backup og meta

មូលហេតុ​អ្វី​បណ្ដាលឲ្យ​​គ្រាប់​ឈាម​ស​ធ្លាក់​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 02, 2021

    មូលហេតុ​អ្វី​បណ្ដាលឲ្យ​​គ្រាប់​ឈាម​ស​ធ្លាក់​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    គ្រាប់​ឈាម​ស​ធ្លាក់​ចុះ​ សំដៅ​ទៅ​លើ​ការ​​ធ្លាក់​ចុះ​នៃ​កោសិកា​ឈាម​ស​ក្នុង​ឈាម​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​​ជាក់លាក់​ ការ​ព្យាបាល​ជំងឺ​មហារីក​ ឬ​បញ្ហា​ហ្សែន​មួយ​ចំនួន​។ សម្រាប់​​មនុស្ស​ពេញ​វ័យ​​មាន​កោសិកា​ឈាម​ស​​ធម្មតា គឺ​នៅ​​ចន្លោះ​ពី​៤ ៥០០​ដល់​១១ ០០០​ ក្នុង​​ឈាម​មួយ​មិល្លីម៉ែត្រ​គូប​។ ចំនួន​នេះ​ខ្ពស់​ជាង​​បន្តិច​ចំពោះ​កុមារ​។

    មូលហេតុ​​​ដែល​គ្រាប់​ឈាម​ស​ធ្លាក់​ចុះ​

    ជាក់​ស្ដែង គ្រាប់​ឈាម​ស​ធ្លាក់​ចុះ​​ អាច​បណ្ដាល​ម​ក​ពី​ជំងឺ និង​​ការ​ប្រើប្រាស់​ថ្នាំ​ផ្សេង​ៗ​ ដូច​ខាង​ក្រោម​នេះ​។

    ១. ​ខូច​ខួរ​ឆ្អឹង

    បញ្ហា​នេះ​កើត​ឡើង​បណ្ដាល​មក​ពី​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​គីមី ឬ​ជាតិ​ពុល​ ការ​ព្យាបាល​​ជំងឺ​មហារីក​ដោយ​ប្រើ​គីមី ការ​ព្យាបាល​ដោយ​ប្រើប្រាស់​កាំរស្មី និង​ថ្នាំ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ការ​ផលិត​កោសិកា​ទាំង​អស់​នៃ​ខួរ​ឆ្អឹង​ធ្លាក់​ចុះ ជា​ហេតុ​នាំ​ឲ្យ​កោសិកា​ឈាម​ស​ធ្លាក់​​ចុះ និង​​កើត​ជំងឺ​ស្លេកស្លាំង​។

    ២. ​ជំងឺ​ខួរ​ឆ្អឹង​

    ក្នុង​លក្ខខណ្ឌ​នេះ ខួរ​ឆ្អឹង​មិន​ផលិត​កោសិកា​ឈាម​ស​គ្រប់គ្រាន់​ ឬ​​ផលិត​កោសិកា​​ឈាម​ស​ប្រភេទ​ណា​មួយ​ច្រើន​ជ្រុល​ ដែល​នាំ​ឲ្យ​ខ្វះ​កោសិកា​ឈាម​ស​ប្រភេទ​ដទៃ​ទៀត ហើយ​វា​បង្ក​ឡើង​ដោយ​ជំងឺ​​មហារីក​myelodysplastic syndrome ជំងឺ​មហារីក​គ្រាប់​ឈាម​ស  កង្វះ​វីតាមីន​B12 និង​ហ្វូឡេត​។

    ​៣. ជំងឺ​មហារីក​​រាលដាល​ដល់​ខួរ​ឆ្អឹង​

    ចំពោះ​ជំងឺ​មហារីក​ដែល​រាលដាល​ដល់​ខួរ​ឆ្អឹង​អាច​បង្ក​ជា​ជំងឺ​គ្រាប់​ឈាម​ស​ធ្លាក់​ចុះ  ដែល​ជា​ទូទៅ កើត​ឡើង​​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​មហារីក​កូន​កណ្ដុរ និង​ជំងឺ​មហារីក​ដទៃ​ទៀត​។

    កោសិកាឈាមស

    ៤. ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង

    ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មិន​ស្គាល់​កោសិកា​របស់​ខ្លួន​ និង​ចាប់ផ្ដើម​វាយ​ប្រហារ​ប្រឆាំង​នឹង​​កោសិកា​ទាំង​នោះ។ ក្នុង​ករណី​​ដែល​គ្រាប់​ឈាម​​ស​ធ្លាក់​ចុះ កោសិកា​ឈាម​ស​​ត្រូវ​បាន​​ចាត់​ទុក​ថា​ជា​វត្ថុ​ចម្លែក​ និង​ត្រូវ​បាន​វាយ​ប្រហារ​។

    ៥. ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ស​ក្នុង​រាងកាយ​ចុះ​ខ្សោយ និង​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​កោសិកា​ឈាម​ស​ធ្លាក់​ចុះ។

    ៦. អណ្ដើក​រីក​ធំ

    នេះ​បណ្ដាល​មក​ពី​ការ​រីក​ធំ​នៃ​អណ្ដើក​ (សរីរាង្គ​ម្យ៉ាង​ក្នុង​ខ្លួន​) ដែល​បំផ្លាញ​កោសិកា​ឈាម​ ជា​ហេតុ​នាំ​ឲ្យ​គ្រាប់​ឈាម​​ស​ធ្លាក់​ចុះ ក៏​ដូចជា​កើត​ជំងឺ​ស្លេកស្លាំង​។

    ៧. លក្ខខណ្ឌ​សុខភាព​ដទៃ​ទៀត​

    ចំណែក​ឯ​លក្ខខណ្ឌ​សុខភាព​ដទៃ​ទៀត​អាច​បង្ក​ឲ្យ​មាន​បញញហា​នេះ មាន​ដូចជា​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ដោយ​សារ​ខួរ​ឆ្អឹង​ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ  ការ​ឆ្លង​ប៉ារ៉ាស៊ីត កង្វះ​វីតាមីន​ ជំងឺ​គ្រុន​ចាញ់​ ជំងឺ​គ្រុន​ឈាម​ ឫ​ជំងឺ​របេង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម