backup og meta

អ្នកកើតជំងឺ Thalassemia អាចប្រឈមផលវិបាកទាំងនេះច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 04, 2022

    អ្នកកើតជំងឺ Thalassemia អាចប្រឈមផលវិបាកទាំងនេះច្រើន

    ជំងឺ Thalassemia ស្ថិតនៅលើក្រូម៉ូសូមរបស់ម្តាយឪពុកដែលបង្កកំណើតផ្តល់ទៅកូន បើទាំង២នាក់ (ឪពុក និងម្តាយ) មានជំងឺ Thalassemia នោះកូននឹងមានឱកាសកើតជំងឺនេះដែរ។ នេះ​បើ​តាម​លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ។

    លោក​បន្ត​ថា ផ្ទុយទៅវិញ បើក្នុងចំណោម ២នាក់ (ម្តាយ និងឪពុក) មានតែម្នាក់មានផ្ទុកជំងឺ Thalassemia នេះ នោះកូននឹងមានឱកាសឆ្លងជំងឺនេះ ៥០% តែប៉ុណ្ណោះ (៥០% អាចអត់អី ឯ ៥០% ទៀតអាចកើតជំងឺនេះដូចឪពុក ឬម្តាយ)។

    ផល​ពិបាក​នៃ​ជំងឺ Thalassemia

    – កើត​ជំងឺ Thalassemia កម្រិត​មធ្យម-ធ្ងន់ធ្ងរ​អាច​ជួប​ផល​ពិបាក​ដូច​ជា៖

    • លើស​ជាតិ​ដែក៖ អ្នក​កើត​ជំងឺ​នេះ​អាច​មាន​ជាតិ​ដែក​ច្រើន​ពេក​នៅ​ក្នុង​ខ្លួន មិន​ថា​មក​ពី​ជំងឺ ឬ​ពី​ការ​បញ្ចូល​ឈាម​ញឹក​ញាប់​ទេ។ ការ​មាន​ជាតិ​ដែក​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ខូច​បេះដូង ថ្លើម និង​ប្រព័ន្ធ​អង់ដូគ្រីន (endocrine) រួមមាន​ក្រពេញ​ផលិត​អ័រម៉ូន ដែល​គ្រប់គ្រង​ដំណើរ​ការ​នានា​ទូទាំង​រាងកាយ។
    • ឆ្លង​មេរោគ៖ អ្នក​កើត Thalassemia មាន​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ពិសេស​ប្រសិន​បើ​អ្នក​បាន​ដក​លំពែង​ចេញ។

    – ក្នុង​ករណី​ធ្ងន់ធ្ងរ thalassemia ផល​ពិបាក​ខាងក្រោម​អាច​កើត​ឡើង៖

    • ខូចទ្រង់ទ្រាយឆ្អឹង៖ Thalassemia អាច​ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​ពង្រីក បណ្ដាល​ឲ្យ​ឆ្អឹង​រីក​ធំ។ នេះ​អាច​បណ្តាល​ឲ្យ​រចនា​សម្ព័ន្ធ​ឆ្អឹង​ប្រែ​ជា​មិន​ធម្មតា ជាពិសេស​នៅ​លើ​មុខ និង​លលាដ៍ក្បាល។ ការ​ពង្រីក​ខួរឆ្អឹង​ក៏​ធ្វើ​ឲ្យ​ឆ្អឹង​ស្ដើង និង​ផុយ ដែល​បង្កើន​ឱកាស​នៃ​ការ​បាក់​ឆ្អឹង។
    • លំពែងរីកធំ៖ លំពែង​ជួយ​រាងកាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ និង​ច្រោះ​សារធាតុមិន​ចាំបាច់ ដូចជា​កោសិកា​ឈាម​ចាស់ ឬ​ខូច។ Thalassemia ជារឿយៗ​ត្រូវ​បាន​អម​ដោយ​ការ​បំផ្លាញ​កោសិកា​ឈាម​ក្រហម​មួយ​ចំនួន​ធំ នេះ​បណ្ដាល​ឲ្យ​លំពែង​រីក​ធំ និង​ធ្វើការ​ខ្លាំង​ជាង​ធម្មតា។ ការ​រីក​ធំ​នៃ​លំពែង​អាច​ធ្វើ​ឲ្យ​ភាព​ស្លេក​ស្លាំង​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​វា​អាច​កាត់​បន្ថយ​អាយុ​ជីវិត​របស់​កោសិកា​ឈាម​ក្រហម​ដែល​បាន​បញ្ចូល។ ប្រសិន​បើ​លំពែង​ធំ​ពេក គ្រូពេទ្យ​ជំនាញ​អាច​ស្នើ​ឲ្យ​វះកាត់ ដើម្បី​យក​​ចេញ។
    • អត្រា​លូតលាស់​យឺត៖ ភាព​ស្លេកស្លាំង​អាច​ពន្យឺត​ការ​លូតលាស់​របស់​កុមារ និង​ពន្យារ​ភាព​ពេញ​វ័យ។
    • បញ្ហា​បេះដូង៖ ជំងឺ​ខ្សោយ​បេះដូង ស្ទះ​បេះដូង និង​ចង្វាក់​បេះដូង​ខុស​ប្រក្រតី អាច​ទាក់ទង​នឹង​ជំងឺ Thalassemia ធ្ងន់ធ្ងរ។

    ក្នុង​ករណី​ភាគច្រើន យើង​មិន​អាច​ការពារ​ជំងឺ Thalassemia បាន​ទេ។ ប្រសិន​បើ​ដឹង​ខ្លួន​មាន​ជំងឺ​នេះ ឬ​ប្រសិន​បើ​យើង​មាន​ហ្សែន Thalassemia គួរ​ពិចារណា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​ណែនាំ ប្រសិន​បើ​ចង់​មាន​កូន។

    ចំណុចសំខាន់

    Thalassemia ជាជំងឺតំណពូជនៃឈាមដែលបណ្តាលឲ្យរាងកាយរបស់អ្នកមានអេម៉ូក្លូប៊ីនតិចជាងធម្មតា។ ក្នុងករណីកើតជំងឺនេះក្នុងកម្រិតមធ្យម វាអាចបង្កផលពិបាកដូចជា៖
    • លើសជាតិដែក
    • ឆ្លងមេរោគ។
    ក្នុងករណីកើតជំងឺនេះក្នុងកម្រិតធ្ងន់ធ្ងរ នោះអាចបង្កឲ្យមានផលពិបាកដូចជា៖
    • ខូចទ្រង់ទ្រាយឆ្អឹង
    • លំពែងរីកធំ
    • អត្រាលូតលាស់យឺត
    • បញ្ហាបេះដូង។

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម