ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃដោយសារមានការកើនឡើងកម្រិតជាតិស្ករក្នុងឈាមដែលផ្ដល់នូវផលវិបាកធ្ងន់ធ្ងរដល់សរីរាង្គអ្នកជំងឺជាច្រើនដូចជាធ្វើឲ្យប៉ះពាល់ដល់បាតភ្នែក តម្រងនោម និងសរសៃប្រសាទ។ ដូចគ្នាដែរស្បែកអ្នកជំងឺទឹកនោមផ្អែមក៏រងផលប៉ះពាល់ជាញឹកញាប់។ តាមតួលេខបង្ហាញថាប្រហែល១ភាគ៣នៃអ្នកជំងឺទឹកនោមផ្អែមមានបញ្ហាដំបៅរ៉ាំរ៉ៃលើស្បែក។ ក្នុងករណីដំបៅធ្ងន់ធ្ងរបំផុតគឺអាចឈានដល់ការកាត់ចេញទៀតផង។ ខាងក្រោមនេះជាគន្លឹះក្នុងការថែរក្សាស្បែកសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម៖
១- ត្រួតពិនិត្យជំងឺ
សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមត្រូវគ្រប់គ្រងកម្រិតជាតិស្កឲ្យបានល្អ និងត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យអំពីរបបអាហារ ការហាត់ប្រាណ និងការប្រើប្រាស់ថ្នាំជាដើម។
ការរក្សាកម្រិតជាតិស្កតាមកម្រិតកំណត់មួយតាមការណែនាំរបស់គ្រូពេទ្យ អ្នកជំងឺទឹកនោមផ្អែមអាចបញ្ឈប់ស្ថានភាពមិនល្អលើស្បែកបាន បើទោះបីជាយើងធ្លាប់ជួបផលវិបាកកន្លងមកហើយក៏ដោយ។
២- ងូតទឹកសម្អាតខ្លួនឲ្យបានល្អ
ពេលងូតទឹក អ្នកជំងឺទឹកនោមផ្អែមគួរប្រើទឹកក្ដៅឧណ្ហៗ និងសាប៊ូដែលមានជាតិសំណើមតិច និងសាប៊ូកក់សក់ធម្មតា។ បើអ្នកជំងឺប្រើផលិតផលថែរក្សាស្បែកមិនត្រឹមត្រូវ អាចធ្វើឲ្យស្បែកកាន់តែឆាប់ស្ងួត។
អ្នកជំងឺត្រូវរក្សាស្បែកលើកន្លែងមួយចំនួននៃរាងកាយឲ្យបានស្អាតដូចជាម្ដុំក្លៀក មេជើង កន្លែងក្រោមសុដន់ និងក្រលៀនដោយជូតសម្អាតកន្លែងទាំងនេះថ្នមៗ។
ក្នុងករណីអ្នកជំងឺមានបញ្ហាស្បែកងាយប្រតិកម្ម ត្រូវចៀសវាងការលាងសម្អាតដោយប្រើសាប៊ូ ឬអ្វីមួយមានក្លិនក្រអូបខ្លាំងពេក។
អត្ថបទពាក់ព័ន្ធ៖
- អ្នកជំងឺទឹកនោមផ្អែមបើមានឧបករណ៍មួយនេះ ជួយសម្រួលបានច្រើន
- អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង
- កើតទឹកនោមផ្អែម ក៏អាចពពោះដោយសុវត្ថិភាព ហើយនេះជាវិធីសាស្ត្រ!
៣- រក្សាសំណើមស្បែកឲ្យបានល្អ
បញ្ហារមាស់ដែលបណ្ដាលមកពីស្បែកស្ងួតជាក្ដីកង្វល់មួយរបស់អ្នកជំងឺទឹកនោមផ្អែម។ កាលណាស្បែកស្ងួតងាយនឹងរលាក រមាស់ និងងាយឆ្លងមេរោគផ្សេងៗ។ ផលិតផលថែរក្សាស្បែកមួយចំនួន អាចរក្សាសំណើមបានយូរក្រោយពីលាងសម្អាតខ្លួនរួច។ ដូចនេះអ្នកជំងឺគួរតែ៖
-រក្សាស្បែកឲ្យមានសំណើមនឹងជួយកាត់បន្ថយរមាស់ និងការអេះខ្វាចដែលអាចបណ្ដាលឲ្យខូចស្បែក និងឆ្លងមេរោគ។
-យកចិត្តទុកដាក់បន្ថែមទៀតចំពោះជើងទាំងពីររបស់ខ្លួនកុំឲ្យស្បែកស្ងួតពេក ព្រោះស្បែកស្ងួតអាចបណ្ដាលឲ្យរមាស់ខ្លាំង។
៤-ការប្រើប្រាស់ទ្រនាប់ជើង
ការប្រើទ្រនាប់ជើងមិនសមស្របអាចបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមមានបញ្ហាស្បែកលើជើង ដូចជា ពងបែក ដំបៅក្រិន។ ដូច្នោះអ្នកជំងឺគួរតែពាក់ទ្រនាប់ជើងឲ្យមានសុវត្ថិភាពត្រឹមត្រូវ និងពិគ្រោះជាមួយគ្រូពេទ្យដើម្បីសុំដំបូន្មានអំពីការប្រើប្រាស់ស្បែកជើងឲ្យបានសមស្របសម្រាប់ខ្លួនយើង។
ចំពោះសម្លៀកបំពាក់ អ្នកជំងឺទឹកនោមផ្អែមគួរស្លៀកពាក់បែបណាកុំឲ្យរំខានដល់ស្បែក ពោលគឺស្លៀកពាក់បែបរលុងៗដែលធ្វើឲ្យស្បែកមិនស្ងួត មិនរមាស់ មិនរលាក។ ជាងនេះទៅទៀតការបោកគក់សំលៀកបំពាក់គួរ ជ្រើសរើសសាប៊ូមានក្លិនស្រាល មិនក្រអូបពេកដើម្បីប្រើប្រាស់។
៥-ចៀសវាងបាត់បង់ជាតិទឹក
អ្នកជំងឺទឹកនោមផ្អែម ចាំបាច់រក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ និងចៀសវាងការប៉ះពន្លឺព្រះអាទិត្យ ឬម៉ាស៊ីនត្រជាក់យូរពេក ដែលអាចធ្វើឱ្យស្បែកស្ងួតបង្កទៅជារមាស់ ឬរលាក បាន។
[embed-health-tool-bmi]