ជំងឺទឹកនោមផ្អែម៖ សញ្ញាព្រមានអាចកើតមានលើស្បែក
ជំងឺទឹកនោមផ្អែម អាចបង្កឲ្យមានផលប៉ះពាល់ច្រើនកន្លែងលើរាងកាយរបស់យើង រួមទាំងស្បែកផងដែរ។ ពេលជំងឺទឹកនោមផ្អែមបង្កផលប៉ះពាល់លើស្បែក វាជាសញ្ញាបង្ហាញថាកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ការណ៍នេះមានន័យថាយើងអាចកើតជំងឺទឹកនោមផ្អែម ឬត្រៀមកើតជំងឺទឹកនោមផ្អែម ឬបើយើងមានជំងឺទឹកនោមផ្អែមស្រាប់ ការថែទាំរបស់យើងមិនបានត្រឹមត្រូវល្អ។

បើសិនជាគ្នាយើងមានឃើញសញ្ញាទាំងនេះនៅលើស្បែក ជាពេលដែលយើងគួរជួបពិភាក្សាជាមួយគ្រូពេទ្យហើយ។
១. ស្នាមក្រហម លឿង ឬត្នោត នៅលើស្បែក
ស្ថានភាពស្បែកប្រភេទនេះ ច្រើនចាប់ផ្ដើមឡើងពីស្នាមពកតូចៗដូចជាមុនអ៊ីចឹង។ ស្នាមពកតូចៗក៏ចាប់ផ្ដើមវិវត្តទៅជាបន្ទះហើម និងរឹងនៅលើស្បែក។ ស្នាមបន្ទះៗនេះអាចមានពណ៌លឿង ក្រហម ឬត្នោត។
ក្រៅពីនេះយើងអាចមើលឃើញសរសៃឈាម ស្បែករមាស់ និងឈឺចាប់ ហើយក៏អាចមានជំងឺស្បែកកើតឡើងញឹកញាប់ផងដែរ។
បើចេញសញ្ញាបែបនេះ យើងគួរទៅធ្វើតេស្តជំងឺទឹកនោមផ្អែម ឬបើយើងជាអ្នកជំងឺទឹកនោមផ្អែមស្រាប់ត្រូវពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានការព្យាបាលត្រឹមត្រូវ និងគ្រប់គ្រងជំងឺបានល្អ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. ស្នាមខ្មៅនៅតំបន់ណាមួយលើស្បែក
ស្នាមខ្មៅនៅលើស្បែក អាចមានសមភាពគ្រើមដូចកំណាត់សំពត់ មានកើតនៅត្រង់កផ្នែកខាងក្រោយ ក្លៀក ឬក្រលៀន ឬអាចកន្លែងផ្សេងទៀត ដែលនេះអាចមានន័យថាមានកម្រិតអាំងស៊ុយលីនខ្ពស់ក្នុងឈាម។ សញ្ញានេះ ច្រើនជាសញ្ញាបញ្ជាក់ថាយើងត្រៀមកើតជំងឺទឹកនោមផ្អែម។ បើឃើញមានសញ្ញានេះ គ្នាយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យ និងធ្វើតេស្តជំងឺទឹកនោមផ្អែម។

៣. ស្បែកឡើងក្រាស់ និងរឹង
ពេលស្បែកនៅម្រាមដៃ ម្រាមជើង ឬទាំងពីវិវត្តទៅជាសភាពបែបនេះ គេហៅជាភាសាបច្ចេកទេសថាdigital sclerosis ។ ក្រៅពីស្បែកឡើងរឹង និងក្រាស់ ម្រាមដៃរបស់យើងក៏អាចពិបាកធ្វើចលនាផងដែរ។ បើសិនជាអ្នកជំងឺទឹកនោមផ្អែម គ្រប់គ្រងជំងឺមិនបានល្អអស់រយៈពេលរាប់ឆ្នាំ នោះយើងអាចនឹងមានអារម្មណ៍ថាមានគ្រាប់ថ្មតូចៗ(pebbles)នៅក្នុងម្រាមដៃដូច្នោះដែរ។
ស្បែកឡើងក្រាស់ រឹង ពេលខ្លះក៏អាចរាលដាលទៅដល់មុខ ស្មា និងចង្កាផងដែរ។ ករណីកម្រខ្លះ ស្បែកនៅជង្គង់ កែងដៃ និងកែងជើង ក៏អាចឡើងរឹងបែបនេះដែរ ដែលធ្វើឲ្យយើងពិបាកលាតជើង ឬបត់ដៃចុះឡើង។ កន្លែងដែលមានស្បែកឡើងរឹង និងក្រាស់បែបនេះ ច្រើនមានសណ្ឋានដូចទៅនឹងសម្បកក្រូចដែរ។
អត្ថទពាក់ព័ន្ធ៖
បញ្ហាស្បែកប្រភេទនេះ ច្រើនកើតមានលើអ្នកមានផលវិបាកជំងឺទឹកនោមផ្អែម ឬជំងឺទឹកនោមផ្អែមដែលពិបាកគ្រប់គ្រង។ បើមានចេញសញ្ញានេះនៅលើស្បែក អ្នកជំងឺទឹកនោមផ្អែម ត្រូវពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានវិធីគ្រប់គ្រងជំងឺទឹកនោមផ្អែមបានកាន់តែប្រសើរ។
៤. ពងថ្លាៗលើស្បែក
វាជាករណីកម្រ ប៉ុន្តែអ្នកមានជំងឺទឹកនោមផ្អែម អាចឃើញពងថ្លាៗនេះកើតឡើងភ្លាមនៅលើស្បែក។ អ្នកជំងឺអាចឃើញពងថ្លាធំ ឬក៏មានជាចង្កោម ឬទាំងពីរប្រភេទ។ ពងថ្លាៗទាំងនេះ ច្រើនកើតមាននៅលើដៃ ជើង ប្រអប់ជើង ឬកំភួនដៃ ដែលមើលទៅពងនេះដូចកើតឡើងដោយសារការរលាកអ៊ីចឹងដែរ។ ខុសពីពងថ្លាៗកើតឡើងពីការរលាកដែលការឈឺចាប់ ពងថ្លាៗនេះមិនមានការឈឺចាប់នោះទេ។
បើមានបញ្ហាទាំងនេះ អ្នកជំងឺទឹកនោមផ្អែមគួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីបានការពិនិត្យ ព្យាបាលត្រឹមត្រូវបង្ការការឆ្លងរោគ និងបានដឹងពីវិធីគ្រប់គ្រងកុំឲ្យមានពងបែបនេះកើតឡើងទៀត។
៥. ឆ្លងរោគនៅស្បែក
អ្នកមានជំងឺទឹកនោមផ្អែម អាចប្រឈមនឹងរោគឆ្លងលើស្បែក។ បើសិនជាមានបញ្ហារោគឆ្លងលើស្បែក អ្នកជំងឺអាចនឹងសង្កេតឃើញមាន អាការៈរលាក ហើម លើស្បែក និងឈឺចាប់។ ក្រៅពីនោះក៏អាចចេញរមាស់ ហើយពេលខ្លះអាចមានពងថ្លាតូចៗ និងស្បែកអាចស្ងួតបែកស្រកាផង។
រោគឆ្លងនេះ អាចកើតមាននៅគ្រប់កន្លែងនៃរាងកាយ រួមទាំងចន្លោះម្រាមជើង នៅក្រចក និងស្បែកក្បាល។ បើបញ្ហានេះកើតមានជាយូរឆ្នាំ នោះអាចដែរថាយើងបានកើតជំងឺទឹកនោមផ្អែម ឬកំពុងត្រៀមកើតជំងឺទឹកនោមផ្អែម។