ក្មេងអាចឈឺច្រើន ឬពេលខ្លះ ក្អួតទៀតក៏មាន។ អ៊ីចឹង គួរដឹងពីដើមហេតុដែលធ្វើឲ្យក្អួតសិន ហើយកុំភ័យស្លន់ស្លោ។
ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលើកពីវិធីដោះស្រាយមកពន្យល់។
១– ពិនិត្យមើលសញ្ញាខ្សោះជាតិទឹក
ក្មេងមិនអាចទ្រាំក្នុងស្ថានភាពខ្សោះជាតិទឹកបានយូរដូចមនុស្សធំទេ។ សញ្ញាខ្សោះជាតិទឹក មាន ហេវហត់ ឆាប់ខឹង យំមានទឹកភ្នែកតិចៗ សាច់ឡើងត្រជាក់ ញាក់ភ្នែក នោមតិច និងទឹកនោមមិនថ្លា។
[embed-health-tool-child-growth-chart]
ដើម្បីកុំឲ្យខ្សោះជាតិទឹក ត្រូវឲ្យកូនឲ្យញ៉ាំទឹក ឬទឹកអូរ៉ាលីត ឲ្យបានច្រើន។ ពេលកូនក្អួតហើយ សាកឱ្យគេញ៉ាំទឹកបន្តិច ដើម្បីឲ្យដឹងថាគេញ៉ាំទឹកចូលអត់ ហើយបន្តពិនិត្យមើលការនោមរបស់កូនឲ្យបានទៀងទាត់។
២– ញ៉ាំរបស់រាវៗ
បើកូនឈប់ក្អួតបាន ២–៣ម៉ោង គួរឲ្យញ៉ាំអាហាររាវៗ ទឹកស៊ុប ឬទឹកផ្លែឈើស្រស់ ព្រោះវាជាអាហារងាយរលាយ។ កុំឲ្យញ៉ាំរបស់រឹង ព្រោះអាចឲ្យមានបញ្ហាកាន់តែធ្ងន់។
៣– ប្រើថ្នាំ
ពេលក្មេងក្អួត ភាគច្រើនមិនឲ្យប្រើថ្នាំទេ ចាំប្រហែលប៉ុន្មាននាទី វានឹងបាត់ទៅខ្លួនឯង។ កុំឲ្យកូនញ៉ាំថ្នាំបំបាត់ក្អួត OTC ព្រោះវាគ្មានប្រសិទ្ធភាពលើការក្អួតដែលបណ្តាលមកពីមេរោគទេ។ ប្រើថ្នាំមិនត្រឹមត្រូវ អាចបង្កបញ្ហាច្រើនជាងមុនទៀត។ បើគ្មានវេជ្ជបញ្ជាពីពេទ្យទេ កុំឲ្យកូនញុំាថ្នាំបាត់ក្អួត។
៤– ពេលណាគួរទៅពេទ្យ?
គួរទៅពេទ្យភ្លាម បើកូនមានអាការៈទាំងនេះ៖
– ក្អួតច្រើនដង
– ងងុយដេករហូត
– ឆាប់ខឹងខុសធម្មតា
– មានសភាពខ្សោះជាតិទឹក
– ក្អួតញឹកញាប់ និងយូរលើសពីមួយថ្ងៃ
– ដាក់អីចូលបន្តិចក្អួត សូម្បីតែអាហាររាវ
– ក្អួតចេញពណ៌បៃតង (យើងតែងថាក្អួតបែកប្រមាត់) ឬឈាម។
យកកូនមកពេទ្យភ្លាម បើក្អួតផង ឈឺក្បាល រឹងកផង ហើយចេញកន្ទួលលើស្បែក។ ម៉ាក់ប៉ាត្រូវនៅតាមដាន ថែទាំ និងយកចិត្តទុកដាក់ឲ្យមែនទែន និងស្វែងរកជំនួយពីពេទ្យភ្លាមៗ បើមានអារម្មណ៍មិនស្រួល។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ