អ្នកជំងឺទឹកនោមផ្អែមមួយចំនួនគិតថាការរំលងពេលញុំាអាហារអាចធ្វើឲ្យស្រកទម្ងន់ និងកម្រិតជាតិស្ករក្នុងឈាម។ តាមពិតការរំលងពេលញុំាអាហារអាចធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរទៅវិញទេ។ តើអ្នកជំងឺទឹកនោមផ្អែមអាចមានបញ្ហាសុខភាពអ្វីខ្លះ បើរំលងពេលញុំាអាហារ?
១. កម្រិតជាតិស្ករក្នុងឈាមគ្មានស្ថិរភាព
ប្រសិនបើយើងរំលងម៉ោងពេលញ៉ាំអាហារ ថ្លើមរបស់យើងនឹងផលិតជាតិស្ករច្រើនដើម្បីផ្តល់ថាមពលដល់រាងកាយ មុនពេលជាតិស្ករក្នុងឈាមរបស់យើងធ្លាក់ចុះដែលបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងកាន់តែខ្ពស់ ព្រោះថាក្នុងឈាមអ្នកជំងឺទឹកនោមផ្អែមមានជាតិស្ករខ្ពស់ស្រាប់ហើយ។ ពេលណាជាតិស្ករក្នុងឈាមឡើងខ្ពស់ យើងអាចក្អួត ឃ្លាន ឬស្រេកទឹកខ្លាំង បេះដូងលោតញាប់ ឬមើលមិនច្បាស់ជាដើម។
កម្រិតជាតិស្ករក្នុងឈាមយើងនឹងធ្លាក់ចុះវិញបន្ទាប់ពីឡើងខ្ពស់ ដែលបណ្តាលឱ្យយើងឈឺក្បាល អស់កម្លាំង ចង់ក្អួត និងទល់លាមក។ បើយើងនៅតែបន្តមិនញុំាអាហារ យើងអាចបាត់បង់ស្មារតី ឬប្រកាច់ព្រោះរាងកាយយើងគ្មានថាមពលគ្រប់គ្រាន់។
២. ធាត់
ការរំលងមិនញុំាអាហារអាចធ្វើឱ្យយើងញ៉ាំលើសកម្រិតនៅពេលក្រោយ និងអាចធ្វើឱ្យយើងញុំាអាហារដែលមិនល្អចំពោះសុខភាពដោយសារការឃ្លានជ្រុល។ ប្រសិនបើយើងញ៉ាំច្រើនជ្រុលញឹកញាប់អាចនាំឱ្យយើងឡើងទម្ងន់។
វិទ្យាស្ថានជាតិជំងឺទឹកនោមផ្អែម ជំងឺទាក់ទងប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមនៅសហរដ្ឋអាមេរិក (NIDDK) បានលើកឡើងថា ការលើសទម្ងន់ ឬធាត់ប៉ះពាល់ដល់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ហើយអាចនាំឱ្យមានផលវិបាកដូចជាជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
៣. អារម្មណ៍មិនល្អ
ការរំលងពេលញុំាអាហារ ឬការញុំាអាហារមិនទៀងពេលអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះដែលធ្វើឱ្យយើងមានអារម្មណ៍ច្របូកច្របល់ ថប់បារម្ភ និងមួម៉ៅ។
៤. ថ្នាំគ្មានប្រសិទ្ធភាព
ការរំលងពេលញុំាអាហារអាចនឹងធ្វើឱ្យបាត់បង់តុល្យភាពរវាងអាហារ និងថ្នាំទឹកនោមផ្អែម ដែលធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាបពេក ឬឡើងខ្ពស់ពេក និងអាចបណ្តាលឱ្យមានគ្រោះថ្នាក់។
អ្នកជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោងពេលញុំាអាហារ ឬញុំាអាហារមិនទៀងពេលទេព្រោះ ការធ្វើបែបនេះធ្វើឱ្យជាតិស្ករក្នុងឈាមគ្មានស្ថិរភាព។ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមយើងគួរញុំាអាហារ ១ ថ្ងៃ ៣ ដងឱ្យទៀងពេល ញុំាអាហារសម្រន់ ញុំាទឹក ២ លីត្រក្នុង ១ថ្ងៃ ហាត់ប្រាណឱ្យបានទៀងទាត់ និងកាត់បន្ថយភាពតានតឹងក្នុងចិត្ត។
[embed-health-tool-bmi]