ដើម្បីជំនួយដល់ការលូតលាស់ និងធានាថាក្មេងតូចៗ និងក្មេងវ័យជំទង់ទទួលសុខភាពល្អ របបអាហារតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពិតណាស់ ប៉ាម៉ាក់គប្បីយល់ដឹងអំពីប្រភេទភេសជ្ជៈដែលផ្ដល់សុខភាពល្អដល់កូនៗទៅតាមវ័យរបស់ពួកគេ។
អាហារសុខភាពសម្រាប់កូនក្រោមអាយុ៦ខែ
នៅពេលដែលទារកមានវ័យក្រោម៦ខែ ពួកគេត្រូវការតែទឹកដោះម្ដាយ ឬម្សៅទឹកដោះគោប៉ុណ្ណោះ។ ជាក់ស្ដែង ទឹកដោះម្ដាយ និងម្សៅទឹកដោះគោមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទារក ដើម្បីទទួលបានការលូតលាស់ និងការអភិវឌ្ឍ។
ភេសជ្ជៈសុខភាពសម្រាប់កូនអាយុចាប់ពី៦ខែ ដល់១២ខែ
ម៉ាក់ៗអាចផ្ដល់ទឹកឆ្អិនតិចតួចដោយចាក់ដាក់កែវ សម្រាប់កូនដែលកំពុងបៅដោះម្ដាយ និងម្សៅទឹកដោះគោ ចាប់ពីទារកអាយុ៦ខែឡើងទៅ។ ការញ៉ាំទឹកដោយប្រើកែវជំនួសឲ្យដប អាចជួយឲ្យក្មេងរៀនចេះអំពីការប្រើប្រាស់កែវបានល្អ។ ប្រសិនបើអាអូនញ៉ាំភេសជ្ជៈក្រៅពីទឹក ទឹកដោះម្ដាយ ឬម្សៅទឹកដោះគោនៅក្នុងរយៈពេល១២ខែដំបូង វាអាចរាំងស្ទះដល់ការទទួលបានសារធាតុចិញ្ចឹមសំខាន់ៗគ្រប់គ្រាន់របស់ទារក។
ភេសជ្ជៈសុខភាពនៅអាយុ១២ខែ
ក្រោយអាយុ១២ខែ ម៉ាក់ៗអាចផ្ដល់ទឹកដោះគោមានជាតិខ្លាញ់ មិនបន្ថែមរស់ជាតិ និងសម្លាប់មេរោគរួច ប្រសិនបើអាអូនកំពុងញ៉ាំរបបអាហារដែលមានតុល្យភាពហើយ។
ចំពោះទឹកដោះគោដែលពុំសូវមានជាតិខ្លាញ់ មិនគួរឲ្យក្មេងអាយុក្រោម២ឆ្នាំញ៉ាំឡើយ ពីព្រោះទារក និងក្មេងតូចៗត្រូវការសារធាតុចិញ្ចឹមនៅក្នុងទឹកដោះគោដែលមានខ្លាញ់ពេញលេញ ដើម្បីបំពេញតាមតម្រូវការថាមពល ការលូតលាស់ និងការអភិវឌ្ឍ។ ជាមួយគ្នានេះដែរ ម៉ាក់ៗក៏អាចបន្តបំបៅដោះអាអូនក្រោយអាយុ១២ខែផងដែរ ហើយប្រសិនបើកូនបៅម្សៅទឹកដោះគោមុនអាយុ១២ខែ ពេលកូនអាចញ៉ាំអាហារដែលមានតុល្យភាព ពួកគេប្រហែលជាមិនត្រូវការបៅម្សៅទឹកដោះគោ ក្រោយអាយុ១២ខែឡើយ។
ភេសជ្ជៈសុខភាពសម្រាប់ក្មេងតូចៗ កុមារទើបចូលរៀន និងកុមារធំៗ
ចំពោះក្មេងតូចៗ និងកុមារធំៗ ទឹកឆ្អិន និងទឹកដោះគោ គឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់ពួកគេ។ ការញ៉ាំទឹកគ្រប់គ្រាន់នឹងធ្វើឲ្យក្មេងរក្សាជាតិទឹកក្នុងរាងកាយពេញមួយថ្ងៃ ហើយជាពិសេស គឺនៅក្នុងរដូវក្ដៅតែម្ដង ឬនៅពេលក្មេងរត់លេងច្រើន។ បន្ថែមពីនេះ ការញ៉ាំទឹកគ្រប់គ្រាន់ក៏អាចបញ្ចៀសការទល់លាមកផងដែរ។
ភេសជ្ជៈដែលមិនល្អដល់សុខភាព៖ ទឹកផ្លែឈើ
ទឹកផ្លែឈើមានកម្រិតជាតិស្ករខ្ពស់ និងមិនមានជាតិសរសៃច្រើនឡើយ។ ពិតណាស់ ក្មេងៗមិនត្រូវការជាតិស្ករបន្ថែមឡើយ ប៉ុន្តែពួកគេត្រូវការជាតិសរសៃ។ ដូច្នេះហើយ ការញ៉ាំផ្លែឈើស្រស់គឺល្អបំផុតសម្រាប់កុមារ ជាជាងការញ៉ាំទឹកផ្លែឈើ។
ប្រសិនបើកុមារញ៉ាំទឹកផ្លែឈើ ចូរកំណត់បរិមាណត្រឹមកន្លះកែវក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ និងឲ្យកូនញ៉ាំនៅពេលជាក់លាក់ណាមួយ ឬនៅអំឡុងពេលដែលក្មេងបញ្ចេញសកម្មភាពប្រចាំថ្ងៃ។
[embed-health-tool-baby-poop-tool]
ភេសជ្ជៈដែលមិនល្អដល់សុខភាពដទៃទៀត
ពពួកទឹកក្រូចកំប៉ុង ភេសជ្ជៈសម្រាប់អ្នកលេងកីឡា និងភេសជ្ជៈបន្ថែមថាមពល មានផ្ទុកជាតិស្ករបន្ថែមច្រើន គឺមិនមានសារធាតុចិញ្ចឹមសម្រាប់កុមារឡើយ។ ភេសជ្ជៈទាំងនេះអាចជំនួសឲ្យអាហារ និងភេសជ្ជៈដែលមានសារធាតុចិញ្ចឹមផ្សេងទៀត ហើយអាចបង្កើនហានិភ័យនៃការធាត់លើសទម្ងន់ និងពុកធ្មេញ។ បន្ថែមពីនេះ ភេសជ្ជៈខ្លះទៀតក៏មានផ្ទុកសារធាតុកាហ្វេអ៊ីន ដែលអាចធ្វើឲ្យក្មេងសប្បាយចិត្តខ្លាំង ហើយបន្ទាប់មកក៏ហត់នឿយ។ ម្យ៉ាងវិញទៀត ជាតិកាហ្វេអ៊ីនក៏អាចប៉ះពាល់ដល់ការគេងរបស់ក្មេងថែមទៀតផង។
រីឯតែ និងកាហ្វេដែលមានជាតិកាហ្វេអ៊ីនស្រាប់ ក៏អាចប៉ះពាល់ដល់ដំណេក អាកប្បកិរិយា និងការលូតលាស់របស់ក្មេងដូចគ្នា។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?