួរកោងបន្តិច។
ម៉ាក់ប៉ាត្រូវប្តូរឱ្យអូនតូចគេងផ្អៀងទៅម្ខាងទៀត ដើម្បីជួយពង្រឹងសាច់ដុំសងខាងរាងកាយរបស់អូនក្នុងពេលដំណាល់គ្នា។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. ទាញចំណាប់អារម្មណ៍កូន
នៅពេលម៉ាក់ប៉ាដាក់អូនតូចឱ្យគេងផ្កាប់ ផ្ងារ ឬផ្អៀងគួរទាញចំណាប់អារម្មណ៍អូនតូចឱ្យប្រឹងងើបក្បាល កម្រើកខ្លួន ដោយមើលមុខ និយាយជាមួយ សើចដាក់ ឬច្រៀងឱ្យស្តាប់។ប៉ាម៉ាក់ក៏អាចដាក់ប្រដាប់ប្រដាលេងនៅពីមុខអូនតូច ដើម្បីឱ្យកូនងើបក្បាលមើល ឈោងចាប់ និងធាក់ជើងជាដើម។
ម្យ៉ាងទៀត ម៉ាក់ប៉ាក៏អាចគេងក្បែរ រួចមើលមុខ និយាយជាមួយ សើចដាក់ ឬច្រៀងឱ្យអូនតូចស្តាប់ដែរដើម្បីឱ្យអូនតូចផ្អៀងទៅរកម៉ាក់ប៉ា។
៥. ជួយលើកជើងកូនផ្អៀងទៅម្ខាង
ការជួយលើកជើងអូនតូចផ្អៀងទៅម្ខាងអាចជួយបង្រៀនឲ្យកូនចេះលើកជើង និងផ្អៀងត្រគាកដើម្បីក្រឡាប់។ ម៉ាក់ប៉ាអាចដាក់អូនតូចឱ្យគេងផ្ងារ រួចជួយលើកជើងអូនតូចមួយចំហៀង ហើយយកដៃម្ខាងទៀតទប់ជើងម្ខាងទៀត។
បន្ទាប់មកជួយលើកជើងឱ្យអូនតូចក្រឡាប់ដោយយឺតៗ។ បន្ទាប់ពី ៣ ទៅ ៥នាទី ម៉ាក់ប៉ាអាចដាក់អូនតូចឱ្យគេងផ្ងារវិញដើម្បីសម្រាក។
បន្ទាប់ពីសម្រាករួច ម៉ាក់ប៉ាត្រូវជួយលើកជើងម្ខាងទៀតដើម្បីឱ្យអូនតូចក្រឡាប់ទៅម្ខាងទៀត។ ពេលអូនតូចគេងផ្កាប់ ម៉ាក់ប៉ាត្រូវប្រាកដថា ខ្លួនមិនសង្កត់ដៃកូន។
ទារកអាចចាប់ផ្តើមចេះក្រឡាប់នៅអាយុ ៤ ខែទៅ ៦ ខែទៅតាមសុខភាពទារក។ ជាពិសេសទារកកើតមិនគ្រប់ខែអាចក្រចេះក្រឡាប់ ព្រោះមានសុខភាពខ្សោយ។ ប្រសិនបើដល់អាយុ ៧ ខែហើយ អូនតូចនៅមិនទាន់ចេះក្រឡាប់ទៀត ម៉ាក់ប៉ាគួរនាំអូនតូចទៅជួយពេទ្យ។
អត្ថបទគួរអាន៖
- ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ
- ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី
- ទារកទើបកើត មើលមិនឃើញផង ម៉េចអាចចំណាំម៉ាក់ៗច្បាស់ម៉្លេះ?
- ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?
- ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ
- ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?
ចំំណុចសំខាន់៖
- ឧស្សាហ៍ឱ្យអូនតូចគេងផ្កាប់ដើម្បីជួយពង្រឹងសាច់ដុំក ស្មា ដៃ និងពោះ
- ដាក់ឱ្យអូនតូចគេងផ្អៀងទាំងសងដើម្បីជួយពង្រឹងសាច់ដុំសងខាងរាងកាយពេលដំណាលគ្នា
- ឱ្យអូនតូចលេងពេលគេងផ្ងារអាចជួយជំរុញឱ្យកូនធាក់ជើងដែលអាចជួយពង្រឹងសាច់ដុំជើង
- ទាញចំណាប់អារម្មណ៍អូនតូចឱ្យព្រឹងងើបក្បាល កម្រើកខ្លួនដោយលេង និយាយ មើលមុខ គេងក្បែរជាដើម
- ជួយលើកជើងអូនតូចផ្អៀងទៅម្ខាងអាចជួយបង្រៀនឱ្យអូនតូចលើកជើង និងផ្អៀងត្រគាកដើម្បីក្រឡាប់
[embed-health-tool-vaccination-tool]