ជំងឺមហារីកក្រពេញទឹកមាត់ ជាប្រភេទជំងឺកម្រមួយដែលកោសិកាមហារីកកើតមាននៅក្នុងជាលិកាក្រពេញទឹកមាត់។ ក្រពេញទឹកមាត់មាននាទីបង្កើតទឹកមាត់ និងបញ្ចេញទឹកមាត់នៅក្នុងមាត់។ ទឹកមាត់មានអង់ហ្សីម ដែលអាចជួយដល់ការរំលាយអាហារ និងអង់ទីករ ប្រឆាំងនឹងរោគឆ្លងផ្សេងៗនៅក្នុងមាត់ និងបំពង់ក។
១. រោគសញ្ញាជំងឺមហារីកក្រពេញទឹកមាត់
អ្នកកើតជំងឺមហារីកក្រពេញទឹកមាត់ អាចនឹងមិនមានចេញរោគសញ្ញាដែរ។ ជំងឺនេះអាចរកឃើញនៅពេលមានការពិនិត្យសុខភាពមាត់ធ្មេញ ឬពិនិត្យសុខភាពទូទៅណាមួយ។ បើមានចេញរោគសញ្ញាទាំងនេះ គ្នាយើងគួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងច្បាស់ថាជារោគសញ្ញាមហារីកក្រពេញទឹកមាត់ ឬក៏ជាបញ្ហាសុខភាពផ្សេងទៀត។
- ហើមកូនកណ្ដុរ (ជាទូទៅមិនឈឺចាប់) នៅក្បែរត្រចៀក ថ្ពាល់ ចង្កា បបូរមាត់ ឬនៅក្នុងមាត់
- មានសារធាតុរាវចេញតាមត្រចៀក
- ជួបបញ្ហាពិបាកលេបអាហារ ឬហាមាត់មិនបានធំ
- មានអារម្មណ៍ស្ពឹកលើផ្ទៃមុខ
- ឈឺនៅលើផ្ទៃមុខមិនបាត់
ការធ្វើរោគវិនិច្ឆ័យលើជំងឺនេះគ្រូពេទ្យអាចពិនិត្យរាងកាយ សួរនាំពីប្រវត្តិជំងឺ ពិនិត្យដោយប្រើCT Scan ឬMRI ឬអាចច្រឹបសាច់ពិនិត្យ។ ជាមួយគ្នានោះដែរ ដោយសារតែជំងឺមហារីកក្រពេញទឹកមាត់ជាប្រភេទជំងឺពិបាកធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យអាចស្នើសុំយកសំណាកជាលិកាអ្នកជំងឺដើម្បីពិនិត្យដោយគ្រូពេទ្យជំនាញ មានឯកទេសច្បាស់លាស់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្រពេញទឹកមាត់។
វិធីសាស្រ្តក្នុងការព្យាបាលមានដូចជាវះកាត់ ប្រើវិទ្យុសកម្ម និងប្រើគីមី អាស្រ័យទៅលើស្ថានភាពជំងឺ និងជម្រើសដែលគ្រូពេទ្យយល់ថាសមស្រប។
២. កត្តាប្រឈម
កត្តាដែលអាចធ្វើឲ្យយើងមានឱកាសកើតជំងឺណាមួយ ហៅថាកត្តាប្រឈម។ រាល់កត្តាប្រឈមទាំងអស់មិនមែនសុទ្ធតែបង្កឲ្យយើងកើតជំងឺមហារីកនោះទេ ហើយអ្នកមិនជួបកត្តាប្រឈម ក៏មិនប្រាកដថាមិនកើតនោះដែរ។ ទោះបីជាមូលហេតុជាក់លាក់នៃជំងឺមហារីកក្រពេញទឹកមាត់នៅមិនទាន់ដឹងច្បាស់ តែថាកត្តាប្រឈមមួយចំនួនអាចធ្វើឲ្យកើតជំងឺនេះបាន។
- កត្តាអាយុ មានវ័យចំណាស់
- ធ្លាប់ព្យាបាលជំងឺនៅក្បាល និងក ដោយវិទ្យុសកម្ម
- ប៉ះពាល់ដោយផ្ទាល់នូវសារធាតុជាក់លាក់មួយចំនួននៅកន្លែងធ្វើការ
៣. មហារីករាលដាលបានយ៉ាងដូចម្ដេច?
មហារីកអាចរាលដាលទៅកន្លែងផ្សេងនៃរាងកាយបានតាមរយៈវិធីបីយ៉ាង៖
ជាលិកា៖ មហារីក រាលដាលចេញពីកន្លែងកើតដំបូង ទៅកាន់កន្លែងផ្សេងៗទៀតនៃរាងកាយក្បែរៗនោះ។
ប្រព័ន្ធទឹករងៃ៖ មហារីកអាចរាលដាលពីកន្លែងដែលកើត ដោយចូលទៅក្នុងប្រព័ន្ធទឹករងៃ ហើយមហារីកក៏ធ្វើដំណើរតាមសរសៃប្រព័ន្ធទឹករងៃទៅផ្នែកផ្សេងទៀតនៃរាងកាយ។
ឈាម៖ មហារីក អាចឆ្លងពីកន្លែងដែលកើតតាមរយៈឈាម។ មហារីកធ្វើដំណើរតាមសរសៃឈាមទៅកន្លែងផ្សេងទៀតនៃរាងកាយ។
[embed-health-tool-bmi]