backup og meta

សញ្ញាបញ្ជាក់ថាគ្រាប់ឈាមសចុះទាប បើដឹងចុះហើយតើគួរបង្កើនបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 14, 2022

    សញ្ញាបញ្ជាក់ថាគ្រាប់ឈាមសចុះទាប បើដឹងចុះហើយតើគួរបង្កើនបែបណា?

    កោសិកាឈាមសមាននាទីជួយរាងកាយយើងប្រយុទ្ធប្រឆាំងនឹងជំងឺ ឬមេរោគផ្សេងៗ ហើយខួរឆ្អឹងយើងផលិតកោសិកាឈាមសប្រហែល ១០០ ពាន់លានក្នុងមួយថ្ងៃ។ ពេលគ្រាប់ឈាមសចុះទាប​យើងអាចមានអាការៈម៉េច​ខ្លះ? គួរបង្កើនតាមវិធីណា?

    ប្រសិនបើលទ្ធផលរាប់គ្រាប់ឈាមបញ្ជាក់ថា គ្រាប់ឈាមសយើងតិចជាង ៤០០០/មីក្រូលីត្រ មាន​ន័យថា គ្រាប់ឈាមសយើងចុះទាប ហើយអាចបណ្តាល​មកពីជំងឺមួយចំនួន ឬកង្វះអាហារូបត្ថម្ភ

    នៅពេលគ្រាប់ឈាមសចុះទាប យើងអាចមានអាការៈដូចជា៖

    • គ្រុនក្តៅ និងឆ្លងមេរោគម្តងហើយម្តងទៀត
    • គ្រុនរងា
    • ឆ្លងមេរោគក្នុងប្លោកនោម ដែលអាចបណ្តាលឱ្យឈឺចាប់ពេល​នោម ឬនោមញឹក
    • ឆ្លងមេរោគក្នុងសួតដែលបណ្តាលឱ្យក្អក និងពិបាកដកង្ហើម
    • ដំបៅមាត់
    • រលាកប្រហោងឆ្អឹងច្រមុះ និងតឹងច្រមុះដែលបណ្តាលឱ្យឈឺក្បាល ឬវិលមុខ
    • ឆ្លងមេរោគលើស្បែក
    • អស់កម្លាំង
    • បែកញើស
    • ឈឺខ្លួន
    • ឈឺ​ក

    ប្រព័ន្ធភាពសុំាយើងនឹងចុះខ្សោយ នៅពេលគ្រាប់ឈាមសចុះទាប ដូច្នេះ​យើង​អាច​បង្កើន​គ្រាប់​ឈាម​​សតាមរយៈ៖

    ១. វីតាមីន C

    ជាទូទៅការញុំាវីតាមីន C ២០០ មីល្លីក្រាមក្នុងមួយថ្ងៃអាចជួយរាងកាយ​យើងក្នុងការផលិត​កោសិកា​ឈាមស និងពង្រឹងប្រព័ន្ធភាពសុំាហើយ។ អាហារសម្បូរវីតាមីន C មានដូចជា ផ្លែឈើអម្បូរក្រូច ត្របែក ល្ហុង ម្ទេស​ហាវៃ ប្រូខូលី ស្ពៃក្តោបជាដើម។

    ២. ស័ង្កសី

    តាមការសិក្សាបានឱ្យដឹងថាថា កង្វះជាតិស័ង្កសីអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ។ អាហារ​សម្បូរ​ជាតិស័ង្កសី រួមមាន អយស្ទ័រ សាច់គោ ស្ពៃពួយឡេង ផ្សិត ឬទំពាំងបារំាំងជាដើម។

    ៣. សេលេញ៉ូម

    សេលេញ៉ូមក៏អាចជួយឱ្យរាងកាយយើងផលិតកោសិកាឈាមសដែរ ហើយសម្បូរ​នៅក្នុង​អាហារ​ដូចជា សាច់គោ ត្រីធូណា ត្រីសាល់ម៉ុន និងសាច់មាន់​ជាដើម។

    ៤. បេតាការ៉ូទីន

    បេតាការ៉ូទីនជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កការខូចខាតកោសិកា និងជួយជំរុញការផលិតកោសិកា​ឈាម​​​ស។ អាហារផ្ទុកទៅដោយបេតាការ៉ូទីនខ្ពស់មានដូចជា ការ៉ុត ល្ពៅ ប៉េងប៉ោះ ដំឡូងជ្វា និងបន្លែស្លឹកបៃតងចាស់។

    ៥. វីតាមីន E

    វីតាមីន E ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ពង្រឹងប្រព័ន្ធភាពស៊ាំយើង​ដោយ​ជំរុញ​ការ​ផលិត​កោសិកាឈាមស។ លើសពីនេះ វីតាមីន E ក៏ជួយជំរុញការផលិតកោសិកា B ដែលជួយ​កម្ចាត់​មេរោគ​ដែរ។

    យើងអាច​ទទួលបាន វីតាមីន E ពីគ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ គ្រាប់ផ្កាឈូករ័ត្ន សណ្តែកដី ស្ពៃពួយឡេង ប្រូខូលី ផ្លែបឺរ ស្វាយ ផ្លែគីវីជាដើម។

    ៦. អាស៊ីដខ្លាញ់អូមេហ្កា-៣

    អាស៊ីដខ្លាញ់អូមេហ្កា-៣ ដូចជា ត្រីសាល់ម៉ុន ធូណា សាឌីន អ័យស្ទើ គ្រាប់ឈៀ គ្រាប់ផ្លែលើ ផ្លែបឺរ ប្រេងអូលីវជាដើមអាចជួយពង្រឹងសមត្ថភាពកោសិកា និងជំរុញការផលិតកោសិកាឈាមស​នៅក្នុង​ប្រព័ន្ធភាពស៊ាំ។

    ៧. វីតាមីន B កំផ្លេច

    វីតាមីន B កំផ្លេចគឺជាវីតាមីន B6, B12, B3, B2, B5, B7, B9, ឬ B12 ក៏​ជួយដល់ការផលិតកោសិកា​ឈាមសដែរ។ អាហារសម្បូរវីតាមីន B មានដូចជា ស៊ុត ទឹកដោះគោ ឈីស សណ្ដែក ត្រីធូណា ត្រី​សាល់ម៉ុន ដំឡូង​បារំាង ឆាយថាវក្រហម ផ្លែបឺរ ឪឡឹក ចេកជាដើម។

    ៨. គេងឱ្យបានគ្រប់គ្រាន់

    ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឱ្យការផលិតកោសិកាឈាមសកាន់​តែ​តិច ហើយ​ធ្វើ​ឱ្យ​អាការៈ​ជំងឺ​យើងកាន់តែធ្ងន់ធ្ងរ។ យើងគួរគេងឱ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃ​ដើម្បី​ឱ្យ​រាងកាយ​មានពេលវេលា​ជួសជុល​ខ្លួន​ឯង។

    ៩. ញុំាទឹកឱ្យបានគ្រប់គ្រាន់

    យើងគួរញុំាទឹកឱ្យបាន ២ លីត្រក្នុងមួយថ្ងៃ ព្រោះជាតិទឹកជួយឱ្យកោសិកា​ដំណើរការបានល្អ និង​ជំរុញ​​ការផលិតកោសិកាក្នុងរាងកាយ។

    ជាទូទៅរាងកាយយើងនឹងត្រូវការពេលពីរបីថ្ងៃ ឬសប្តាហ៍ដើម្បីបង្កើនការ​ផលិតកោសិកាឈាមស។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    យើងអាចបង្កើនគ្រាប់ឈាមសតាមរយៈ៖
    • ញុំាអាហារសម្បូរវីតាមីន C ស័ង្កសី សេលេញ៉ូម បេតាការ៉ូទីន វីតាមីន E អាស៊ីដខ្លាញ់អូមេហ្កា-៣ វីតាមីន B កំផ្លេច
    • គេងឱ្យបានគ្រប់គ្រាន់
    • ញុំាទឹកឱ្យបានគ្រប់គ្រាន់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម