កូនតូចទើបនឹងកើតតម្រូវឲ្យម៉ាក់ប៉ាថែទាំឲ្យបានដិតដល់ ម៉ឹមទឹកដោះឲ្យបានគ្រប់គ្រាន់ នោះទើបអាអូនមានសុខភាពល្អ ឆ្លាតវាងវៃ។ ខាងក្រោមនេះជាតិចនិកចិញ្ចឹមបេប៊ីអាយុក្រោម ៦ ខែ ដែលម៉ាក់ប៉ាថ្មីថ្មោងត្រូវដឹង និងកត់ចំណាំទុក។
១- ឲ្យកូនបៅទឹកដោះដំបូង
ទឹកដោះដំបូងមានពណ៌លឿងថ្លា ខុសពីទឹកដោះធម្មតា មានបរិមាណតិចតួច ក្នុងអំឡុង ២-៣ ថ្ងៃដំបូង ក្រោយម៉ាក់ៗសម្រាលអាអូន។ ទឹកដោះដំបូងសំខាន់ចំពោះបេប៊ី វាសម្បូរជីវជាតិ A និងជាថ្នាំបង្ការដំបូងបង្អស់ដោយសារមានអង់ទីគ័រសម្រាប់ការពារទារកប្រឆាំងទប់ទល់នឹងជំងឺផ្សេងៗ ជួយឲ្យអង់ទីគ័រក្នុងខ្លួនកុមាររឹងមាំ អាចជួយបញ្ចុះលាមកព្រៃបានលឿន ជួយភ្នែក ការវិវត្តក្រពះពោះវៀនទារកឲ្យទុំជោ អាចកិនរំលាយអាហារបាន មិនមានប្រតិកម្មជាមួយអ្វីផ្សេងធ្វើឲ្យរាករូស។
២- បំបៅដោះកូនយ៉ាងតិច ៦ខែ
ទឹកដោះម្តាយមានប្រយោជន៍ច្រើនណាស់ ដូច្នេះហើយទើបអង្គការសុខភាពពិភពលោក ណែនាំឲ្យម៉ាក់ៗបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែ។ កូនម៉ឹមទឹកដោះម្តាយជួយបន្ថយហានិភ័យកើតជំងឺរលាកក្រពះពោះវៀន ការឆ្លងមេរោគទៅសួត និងការប្រឈមជំងឺផ្សេងៗ ឯសុខភាពក៏មាំមួន។
៣- កុំឲ្យកូនញ៉ាំទឹក
ចាប់ពីពេលកើតរហូតដល់អាយុ ៦ ខែ ម៉ាក់ៗឲ្យកូនញ៉ាំតែទឹកដោះមួយមុខគត់គ្រប់គ្រាន់ ហើយ មិនចាំបាច់បន្តក់ទឹកបន្ថែមនោះទេ ព្រោះទឹកដោះម៉ាក់មានជាតិទឹកដល់ទៅ ៨០%។
៤- ចាក់វ៉ាក់សាំង
ពេលកើតភ្លាម គ្រូពេទ្យនឹងចាក់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេ និងវ៉ាក់សាំងការពារជំងឺរបេង។ បន្ទាប់ត្រូវចាក់វ៉ាក់សាំងផ្សេងៗទៀតនៅពេលកូនអាយុបាន ១ខែកន្លះ អាយុ ២ខែកន្លះ និង អាយុ ៣ខែកន្លះ។ ដូច្នេះយើងត្រូវនាំកូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន តាមកាលកំណត់។
៥- ឧស្សាហ៍ប្តូរខោទឹកនោមកូន
កូនតូចនោមក៏ញឹក ជុះក៏ញឹក ដូច្នេះហើយម៉ាក់ៗត្រូវឧស្សាហ៍ប្តូរខោទឹកនោមកូន ព្រោះការផ្អាប់ទឹកនោមនៅក្នុងកន្ទបងាយឲ្យបេប៊ីកើតកន្ទួលរមាស់ ឬរលាកគូទ។
៦- ដឹងពីជំងឺសើស្បែក
ស្បែកកូនក្មេងខ្ចីខ្លាំងណាស់ ហើយការសម្របខ្លួននឹងបរិយាកាសខាងក្រៅផ្ទៃម្ដាយអាចបង្កបញ្ហាដល់ស្បែកជាច្រើន ដូចជាចំហាយក្តៅ ឬចែងថ្ងៃ អាចម៍ក្របីលើក្បាល ស្រែងទឹកដោះ កន្ទួលក្រហមៗលើស្បែក។ ត្បិតជំងឺស្បែកទាំងនេះឧស្សាហ៍លើក្មេងៗ និងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពបេប៊ី តែម៉ាក់ប៉ាមិនគួរធ្វេសប្រហែសនោះទេ ត្រូវសួរគ្រូពេទ្យពីប្រភេទក្រែមលាបការពារ ឬព្យាបាលកន្ទួលរមាស់។
៧- និយាយជាមួយកូនឲ្យបានច្រើន
ក្រៅពីការបីថ្នាក់ថ្នម មិនថាពេលបំបៅ ពេលប្រឡែងលេងជាមួយកូននោះទេ ម៉ាក់ៗត្រូវតែសំឡឹងមើលមុខកូន និយាយលេងជាមួយកូនឲ្យបានច្រើន។ ការធ្វើបែបនេះជួយឲ្យការវិវត្តន៍ផ្នែកបញ្ញាស្មារតីកូនបានកាន់តែលឿន កូនតូចងាយនឹងចំណាំមុខប៉ាម៉ាក់បាន មានមនោសញ្ចេតនាកាន់តែជ្រាលជ្រៅ។
អត្ថបទពាក់ព័ន្ធ៖
- ត្រូវបំបៅដោះកូនឲ្យបានប៉ុន្មានខែ ទើបសុខភាពកូនល្អ?
- កុំថាមិនអី ឲ្យបេប៊ីម៉ឹមដោះម៉ាក់លាយទឹកដោះគោ គ្រោះថ្នាក់បំផុត
[embed-health-tool-vaccination-tool]