ជាការពិតណាស់ អាហារមានជាតិហឹរភាគច្រើនមកពីប្រទេសដែលមានអាកាសធាតុក្ដៅដូចជាប្រទេសឥណ្ឌា និងប្រទេសនៅអាស៊ីអាគ្នេយ៍ជាដើម។ តាមការស្រាវជ្រាវជាច្រើនបានអះអាងថាការញ៉ាំអាហារមានជាតិហឹរអាចជួយបញ្ចុះសីតុណ្ហភាពក្នុងរាងកាយមានប្រសិទ្ធភាពជាងការញ៉ាំអាហារត្រជាក់។មូលហេតុចម្បងគឺមកពីការចេញញើស។
នៅពេលញ៉ាំអាហារមានជាតិហឹរ សីតុណ្ហភាពក្នុងរាងកាយនឹងកើនឡើងដោយសារកម្ដៅដែលបានពីម្ទេស និងគ្រឿងទេសផ្សេងទៀតចូលទៅក្នុងប្រព័ន្ធនៃរាងកាយ។ ដូចនេះ ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនៃសីតុណ្ហភាព រាងកាយមានឈាមរត់កាន់តែច្រើនជាងមុនដែលបង្កឲ្យមានញើស។ ការបញ្ចេញញើសនេះភាគច្រើនមាននៅថ្ងាស មុខ ឬក ដែលអាចជួយឲ្យមានអារម្មណ៍ធូរស្រាលពីកម្ដៅព្រោះមានការហួតលឿន និងដំណើរការបញ្ចុះកម្ដៅនឹងចាប់ផ្ដើមភ្លាមៗ។