ជំងឺរលាកបំពង់ក ជាកង្វល់ធំរបស់ម៉ាក់ប៉ាគ្រប់ ព្រោះវាបណ្ដាលឲ្យកូនមានអាការៈក្ដៅខ្លួនខ្លាំង។ អាណាព្យាបាលជាច្រើនមានចម្ងល់ថា រលាកបំពង់កនេះបណ្ដាលមកពីអ្វី? ការរលាកបំពង់កញឹកញាប់បែបនេះមានគ្រោះថ្នាក់ដែរឬទេ? ព្រោះមានទារក និងកុមារខ្លះរលាកបំពង់កញឹកញាប់រហូត ២ ឬ ៣ដង/ខែ ក៏មាន។
លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រីបានឲ្យដឹងថា អាការៈរលាកបំពង់កជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើននៃជំងឺផ្ដាសាយដែលតែងតែធ្វើឲ្យកុមារមានកម្ដៅឡើងខ្លាំងពី ៣៨-៤០អង្សាសេ តឹងច្រមុះ ហៀរសម្បោរ ឈឺបំពង់ក និងឆ្អឹងឆ្អែងជាដើម។
១- រោគសញ្ញារលាកបំពង់ក
អាការៈរលាកបំពង់ក កុមារច្រើនពិបាកក្នុងការបៅ ឬញ៉ាំបរិភោគអាហារហើយកម្ដៅក្នុងខ្លួនឡើងខ្លាំងពី ៣៨-៤០អង្សាសេ ជាហេតុធ្វើឲ្យកុមារឡេះឡះ ហើយអាចបណ្ដាលឲ្យកុមារប្រកាច់ផងក៏មាន។ នៅពេលពិនិត្យដោយការបើកបំពង់កឃើញមានពណ៌ក្រហមខុសពីធម្មតាដែលជាសញ្ញានៃការលាក ជាងនេះទៅទៀតកុមារអាចមានរោគសញ្ញាបន្ទាប់បន្សំមួយចំនួន ដូចជាអាការៈឈឺក្បាល ធុំអាហារ ក្អួត អស់កម្លាំងជាដើម ពេលខ្លះអាចទៅជារាករូសផងក៏មាន។
២- មូលហេតុរលាកបំពង់ក
រលាកបំពង់កអាចបណ្ដាលមកពីវីរុស ពពួកបាក់តេរី និងពពួកផ្សិតដែលរីករាលដាលដោយកង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ រួមមានការញ៉ាំអាហារមិនមានអនាម័យ កង្វះអាហារូបត្ថម្ភ កុមារលេងដីធ្វើឲ្យមេរោគងាយជ្រៀតចូលតាមរយៈដៃជើង និងសម្លៀកបំពាក់ជាដើម។
៣- វិធីព្យាបាលអាការៈរលាកបំពង់ក
ដើម្បីព្យាបាលការរលាកបំពង់ក ម៉ាក់ប៉ាត្រូវព្យាបាលជំងឺផ្ដាសាយជាមុនសិន។ ចំពោះការព្យាបាលអាការៈរលាកបំពង់ក ឬក៏ផ្ដាសាយចាំបាច់ត្រូវប្រើថ្នាំបញ្ចុះកម្ដៅ ដើម្បីទប់ទល់កុំឲ្យកុមារប្រកាច់។ ម៉ាក់ប៉ាមិនត្រូវប្រើថ្នាំផ្ដេសផ្ដាសដោយខ្លួនឯងឡើយ ថ្នាំដែលសមស្របបំផុត គឺប្រភេទប៉ារ៉ាសេតាម៉ុលដោយប្រើទៅតាមកម្រិតអាយុ និងទម្ងន់របស់កុមារ ព្រោះថា បើប្រើហួសកម្រិតធ្វើឲ្យមានការប៉ះពាល់ដល់ថ្លើម។ ជាងនេះទៅទៀត ម៉ាក់ប៉ាត្រូវយកកន្សែង ឬក្រមាជ្រលក់ទឹកធម្មតា មកជូត ឬដណ្ដប់លើរាងកាយកុមារ ដើម្បីបន្ថយកម្ដៅបានខ្លះ។
ចំណែកផលប៉ះពាល់នៃការរលាកបំពង់ក អាចធ្វើឲ្យកុមារជួបប្រទះ នឹងបញ្ហាមួយចំនួនក្រោយពេលជា ដូចជាអាចធ្វើឲ្យកុមារមិនស្រួលខ្លួន ក្ដៅខ្លួន រមាស់នៅត្រង់បរិវេណក ពិបាកក្នុងការបៅ និងទទួលទានអាហារជាហេតុនាំឲ្យកុមារប្រឈមមុខចំពោះការចុះស្គម និងកង្វះអាហារូបត្ថម្ភ។ អាការៈទាំងនេះអាចនឹងធូរស្រាល បន្ទាប់ពីកុមារបានជាសះស្បើយត្រឹមត្រូវ។
វេជ្ជបណ្ឌិតរូបនោះបានបន្តទៀត អាការៈរលាកបំពង់ក អាចកើតឡើងសារជាថ្មី ប្រសិនបើការព្យាបាលមិនទាន់បានជាសះស្បើយត្រឹមត្រូវ។ លោកបន្ថែមថា នៅពេលអការៈជំងឺទារក ឬកុមារថយចុះ ម៉ាក់ប៉ាតែងតែបញ្ឈប់ការផ្ដល់ថ្នាំភ្លាម នេះជាការខុសឆ្គង ព្រោះតាមពិតទៅនៅរយៈពេលពីរ ឬបីថ្ងៃដំបូង មេរោគគ្រាន់តែសម្ងំមិនទាន់ងាប់នៅឡើយទេ ទាល់តែប្រើថ្នាំគ្រប់ចំនួនទៅតាមវេជ្ជបញ្ជា ទើបមេរោគត្រូវបានសម្លាប់ទាំងស្រុង។
[embed-health-tool-due-date]
រីឯវិធីការពាររលាកបំពង់កវិញ គឺម៉ាក់ប៉ាត្រូវការពារមូលហេតុដែលនាំឲ្យមានជំងឺផ្ដាសាយផងដែរ។ នៅពេលមានអាកាសធាតុត្រជាក់ យើងត្រូវចាំបាច់ស្លៀកពាក់ឲ្យកុមារឲ្យបានជិតរាងកាយដោយពាក់អាវដៃវែង។ បើអាចគួរតែមានមួក ឬស្រោមដៃស្រោមជើង នោះរឹតតែប្រសើរ និងគ្របដណ្ដប់រាងកាយធ្វើយ៉ាងណាឲ្យរាងកាយបានកក់ក្ដៅកុំឲ្យខ្លួនទទេ។ សូមព្យាយាម ធ្វើអនាម័យដល់កូនឲ្យបានត្រឹមត្រូវ និងទៀងទាត់កុំដាក់ឲ្យកូនលេងដីផ្ទាល់ និងផ្ដល់ចំណីអាហារឲ្យបានគ្រប់គ្រាន់។ សូមចៀសវាងប្រភេទចំណីអាហារដែលត្រជាក់ ក្លាស្សេ ឬអាហារផ្អាប់ និងកុំឲ្យកូនផឹកទឹកកក។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?