នៅពេលខ្លះ យើងស្រាប់តែចុកទ្រូង ឬចុកពោះភ្លាមៗ ដែលធ្វើឲ្យយើងមានអារម្មណ៍នៅមិនសុខក្នុងខ្លួន។ ពោះរបស់យើងអាចឡើងហើម និងរមួលពោះជាដើម។ បន្ថែមពីនេះ ការឈឺចាប់ដែលកើតចេញពីហ្គាសដែលប្រមូលនៅផ្នែកខាងឆ្វេងនៃពោះវៀនធំ អាចសាយភាយចេញពីទ្រូងរបស់យើង ដែលធ្វើឲ្យយើងសង្ស័យថា ជាអាការៈគាំងបេះដូង។ ចំណែកឯហ្គាសដែលប្រមូលនៃផ្នែកខាងស្កាំនៃពោះវៀនធំ ក៏អាចឲ្យយើងសន្និដ្ឋានថា ជាជំងឺរលាកខ្នែងពោះវៀន ឬក្រួសក្នុងថង់ទឹកប្រមាត់ផងដែរ។
យ៉ាងណាមិញ បើទោះបីជាបញ្ហាហ្គាសមើលទៅមិនសូវជាធ្ងន់ធ្ងរប៉ុន្មាន ប៉ុន្តែវាក៏អាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពជាច្រើនទៀតនៅថ្ងៃក្រោយផងដែរ។ ដូច្នេះហើយ យើងចាំបាច់ត្រូវដឹងពីមូលហេតុដែលធ្វើឲ្យកើតមានហ្គាសក្នុងក្រពះ ក៏ដូចជាស្វែងរកនូវដំណោះស្រាយឲ្យបានទាន់ពេលវេលា។
១. ទល់លាមក
ការទល់លាមក ដែលបណ្ដាលមកពីការញ៉ាំអាហារមិនត្រឹមត្រូវ ក៏អាចបង្កឲ្យមានហ្គាសក្នុងក្រពះដែរ។ ម្យ៉ាងវិញទៀត នៅពេលដែលយើងមិនបានបន្ទោបង់ត្រឹមត្រូវ វានឹងធ្វើឲ្យមានការប្រមូលផ្ដុំហ្គាស ដូចជាកាបូនឌីអុកស៊ីត អ៊ីដ្រូសែន និងមេតាន។
២. ការលូតលាស់របស់មេរោគ
ការលូតលាស់របស់មេរោគក្នុងពោះវៀនតូច (SIBO) កើតឡើងនៅពេលមេរោគជាធម្មតាលូតលាស់នៅផ្នែកផ្សេងនៃពោះវៀន ចាប់ផ្ដើមលូតលាស់នៅក្នុងពោះវៀនតូច។ ករណីនេះ នឹងបណ្ដាលឲ្យមានហ្គាសក្នុងពោះវៀនច្រើនជាងធម្មតា។
៣. ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ កើតឡើងដោយសារតែការរំលាយអាហារមិនត្រឹមត្រូវ។ លើសពីនេះ ប្រសិនបើយើងញ៉ាំអាហារដែលមានជាតិសរសៃតិចតួច វាក៏នាំឲ្យកើតមានជំងឺនេះផងដែរ។
៤. ស្រ្តេស
យើងច្បាស់ជាបានដឹងហើយថា បញ្ហាស្រ្តេសផ្តល់ផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់យើង។ ជាមួយគ្នានេះដែរ វាក៏ឫសគល់ដែលធ្វើឲ្យយើងកើតមានហ្គាសក្នុងពោះវៀនផងដែរ។
៥. ឥរិយាបថរស់នៅ
ទម្លាប់ជាច្រើន ក៏អាចបណ្ដាលឲ្យមានការផលិតហ្គាសក្នុងពោះវៀនកាន់តែច្រើនដូចគ្នាដែរ។ ជាពិសេស គឺស្រូបយកខ្យល់ច្រើន នៅពេលដែលយើងញ៉ាំអាហារ ដូចជាការញ៉ាំច្រើន ការជក់បារី ការទំពាស្ករកៅស៊ូ ការញ៉ាំបណ្ដើរ និយាយបណ្ដើរ ឬការប្រើទុយយោសម្រាប់ញ៉ាំទឹកជាដើម។
តិចនិកការពារកុំឲ្យមានហ្គាសក្នុងពោះវៀន
យើងអាចកាត់បន្ថយហានិភ័យនៃហ្គាសដែលបង្កឲ្យមានការឈឺចាប់បាន តាមរយៈទម្លាប់ល្អៗដូចខាងក្រោម៖
- រក្សាជាតិទឹកក្នុងខ្លួន
- ចៀសវាងភេសជ្ជៈ ដែលមានជាតិកាបូន។
- ចៀសវាងអាហារដែលមានហ្គាសច្រើន
- ញ៉ាំអាហារយឺតៗ និងទំពាឲ្យបានម៉ត់ល្អ
- កុំទំពាស្ករកៅស៊ូ
- បង្កើនសកម្មភាពរាងកាយ
- កុំទប់ផោម
- ចៀសវាងជាតិផ្អែមសិប្បនិម្មិត។
[embed-health-tool-bmr]