ជាទូទៅ IQជាមធ្យមគឺនៅចន្លោះពី៨៥ ដល់១១៥ នេះបើយោងតាមគេហទំព័រExtreme Intellect។ យ៉ាងណាមិញ ខណៈពេលដែលមានការចង្អុលបង្ហាញមួយចំនួន អាចបញ្ជាក់ថាក្មេងមានកម្រិតIQខ្ពស់ ឬទាបក៏ពិតមែន ប៉ុន្តែវាមិនមានភាពច្បាស់លាស់ទាំងស្រុងឡើយ។ ការកំណត់នៃបញ្ញាស្មារតី ឬអំណោយទានពីធម្មជាតិ ក៏អាចជះឥទ្ធិពលទៅលើកត្តាដទៃទៀតដូចជាអារម្មណ៍ ការប្រាស្រ័យទាក់ទង ជំនាញសង្គម រួមជាមួយនឹងអសមត្ថភាពក្នុងការរៀនសូត្រផងដែរ។
ជាក់ស្ដែង នៅពេលដែលក្មេងមានកម្រិតIQទាបជាងមធ្យម ពួកគេនឹងចាប់ផ្ដើមការដើរ ឬនិយាយយឺតជាងក្មេងស្រករគ្នា។ លើសពីនេះ ពួកគេអាចមានជំនាញសង្គមខ្សោយនៅពេលលេង ឬរៀនជាមួយនឹងក្មេងដទៃទៀត។ ជាពិសេស ពួកគេអាចចេះថែទាំខ្លួន អនាម័យ ស្លៀកពាក់ និងញ៉ាំអាហារយឺតយ៉ាវជាងក្មេងធម្មតា។ នៅពេលដែលពួកគេកាន់តែធំឡើងៗ ក្មេងដែលមានកម្រិតIQទាបអាចមានការពិបាកក្នុងការរៀនសូត្រ ក៏ដូចជាខ្សោយជំនាញធ្វើការងារថែមទៀតផង។
ចំពោះក្មេងដែលមានIQខ្ពស់ជាងធម្មតា ពួកគេតែងតែឆាប់ចេះដើរ និងនិយាយ ការប្រាស្រ័យទាក់ទង និងជំនាញសង្គមជាដើម។ ជាមួយគ្នានេះដែរ ពួកគេមានកម្រិតថាមពលខ្ពស់ ចាប់អារម្មណ៍នៅក្នុងសកម្មភាពសិល្បៈ ក៏ដូចជាបង្ហាញពីការយល់ចិត្តជាមួយនឹងក្មេងដទៃទៀត ព្រមទាំងធ្វើជាអ្នកដឹកនាំនៅក្នុងចំណោមមិត្តភ័ក្ដិ។
លក្ខណៈនៃកម្រិតIQលាយបញ្ចូលគ្នា គឺក្មេងមានIQខ្ពស់ ប៉ុន្តែមានការពិបាកនៅក្នុងការរៀនសូត្រ។ ជាធម្មតា ក្មេងដែលពិបាកក្នុងការផ្ចង់អារម្មណ៍ គឺច្រើនតែមានកម្រិត IQធម្មតា ទៅខ្ពស់។ ពួកគេអាចនឹងពូកែក្នុងការលេងហ្គេមកុំព្យូទ័រ ស្ដាប់ការសន្ទនាច្រើនក្នុងពេលតែមួយ និងសកម្មនៅក្នុងការលេង ប៉ុន្តែមិនអាចផ្ដោតអារម្មណ៍បានល្អ និងទទួលបានពិន្ទុទាបជាងការរំពឹងទុកនៅក្នុងការប្រលងនានា។