backup og meta

អ្នកជំងឺទឹកនោមផ្អែមមិនឃ្លានអាហារនឹងជួបបញ្ហា​អ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 29, 2022

    អ្នកជំងឺទឹកនោមផ្អែមមិនឃ្លានអាហារនឹងជួបបញ្ហា​អ្វីខ្លះ?

    សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ការ​ញ៉ាំ​អាហារ​មាន​សុខ​ភាព​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ថេរ​ល្អ​ពេញ​មួយ​ថ្ងៃ គឺ​មាន​សារ​សំខាន់​ណាស់​សម្រាប់​ផែនការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​។ ប៉ុន្តែ​បើ​អ្នកជំងឺ​ទឹកនោម​ផ្អែម​មិន​ឃ្លាន​អាហារ តើ​នឹង​មាន​អ្វី​កើត​ឡើង? អាច​អត់​ញ៉ាំ​បាន​ឬ​អត់?

    . ហានិភ័យ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិនឃ្លាន​អាហារ​

    អ្នក​ជំនាញ​ខាង​ចំណី​អាហារ​អះអាង​ថា ការ​រំលង​ពេល​ញ៉ាំ​អាហារ​មិន​មាន​សុវត្ថិ​ភាព​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។ ជំងឺ​ទឹក​នោម​ផ្អែម​ កើត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​ប្រើ​ប្រាស់​អាំងស៊ុយ​លីន​មិន​បាន​ត្រឹម​ត្រូវ ឬ​ក៏​រាង​កាយ​លែង​ផលិត​អាំង​ស៊ុយ​លីន​។ អាំងស៊ុយ​លី​ន​ជួយ​ដល់​រាង​កាយ​ក្នុង​ការ​ប្រើ​ប្រាស់​ស្ករ​ក្នុង​ឈាម​ពី​កាបូអ៊ីដ្រាត​សម្រាប់​ថាមពល។ ​នៅ​ពេល​មួយ​ដែល​អាំងស៊ុយ​លីន​លែង​ធ្វើ​ការ ស្ករ​ក្នុង​ឈាម​អាច​កើន​ឡើង​​នៅ​ក្នុង​ចរន្ត​ឈាម​ និង​ឈាន​ដល់​ដំណាក់​កាល​កើត​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​អាច​នឹង​មាន​ផលវិបាក​មក​ជាមួយ​ដែរ​។

    បើ​សិន​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​ញ៉ាំ​អាហារ ឬ​រំលង​ពេល​ញ៉ាំ​អាហារ អាច​នឹង​ធ្វើ​ឲ្យធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​បញ្ហា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​គ្រោះ​ថ្នាក់ ឬ​អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​បាន​ទៀត​ផង​។ នៅ​ពេល​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​កាន់តែ​ធ្ងន់​ធ្ងរ និង​មិន​មាន​ការ​ព្យាបាល​​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ប្រកាច់ ឬ​បាត់បង់​ស្មារតី។ បើ​សិន​ជា​បញ្ហា​ឡើង​ជាតិ​ស្ករ​បន្ត​កាន់តែ​យូរ អាច​នាំ​ឲ្យ​មានការ​ខូច​ខាត​ដល់​ប្រព័ន្ធ​ប្រសាទ សរសៃឈាម និង​សរីរាង្គ​ផ្សេងៗ​ទៀត​។​

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ការ​បាត់​បង់​ចំណង់​អាហារ ឬ​រំលង​ពេល​ញ៉ាំ​អាហារ ​អាច​នាំ​អ្នក​ជំងឺ​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​បន្ទាប់ ដែល​អាច​នាំ​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច​នេះ​ហើយ ជា​ការ​ចាំ​បាច់​ណាស់​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ញ៉ាំ​អាហារ​តិច​ល្មម​​បី​ពេល​ក្នុង​មួយ​ថ្ងៃ​ និង​គួរ​ទុក​គម្លាត​ក្នុង​ការ​ញ៉ាំ​យូរ​ជាង​៤​ទៅ​៥​ម៉ោង​នោះ​ទេ​​។​​​​​​

    មិនចង់ញ៉ាំ

    . មូលហេតុ​ចំណង់​អាហារ​ថយ​ចុះ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

    ជា​ទូទៅ​ជំងឺ​ទឹកនោម​ផ្អែម​មិន​បង្ក​ឲ្យ​មាន​បញ្ហា​បាត់​បង់​ចំណង់​អាហារ​ទេ ប៉ុន្តែ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែំ​អាច​បាត់​បង់​ចំណង់​អាហារ​ដោយ​ហេតុ​ផល​មួយ​ចំនួន​ ខ្លះ​មាន​ទាក់​ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ខ្លះ​ក៏​មិន​ទាក់​ទង​ដែរ​។ បញ្ហា​ទាំង​នោះ​រួម​មាន​៖​

    ជំងឺ​ក្រពះ៖ ជំងឺ​ក្រពះ​កើត​ឡើង​នៅ​​ពេល​អាហារ​នៅ​ក្នុង​ក្រពះ​យូរ​ដោយ​សារ​តែ​ប្រព័ន្ធ​ប្រសាទ​​ដែល​តែងតែ​ជួយ​កន្ត្រាក់​សាច់​ដុំ​ដើម្បី​រុញ​អាហារ​ឲ្យ​ទៅ​ពោះ​វៀន​ខូច​ខាត​។ នេះ​គឺ​ជា​ផល​វិបាក​កើត​ចេញ​ពី​ជំងឺ​ទឹក​នោម​ផ្អែម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមាគម​ជំងឺ​ទឹកនោម​ផ្អែម​អាមេរិក​។​

    ជំងឺ​បាក់​ទឹក​ចិត្ត​៖ មាន​ការ​អះអាង​ថា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម មាន​ហានិ​ភ័យ​ខ្ពស់​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ ហើយ​ជំងឺ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាត់​បង់​ចំណង់​អាហារ។ ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ខ្លះ​មាន​អារម្មណ៍​ស្ត្រេស និង​អាច​ឈាន​ដល់​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​។​

    អត្ថបទគួរអាន៖

    ផល​រំខាន​របស់​ថ្នាំ៖ ថ្នាំ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​​ជួយ​អ្នក​ជំងឺ​ឲ្យ​គ្រប់គ្រងកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្តែ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​ចំណង់​អាហារ​ដែរ​។ ថ្នាំ​ផ្សេង​ទៀត សម្រាប់​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​ក៏​អាច​ធ្វើ​​ឲ្យ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​បាត់​បង់​ចំណី​អាហារ​ដែរ​។ ក្នុង​ករណី​យើង​បាត់​បង់​ចំណង់​អាហារ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ដើម្បី​បាន​ដំណោះ​ស្រាយ​ល្អ​ និង​ដឹង​ពិត​ថា​មកពី​ថ្នាំ​ឬ​យ៉ាង​ណា​។

    ពេល​ឈឺ៖ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ក៏​អាច​កើត​​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយ​ធំ​ដែរ ដែល​អាច​រំខាន​ដល់​ចំណង់​អាហារ​។ ​បើ​សិន​ជា​យើង​បាត់​បង់​ចំណង់​អាហារ​ដោយ​សារ​តែ​ជំងឺ ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ថា​អាច​ត្រូវ​ផ្លាស់​ប្ដូរ​ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម​។

    គ្រប់​គ្រង​ជំងឺ​មិន​បាន​ល្អ៖ អ្នក​ជំនាញ​ខាង​ជំងឺ​ទឹក​នោម​ពន្យល់​ថា​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​មិន​បាន​ល្អ បង្ក​ឲ្យ​ជាតិ​ស្ករ​ឡើង​ជាប់​ជា​ប្រចាំ​ ក៏​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​បាត់​បង់​ចំណង់​អាហារ​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម