ភ្នែករបស់ទារកទើបកើត ងាយប្រតិកម្មណាស់ អ៊ីចឹងហើយ ម៉ាក់ៗគួរថែទាំភ្នែកអាអូននៅមុន និងក្រោយពេលសម្រាលឲ្យបានដិតដល់។ ពិតណាស់ ទារកអាចរងផលប៉ះពាល់ទៅនឹងអាហារដែលម៉ាក់ញ៉ាំ។ ហេតុនេះហើយ ម៉ាក់ៗចាំបាច់ត្រូវប្រុងប្រយ័ត្នក្នុងការញ៉ាំអាហារផ្សេងៗអំឡុងពេលពពោះ។
មូលហេតុអ្វីបានជាកូនមានបញ្ហាភ្នែកពីកំណើត?
១. ការឆ្លងមេរោគ
ទារកអាចប្រឈមនឹងជំងឺភ្នែកក្រហម ក្រោយសម្រាល ហើយបញ្ហានេះ អាចកើតឡើងដោយសារតែការឆ្លងមេរោគ ការរលាក ឬការស្ទះថង់ទឹកភ្នែក។ ប៉ុន្តែ ក្នុងករណីមានការឆ្លងមេរោគ នោះអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលប៉ាម៉ាក់គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
២. ជំងឺហ្សែន
ជួនកាល បញ្ហាហ្សែនក៏អាចឆ្លងពីប៉ាម៉ាក់មកទារកផងដែរ និងបណ្តាលឲ្យមានការចុះខ្សោយនៃគំហើញ។ ដូច្នេះហើយ ដើម្បីឲ្យប្រាកដថាអាអូនមានជំងឺហ្សែនពីកំណើតឬអត់ យើងគួរតែនាំកូនទៅពិនិត្យសុខភាព។
៣. ប៉ះពាល់នឹងជាតិអាកុល
ទន្ទឹមនឹងនេះដែរ ប្រសិនបើទារកប៉ះពាល់នឹងជាតិអាកុលអំឡុងពេលនៅក្នុងផ្ទៃ នោះអាអូនអាចវិវត្តន៍ទៅរកវិបត្តិជាតិអាកុលលើទារក ដូចជាជំងឺសរសៃប្រសាទអុបទិក ជំងឺរីកប៉ោងសរសៃឈាមបាតភ្នែក ភ្នែកតូចពីកំណើត ដែលអាចប៉ះពាល់ខ្លាំងទៅលើភ្នែកទារក។
៤. ប៉ះពាល់ទៅនឹងថ្នាំញៀន
ការសិក្សាបានបង្ហាញថា ម៉ាក់ៗដែលប្រើថ្នាំញៀន ឬប្រើប្រាស់ថ្នាំខុសច្បាប់ អាចចម្លងបញ្ហាភ្នែកមួយចំនួនទៅឲ្យកូនបាន។ ចំពោះទារកដែលប៉ះពាល់ទៅនឹងថ្នាំញៀនអំឡុងពេលនៅក្នុងផ្ទៃ អាចប្រឈមនឹងបញ្ហាគំហើញ ឬស្រវាំងភ្នែកនិងញ៉ាក់ភ្នែកជាដើម។
[embed-health-tool-baby-poop-tool]
៥. ម៉ាក់មានជំងឺទឹកនោមផ្អែម
ជាមួយគ្នានេះដែរ ម៉ាក់ៗគួររក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យបានល្អ ពីព្រោះថានៅពេលដែលកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ នោះទារកក្នុងផ្ទៃនឹងអាចប្រឈមជំងឺខូចសរសៃឈាមបាតភ្នែក ដែលជាផលប៉ះពាល់ទូទៅនៃជំងឺទឹកនោមផ្អែមលើកុមារ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?