លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន បានឲ្យដឹងថា ក្នុងករណីដែលយើងមានជំងឺដំបៅក្រពះធ្ងន់ធ្ងរ អ៊ីចឹងពេទ្យតម្រូវឲ្យតមញ៉ាំកាហ្វេហើយ ព្រោះវាអាចបង្កឲ្យមានផលពិបាកដល់អ្នកឈឺ (កាហ្វេអាចធ្វើឲ្យក្រពះចេញទឹកអាស៊ីដច្រើន)។ ប៉ុន្តែ សម្រាប់អ្នកដែលមានបញ្ហាក្រពះស្រាលដូចជា ឈឺក្រពះ ឬរលាកក្រពះ អាចញ៉ាំកាហ្វេបានធម្មតា តែក៏អាចបណ្ដាលឲ្យឆ្អល់ពោះ ពេលខ្លះដែរ។
ប៉ុន្តែ ពពួកតែ ឬកាហ្វេដែលល្អ ហើយសុទ្ធ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ឬ Anti-oxidant ដែលជួយប្រឆាំងដល់ភាពវ័យចាស់ និងការពារជំងឺមហារីក ដូចនេះ វាមិនផ្ដល់ផលប៉ះពាល់ដល់ក្រពះអីទេ។ លោកបន្តថា ប្រសិនបើយើងញ៉ាំកាហ្វេដែលល្អហើយសុទ្ធ អាចជួយការពារថ្លើមបានល្អទៀតផង។
លោកសាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលរូបនេះ បានបញ្ជាក់ដែរថា ចំពោះប្រយោជន៍ដល់សុខភាពយើងដែលទទួលបានពីការញ៉ាំកាហ្វេនេះ គឺសំដៅលើតែ និងកាហ្វេដែលសុទ្ធល្អ មិនមែនតែ ឬកាហ្វេក្លែងក្លាយ (ឧទាហរណ៍ កាហ្វេថ្មពិល…) ទេ។