ជាការពិតណាស់ យើងម្នាក់ៗសុទ្ធតែប្រាថ្នាចង់បានជីវិតមួយដែលប្រកបដោយសុខភាពល្អ និងអាយុវែង។ ក៏ប៉ុន្តែ ពុំមែនគ្រប់គ្នាបានដឹងពីរបៀបបើកកកាយនូវអាថ៌កំបាំងទាំងនោះឡើយ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាការពិតណាស់ យើងម្នាក់ៗសុទ្ធតែប្រាថ្នាចង់បានជីវិតមួយដែលប្រកបដោយសុខភាពល្អ និងអាយុវែង។ ក៏ប៉ុន្តែ ពុំមែនគ្រប់គ្នាបានដឹងពីរបៀបបើកកកាយនូវអាថ៌កំបាំងទាំងនោះឡើយ។
ដូចដែលយើងបានដឹងរួចហើយថា ជនជាតិជប៉ុន គឺនៅស្ថិតលំដាប់កំពូលនៃមនុស្សដែលមានអាយុវែងបំផុត ហើយនៅពីក្រោយហេតុផលនេះ គឺការញ៉ាំអាហារដែលសម្បួរទៅដោយសារជាតិចិញ្ចឹម សន្ទស្សន៍ទម្ងន់រាងកាយដែលមានសុខភាពល្អ (BMI) រួមជាមួយនឹងទម្លាប់ល្អៗក្នុងការថែទាំសុខភាពបេះដូងផងដែរ។
វេជ្ជបណ្ឌិត Sarita Rao អ្នកឯកទេសខាងជំងឺបេះដូងនៅមន្ទីរពេទ្យCath Lab-Apollo បានបង្ហើបឲ្យដឹងថាមានទម្លាប់ល្អថែទាំសុខភាពបេះដូង ជួយយើងទទួលបាននូវសុខភាពល្អ និងពោរពេញទៅដោយថាមពល។ជាមួយគ្នានេះដែរ លោកក៏បានធ្វើការបកស្រាយអំពីកត្តាគ្រោះថ្នាក់ផ្សេងៗដែលធ្វើឲ្យកើតមានហានិភ័យដល់សុខភាពបេះដូង។
តើកត្តាអ្វីខ្លះដែលបង្កឲ្យមានជំងឺបេះដូង?
ចំនួនជនរងគ្រោះដោយជំងឺបេះដូង មានការកើនឡើងនៅក្នុងប្រទេសឥណ្ឌា និងមានចំនួនអ្នកមានជំងឺបេះដូងប្រមាណ២លានករណី ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសឥណ្ឌា។
កត្តាគ្រោះថ្នាក់ធំបំផុតមួយចំនួននៃជំងឺគាំងបេះដូង រួមបញ្ចូលទាំងប្រវត្តិគ្រួសារ និងការរស់នៅមិនត្រឹមត្រូវ ដូចជាការញ៉ាំអាហារចៀនច្រើន ជក់បារី ស្ត្រេស កង្វះលំហាត់ប្រាណ ការធាត់ជ្រុល និងសម្ពាធឈាមខ្ពស់ជាដើម។
បើតាមគ្រូពេទ្យ បញ្ហាគាំងបេះដូងបំផ្លាញ ឬសម្លាប់សាច់ដុំបេះដូងមួយផ្នែក ដោយសារតែការរឹតត្បិតការផ្គត់ផ្គង់ឈាមទៅកាន់ជាលិកា។ រោគសញ្ញាមួយចំនួននៃជំងឺនេះ មានដូចជាណែនទ្រូង ឈឺចាប់រាងកាយផ្នែកខាងលើ និងពិបាកដកដង្ហើម ព្រមទាំងមានអារម្មណ៍មិនស្រួល ចេញពីកណ្ដាលទ្រូង រួចក៏សាយភាយមកក្រៅ។ មនុស្សមួយចំនួន មានអារម្មណ៍មិនស្រួល ឬឈឺចាប់ដើមដៃម្ខាង ឬទាំងពីរ ខ្នង ក ថ្គាម ឬពោះ។
ដើម្បីបញ្ចៀសនូវបញ្ហាគាំងបេះដូង យើងគួរតែបង្កើតនូវទម្លាប់ល្អៗដល់សុខភាពបេះដូង ដូចមានបង្ហាញខាងក្រោមនេះ៖
ការធាត់ជ្រុល ឬមានជំងឺធាត់ ក៏ជាកត្តាមួយដែលនាំឲ្យកើតមានបញ្ហាគាំងបេះដូងផងដែរ។ អ្វីដែលគួរឲ្យបារម្ភនោះ គឺស្រ្តីដែលមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ។ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៃការគាំងបេះដូង យើងគួរតែធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់៤ទៅ៥ដង ក្នុងមួយសប្ដាហ៍។
យើងរាល់គ្នាបានដឹងហើយថា ការជក់បារីបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ដោយការធ្វើឱ្យសរសៃឈាមតូចចង្អៀតក្នុងរយៈពេលយូរ។ ដូច្នេះហើយ យើងគួរតែបញ្ឈប់នូវការជក់បារីភ្លាមៗ ប្រសិនបើយើង មិនចង់បំផ្លាញសុខភាពបេះដូង ក៏ដូចជាប្រឈមមុខនឹងការគាំងបេះដូងទេនោះ។
របបអាហារដែលមានតុល្យភាព គឺសម្បូរទៅដោយប្រូតេអ៊ីន កាបូអ៊ីដ្រាត អាស៊ីតខ្លាញ់សំខាន់ៗវីតាមីន ជាតិរ៉ែ និងជាតិសរសៃល្អសម្រាប់បេះដូង។ លោកស្រីវេជ្ជបណ្ឌិត ក៏បានណែនាំឲ្យយើងកាត់បន្ថយនូវការញ៉ាំអាហារកែច្នៃផ្សេងៗ ដែលផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូង។ជាការណែនាំ យើងគួរចៀសវាងការញ៉ាំអាហារមិនល្អចំពោះសុខភាព ដូចជាឈប់ញ៉ាំអាហារមានជាតិស្ករច្រើនដោយងាកមកញ៉ាំផ្លែឈើជំនួសវិញ ឈប់ញ៉ាំភេសជ្ជៈផ្អែម ហើយបែរមករកញ៉ាំទឹកដូងជំនួសវិញជាដើម។
យើងគួរពិនិត្យសុខភាពជាទៀងទាត់ ដើម្បីគ្រប់គ្រងសម្ពាធឈាម និងជាតិស្ករឲ្យបានល្អ។ យ៉ាងណាមិញ ប្រសិនបើមានការប្រែប្រួលណាមួយ ត្រូវពិគ្រោះជាមួយនឹងអ្នកជំនាញផ្នែកសុខភាពជាបន្ទាន់។
អ្នកជំនាញខ្លះអះអាងថា យើងអាចមានអត្រាកើតមានជំងឺបេះដូងទាប ប្រសិនជាយើងពុំមានបករើទូរសព្ទ កុំព្យូទ័រ ឬរងសំពាធការងារ និងគ្រួសារ។ ដូច្នេះការសម្រាកឲ្យបានគ្រប់គ្រាន់ និងព្យាយាមរក្សាចិត្តឲ្យស្ងប់ ក៏ដូចជាទុកពេលខ្លះសម្រាប់ខ្លួនឯង នឹងធ្វើឲ្យជីវិតយើងកាន់តែស្រស់បំព្រង។ ការដែលមានស្រ្តេសតិចតួច គឺជារឿងធម្មតា ប៉ុន្តែបើមានស្រ្តេសញឹកញាប់ពេក វាអាចជះឥទ្ធិពលមិនល្អដល់សុខភាពបេះដូងយើងផងដែរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕