backup og meta

ម៉ាក់ៗ​មានជំងឺត្រអកអាចបំបៅដោះកូនបានដែរទេ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 04, 2020

    ម៉ាក់ៗ​មានជំងឺត្រអកអាចបំបៅដោះកូនបានដែរទេ?

    ស្រីៗ​មួយ​ចំនួន​អាច​នឹង​ធ្លាប់​មាន​ជំងឺ​ត្រអក (Eczema) និង​តែង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​អំឡុង​ពេល​មាន​ផ្ទៃពោះ ខណៈម៉ាក់ៗ​​មួយ​ចំនួន​ទៀត​អាច​នឹង​មាន​ជំងឺ​ត្រអក​លើក​ដំបូង​អំឡុង​ពេល​ពពោះ និង​អាច​បន្ត​មាន​ក្រោយ​ពេល​សម្រាល​ទៀត។ ម៉ាក់ៗ​ទើប​​សម្រាល​ហើយ​មាន​ជំងឺនេះ​​អាច​នឹង​មាន​ចម្ងល់​ថា​តើ​អាច​បំបៅ​ដោះ​កូន​បាន​ដែរ​ទេ?

    ជំងឺ​ត្រអក​គឺជា​បញ្ហា​ស្បែក​ដែល​មិន​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​ទេ និង​មាន​អាការៈ​ដូចជា​រមាស់ ស្បែក​​ឡើង​​គ្រើម​ស្បែក​​ឡើង​ក្រហម និង​ស្ងួត​ខ្លាំង។ ជំងឺ​ត្រអក​តែង​ឡើង​នៅ​តាម​ដៃ​ជើង ក មុខ និង​សុដន់​ទោះ​បី​ជា​ករណី​កម្រ​កើត​មាន​ក៏​ដោយ។ ទោះបី​ជា​​ជំងឺ​នេះ​មិន​ទាន់មាន​វិធី​​ព្យាបាលឲ្យ​​ជា​ដាច់​ក៏​ដោយ​ ប៉ុន្តែវា​​អាច​បាត់​ទៅ​ដោយ​ខ្លួន​ឯងដែរ​​។ សម្រាប់​ស្រ្តីបំបៅ​ដោះកូន​វិញ​ទោះ​ជាកើតជំងឺនេះ​ក៏​នៅ​តែ​អាច​បំបៅ​ដោះកូន​បាន​ដូចគ្នា ដោយ​គ្រាន់តែ​យើង​ត្រូវ​សម្អាត​ថ្នាំ​ដែល​លាប​ ករណីកើតលើសុដន់ ឲ្យ​បាន​ស្អាន​មុន​នឹង​បំបៅ​ដោះកូន។​

    សម្រាប់​មូលហេតុ​បង្ក គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​អាច​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ភាគច្រើន​កើត​មាន​លើ​អ្នក​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ជំងឺ​ហឺត ស្ត្រេស​ខ្លាំង ស្បែក​ស្ងួត និង​កត្តា​បរិស្ថាន​ផ្សេងៗ។ សម្រាប់​គ្នាយើង​​មួយ​ចំនួន​អាច​មាន​អាការៈ​​ជំងឺ​នេះ​រហូត និង​គ្នាយើង​មួយ​ចំនួន​អាច​មាន​ជំងឺ​ក្នុង​ពេល​ណា​មួយ​ដូចជា​ពេល​ពពោះ​ជាដើម។ ជំងឺ​ត្រអកតែង​កើត​មាន​នៅ​អំឡុង​ពេល​ពពោះ​ត្រីមាស​ទី១ និង​ទី២។ ប៉ុន្តែ​ដោយសារ​ជំងឺ​ប្រភេទនេះ​ក៏​​អាច​បង្ក​ដោយ​កត្តា​បរិស្ថាន និង​កត្តាខាង​ក្នុង​របស់រាងកាយ(ប្រព័ន្ធ​ភាពស៊ាំ) ដែលនេះ​​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ដឹង​ថា​ពេល​ណា​ជំងឺ​នេះ​អាច​កើត​មាន​អំឡុង​ពេល​ពពោះ ឬ​ក្រោយ​ពេល​សម្រាល​កូន​រួច។

    ក្នុង​ករណី​ដែល​អាការៈ​នៅ​តែ​បន្ត​មាន​ក្រោយ​សម្រាល​រួច ការ​បន្ត​ការ​ព្យាបាល​គឺ​រឿងចាំបាច់​ណាស់។ ការ​ព្យាបាល​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន​គឺ​ស្រដៀង​ទៅ​នឹង​អំឡុងពេល​ពពោះ​ដែរ​ដោយ​នៅ​តែ​អាច​បន្ត​ប្រើ​ថ្នាំ​លាប​បន្ថែម​សំណើម​ដល់​ស្បែក (emollient) និង​ ប្រើ​ថ្នាំ​លាប​ពពួក ស្តេរ៉ូអ៊ីត (Topical steriod) ហើយ​ការ​ងូតទឹក​ដោយ​ប្រើ​ពេល​តិច និង​ចៀសវាង​សាប៊ូ​ដែល​កាត់​ខ្លាំង​​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត គឺ​សុទ្ធ​តែ​​ជួយ​បន្ថយ​អាការៈផង​ដែរ រួម​ទាំង​មាន​ការ​កំណត់​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ព្រោះ​អាច​ប៉ះពាល់​ដល់​ទារក។ ក្នុង​ករណី​ស្ត្រី​បំបៅ​ដោះ​កូន​មាន​ជំងឺ​ត្រអក​នៅ​សុដន់​​អាច​ប្រើ​ថ្នាំ​លាប​បន្ថែម​សំណើម (emollient) និង​ថ្នាំ​លាប​ពពួក ស្តេរ៉ូអ៊ីត​ នៅ​នឹង​សុដន់​​ពេល​មុន​បំបៅ​ដោះ​កូន និង​​គួរ​ធ្វើ​ការ​សម្អាត​ឲ្យ​បាន​ល្អ​មុន​នឹង​បំបៅ​ដោះ​កូន​ម្ដង​ទៀត​។ យ៉ាង​ណាមិញ សម្រាប់​ការ​​ប្រើប្រាស់​ថ្នាំ​លាប ឬ​ថ្នាំ​លេប​ផ្សេងៗ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន​សិន​ដើម្បី​សុវត្ថិភាព​ទារក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម